ខេត្តមណ្ឌលគីរី ៖ បងប្អូនជនជាតិព្នង នៅខេត្តមណ្ឌលគីរី មកដល់សព្វនេះនៅតែប្រកាន់ខ្ជាប់ប្រពៃណីជួបជុំគ្នាបឹតស្រាពាង ដើម្បីអបអរសាទរនូវភោគផលពីស្រែចម្ការរបស់គាត់ដែល បន្ទាប់ពីបង្កបង្កើនផលតែងតែជួបជុំគ្នាធ្វើពិធីសែនព្រេនដោយមានគ្រឿងក្លែម ហើយបឺតស្រាពាងយ៉ាងសប្បាយរីករាយ។
ជនជាតិព្នងរស់នៅឃុំស្រែអំពូម ស្រុកពេជ្រាដា បាននិយាយថា ពិធីសែនព្រេននេះធ្វើរយៈពេល១ថ្ងៃពេញ ដើម្បីបួងសួង និងដឹងគុណទៅដល់ស្រែ ឬចម្ការ ។ ពេលធ្វើពិធីសែនព្រេនសព្វគ្រប់ហើយ ទើបហៅបងប្អូនក្នុងភូមិជួបជុំគ្នាបឺតស្រាពាង និងប្រគំភ្លេងអារក្ស ។ ពួកគាត់បាននិយាយទៀតថា ចំពោះពិធីធ្វើស្រាពាងវិញ គឺស្រួលណាស់គ្រាន់តែរែងអង្ករយកគ្រាប់ធំចំហុយលាយជាមួយអង្កាមក្លាយជាបាយ ហើយចាក់ទុកឱ្យត្រជាក់ ទើបលាយមេច្របល់ឱ្យសព្វរួចយកទៅញាត់ក្នុងពាងទុកចំនួន១៥ថ្ងៃ ពេលមេកាច់ហើយយកស្លឹកឈើដាក់ពីលើខ្ចាស់ឫស្សីចាក់ទឹកចូលរួចដាក់ទុយោបំពង់ឫស្សីបឺតម្តងម្នាក់ៗគ្រប់ៗគ្នា ។ ប្រធានមន្ទីរវប្បធម៌ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅខេត្តមណ្ឌលគិរី៨០ភាគរយជាជនជាតិដើមភាគតិចដែលពួកគាត់ប្រកបមុខរបរកសិកម្មដូចជាដាំស្រូវ សណ្តែតសៀង ដំឡូង ជាដើម ។ ចំពោះពិធីសែនព្រេនរបស់ពួកគាត់ គឺប្រារព្ធជារៀងរាល់ឆ្នាំក្រោយពេលបានផលពីដំណាំអ្វីមួយ។ លោកបន្តថា ពិធីសែនព្រេនរបស់ជនជាតិព្នង គឺបួងសួងដល់អារក្សអ្នកតាម្ចាស់ព្រៃភ្នំដែលថែរក្សាពួកគាត់ ឬថែរក្សាដំណាំកុំឱ្យសត្វព្រៃមកយាយីស៊ីដំណាំ។
មន្ទីរវប្បធម៌ខេត្តបានយកចិត្តទុកដាក់ចំពោះផលិតផលដែលបានពីជនជាតិដើមភាគតិចដែលគ្រោងធ្វើជាកន្លែងដាក់គ្រឿងឧបករណ៍សិប្បកម្មដែលជាស្នាដៃជនជាតិនៅលើភ្នំដោះក្រមុំ ដើម្បីឱ្យភ្ញៀវទេសចរណ៍ទិញវត្ថុអនុស្សាវរីយ៍ទាងនេះ ព្រោះជារបស់ជនជាតិដើមពិតៗ។ នេះជាការបញ្ជាក់ពីលោកប្រធានមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី៕
ចែករំលែកព័តមាននេះ