ក្រុងហ្លួងប្រាបាង បានក្លាយជាគោលដៅទេសចរណ៍ដំបូងដ៏ល្អបំផុតក្នុងឆ្នាំ២០១០ តាមការរៀបចំលំដាប់ថ្នាក់របស់ទស្សនាវដ្ដីទេសចរណ៍ Wanderlust Travel ខណៈដែលក្រុងតូក្យូ របស់ជប៉ុនស្ថិតក្នុងលំដាប់ទី៥ ។
ទស្សនាវដ្ដីខាងលើបានប្រកាសពីលទ្ធផល ដែល Wanderlust Travel Award បានធ្វើជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០១០ ក្រុងហ្លួងប្រាបាង បានទទួលតំណែងជាទិសដៅទេសចរណ៍លំដាប់ទី១ ទទួលបានសំលេង ៩៤,៧៥% បន្ទាប់មកគឺ ទីក្រុងសៀណា ប្រទេសអ៊ីតាលី មានសំលេង៩៤,៦៧% និងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់មាន ៩៤,១៥% ។ ក្រុងហ្លួងប្រាបាងគ្រប់គ្រងលំដាប់ទី១ ចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ នៅមុនពេលបាត់បង់តំណែងជាក្រុងទេសចរណ៍ ដោយធ្លាក់ទៅលំដាប់ទី៧ក្នុងឆ្នាំ ២០០៩ ព្រោះទីក្រុងនេះមិនអាចរក្សាភាពស្រស់ស្អាត ភាពគួរឱ្យទាក់ទាញចិត្ដ និងទេសភាពល្អដូចកាលពីមុន ។ នេះបើតាមរយៈការបង្ហើបឱ្យដឹងរបស់លោកខាំតាន់ ស៊ុមផាន់វី ឡៃ អនុប្រធាននាយកដ្ឋានទេសចរណ៍ ដែលបញ្ជាក់ប្រាប់ទីភ្នាក់ងារវៀងច័ន្ទថែម។ ដោយឡែកក្រុងក្យូតូ ប្រទេសជប៉ុន ដែលបានទទួលលំដាប់ទី១ ក្នុងឆ្នាំ២០០៩ បច្ចុប្បន្នបានទទួលសំលេង៩៣,៣៣% ស្ថិតនៅក្នុងលំដាប់ទី៥ ។
លោកខាំតាន់ ស៊ុមផាន់វីឡៃ បានឱ្យដឹងថា “យើងបានទទួលសំលេងគាំទ្រឱ្យស្ថិតក្នុងលំដាប់ទី១ នៅឆ្នាំ២០១០ ព្រោះស្ថាប័នពាក់ព័ន្ធផ្សេងៗបានអនុវត្ដការងាររួមគ្នាយ៉ាងពេញលេញសំរាប់រៀបចំបរិស្ថានដ៏ស្រស់ស្អាតតាមការកំណត់របស់អង្គការយូណេស្កូ ។ លោកខាំតាន់ ស៊ុមផាន់វីឡៃ បានបន្ដទៀតថា “ការឈ្នះមិនមែនជារឿងងាយស្រួលទេ ប៉ុន្ដែការថែរក្សាលំដាប់ថ្នាក់ក៏ជារឿងកាន់តែពិបាកដែរ ដូច្នេះស្ថាប័នពាក់ព័ន្ធផ្សេងៗត្រូវកំណត់ផែនការអភិវឌ្ឍន៍ និងអភិរក្សក្នុងរយៈពេលវែង” ។
ក្រុងហ្លួងប្រាបាងបានទទួលការជ្រើសរើសឱ្យក្លាយជាប្រភពបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០០៥។ នេះគឺជាទីក្រុងចំណាស់របស់ឡាវ ដែលពោរពេញទៅដោយវត្ថុបុរាណឆ្លុះបញ្ជាំងឱ្យឃើញពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងក្នុងអតីតកាល ។ តាមរបាយការណ៍របស់សារព័ត៌មានឡាវ ក្នុងឆ្នាំ២០០៩ គឺមានភ្ញៀវទេសចរទៅធ្វើទស្សនកិច្ចក្រុងបុរាណរបស់ឡាវជាង៤០០.០០០នាក់ និងរំពឹងថា ភ្ញៀវទេសចរបរទេសចំណាយជាមធ្យមក្នុងម្នាក់៧០ ដុល្លារ ក្នុងរយៈពេល១ថ្ងៃ និងភ្ញៀវទេសចរក្នុងស្រុក១៥ដុល្លារក្នុងមួយថ្ងៃ ។
អាជ្ញាធរបានបំផុសចលនាឱ្យអ្នកស្រុក និងភាគីផ្សេងៗជួយគ្នាថែរក្សាការពារក្រុងបុរាណឱ្យស្ថិតក្នុងស្ថានភាពបុរាណកាន់តែច្រើន ។ ខណៈដែលបណ្ដាមុខជំនួញ និងការបំរើសេវាកម្មផ្សេងៗមានលំហូរចូលរួមទាំងភ្ញៀវទេសចរកើនឡើងនៅរៀងរាល់ឆ្នាំនោះ ក្នុងឆ្នាំនេះក៏បានពង្រឹងបទដ្ឋានដ៏តឹងរ៉ឹងក្នុងការពិចារណាអនុញាតឱ្យគំរោងសំណង់ផ្សេងៗរួមទាំងសណ្ឋាគារ និងផ្ទះសំណាក់ ដែលសង់ខ្ពស់ផងដែរ ៕
ចែករំលែកព័តមាននេះ