ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះបានចាប់ឈើអារជាក្តារបន្ទះចំនួន៣,៤០ម៉ែត្រគូបស្មើនឹង១៩០សន្លឹក កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២០ មករា នៅចំណុចភូមិពេជជោ ឃុំក្រាំងស្គា ស្រុកទឹកផុស ខណៈដែលឈើទាំងនោះត្រូវបានឈ្មួញបម្រុងដឹកចូលមកទីរួមខេត្ត។
លោកជិន សុផាត នាយការិយាល័យប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បាននិយាយឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មានឈ្មួញដឹកឈើពីចំណុចភូមិសាស្ត្រខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ឆ្នាំងភ្លាម លោកបានឆ្លងយោបល់លោកស្នងការនគរបាលខេត្ត និងបានសុំការអនុញ្ញាតពីលោកពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រមទាំងសហការជាមួយប៉ូលិសស្រុក និងប៉ុស្តិ៍មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្ទាក់ចាប់បានឈើទាំងនេះនៅចំណុចភូមិពេជជោ ។ ក្រោយការស្ទាក់ចាប់បាន នៅថ្ងៃទី២១ មករា ឈើទាំងនេះត្រូវបានដឹកយកមកប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើរមាសរក្សាទុក ដោយមានលោកថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងជាអ្នកទទួលផងដែរ ៕
ចែករំលែកព័តមាននេះ