រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ត្រូវចោរមានគ្នា២នាក់ជិះម៉ូតូតាមស្ទាក់ប្លន់បាញ់១គ្រាប់ បណ្តាលឱ្យរងរបួសជាទម្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ មករា ២០១២ នៅជាប់របងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វារខាងកើត សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈជនរងគ្រោះម្ចាស់ម៉ូតូធ្វើដំណើរឆ្ពោះទៅកន្លែងអ៊ីនធើរណេត ដើម្បីឆែកឆេរមើលកិច្ចការរបស់ខ្លួននៅទីនោះ ។
យុវជនរងគ្រោះឈ្មោះអ៊ូ សុខនៀម ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ត្រូវចោរ២នាក់ ជិះម៉ូតូមកកៀរប្លន់ បាញ់១គ្រាប់ ត្រូវចំឆ្អឹងជំនីរខាងឆ្វេង បណ្តាលឱ្យដេកដួល ហើយពួកចោរបានលើកម៉ូតូរបស់ជនរងគ្រោះម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០១១ យកទៅបាត់ស្រមោល មិនឱ្យអំពុលទុក្ខដល់ប៉ូលិសទេ បើទោះជាដឹងថា ប៉ូលិសតាមប្រមាញ់ពួកគេយ៉ាងណាក៏ដោយ។
ការបាញ់ប្លន់នេះគឺជាការបើកទំព័រស្វាគមន៍លោកមុំ សុវត្ថិ អធិការខណ្ឌដង្កោ ដែលទើបត្រូវបានតែងតាំងថ្មីនាព្រឹកនេះតែម្តង និងការសាកល្បងអំពីសមត្ថភាពលោកអធិការឡើងថ្មីផងដែរ ។ពេលនេះយុវជនអ៊ូ សុខនៀម កំពុងត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត…សូមបញ្ជាក់ថា រយៈពេលជិតចូលឆ្នាំចិននេះ អំពើប្លន់បានកើតឡើងញឹកញាប់ណាស់ក្នុងរាជធានីភ្នំពេញ សូមបងប្អូនប្រជាពលរដ្ឋបង្កើនស្មារតីប្រុងប្រយ័ត្នដោយខ្លួនឯងឱ្យបានខ្ពស់…៕
ចែករំលែកព័តមាននេះ