ខេត្តកំពង់ចាម ៖ គោញីចំនួន២ក្បាលមេ និងកូនដែលចងឲ្យស៊ីស្មៅនៅវាលស្រែ ស្ថិតក្នុងភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ កាលពីរសៀលថ្ងៃទី៩ កុម្ភៈ ត្រូវបានចោរជើងឆើត២នាក់ មកស្រាយយកទៅបាត់១ក្បាលកាប់សាច់លក់ តែត្រូវម្ចាស់គោប្តឹងសមត្ថកិច្ចចុះស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ឈ្មោះផ្លយ ញ៉ុញ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយនឹងម្ចាស់គោ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
តាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ឯម កុសល អធិការនគរបាលស្រុកមេមត់ថា ម្ចាស់គោខាងលើឈ្មោះឯម អន ភេទប្រុស អាយុ៦១ឆ្នាំ ។ នៅមុនពេលកើតហេតុម្ចាស់បានយកគោចំនួន២ក្បាល ទៅចងឲ្យស៊ីស្មៅនៅវាលស្រែចំងាយពីផ្ទះប្រហែលជាង៤០០ម៉ែត្រ តាំងពីព្រឹកម៉្លេះ ។ លោកបានបន្តថា នៅវេលាម៉ោង៥ល្ងាចបុរសជាម្ចាស់គោបានដើរទៅដល់កន្លែងចងគោនោះ បែរជាឃើញតែមេគោដោយបាត់កូនគោញី១ក្បាល ក៏ប្រញាប់ប្រញាល់ដឹកមកផ្ទះ ហើយបានហៅសមាជិកក្រុមគ្រួសារនាំគ្នាដើរតាមរក។ លុះមកដល់ម៉ោង១១យប់ ស្រាប់តែប្រទះឃើញជនសង្ស័យឈ្មោះឆេង វិត ជិះម៉ូតូឌុបឈ្មោះផ្លយ ញ៉ុញ ចេញពីចំណុចព្រៃរនាម នៅខាងជើងភូមិមានបាវច្រកសាច់គោ និងឆ្អឹងគោចំនួន២បាវ ស្របពេលដែលឃើញមនុស្សនៅខាងមុខ ក៏គេចទៅបាត់ ។ ខណៈដើរតាមរកពីកន្លែងមួយទៅកន្លែងមួយនៅក្នុងព្រៃរបោះ ក៏បានប្រទះឃើញក្បាលគោ១ក្បាលនៅក្នុងចំការដំឡូងមី តាមការពិនិត្យឃើញស្បែកគោពិតជាកូនគោញីដែលបាត់នោះយ៉ាងពិតប្រាកដមែន ។
ដោយឡែកនៅព្រឹកថ្ងៃទី១០ កុម្ភៈ ម្ចាស់គោបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំកំពាន់ ដើម្បីឲ្យជួយអន្តរាគមន៍តាមចាប់ជនកំហូច២នាក់នោះ ។ ក្រោមកិច្ចសហការល្អជាមួយនឹងម្ចាស់គោនៅម៉ោង១០ព្រឹក ក៏តាមរកឃើញជនសង្ស័យឈ្មោះផ្លយ ញ៉ុញ ដែលកំពុងតែជិះម៉ូតូតាមផ្លូវ តែជននេះមិនបានឲ្យសមត្ថកិច្ចចាប់តាមសម្រួលនោះទេ ថែមទាំងប្រើកម្លាំងបាយប្រវាយប្រតប់មកលើសមត្ថកិច្ចទៀតផង៕
ចែករំលែកព័តមាននេះ