ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិបតេយ្យភាព​របស់​កម្ពុជា​ សៀម​ត្រូវ​តែ​គោរព ការ​ចាប់​ខ្លួន​ជន​ជាតិ​សៀម​ទាំង ៧​នាក់ មិន​មែន​ចាប់​លើដីថៃទេ

13 ឆ្នាំ មុន

ក្នុងរយៈ​ពេល​ជិត​ពីរ​សប្តាហ៍​​កន្លងទៅនេះ ​មានការធ្វើ​សេចក្តី​អត្ថាធិប្បាយ​​​​ជា​ច្រើនក្នុង​​ចំណោម​​មជ្ឈដ្ឋាន​​ជាតិ ​និងអន្តរជាតិ​ជុំវិញ​​ការ​​​ចាប់ខ្លួន​​ជនជាតិថៃ​​ទាំង​៧​នាក់​ដោយ​អាជ្ញាធរ​កម្ពុជា កាលពីថ្ងៃទី​​២៩ ធ្នូ ឆ្នាំ​​២០១០ ​ដែលជន​ជាតិថៃ​​ទាំង​​៧​នាក់​ ក្នុងនោះ​​មាន​វីរ៉ា ស៊ុម​ខ្វាម​ឃីត ​ដែល​ជា​មេដឹកនាំ​​ម្នាក់នៃ​​ចលនា​​សម្ព័ន្ធ​​ប្រជា​ជន​​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​​​ថៃ និង​​ម្នាក់​ទៀត ​ជាសមាជិក​សភា​​មកពីគណ​បក្ស​ប្រជា​ធិបតេយ្យ​​​ដែលកំពុង​​គ្រប់គ្រង​​អំណាច​របស់

ក្នុងរយៈ​ពេល​ជិត​ពីរ​សប្តាហ៍​​កន្លងទៅនេះ ​មានការធ្វើ​សេចក្តី​អត្ថាធិប្បាយ​​​​ជា​ច្រើនក្នុង​​ចំណោម​​មជ្ឈដ្ឋាន​​ជាតិ ​និងអន្តរជាតិ​ជុំវិញ​​ការ​​​ចាប់ខ្លួន​​ជនជាតិថៃ​​ទាំង​៧​នាក់​ដោយ​អាជ្ញាធរ​កម្ពុជា កាលពីថ្ងៃទី​​២៩ ធ្នូ ឆ្នាំ​​២០១០ ​ដែលជន​ជាតិថៃ​​ទាំង​​៧​នាក់​ ក្នុងនោះ​​មាន​វីរ៉ា ស៊ុម​ខ្វាម​ឃីត ​ដែល​ជា​មេដឹកនាំ​​ម្នាក់នៃ​​ចលនា​​សម្ព័ន្ធ​​ប្រជា​ជន​​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​​​ថៃ និង​​ម្នាក់​ទៀត ​ជាសមាជិក​សភា​​មកពីគណ​បក្ស​ប្រជា​ធិបតេយ្យ​​​ដែលកំពុង​​គ្រប់គ្រង​​អំណាច​របស់​ប្រទេសថៃ ​បានឆ្លង​​​ចូល​មក​ក្នុង​​​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់ ​ហើយបាន​ចូលមក​​ក្នុង​​តំបន់​យោ​ធា​​របស់កម្ពុជា ។ ​ការចាប់ខ្លួន​​ជនជាតិថៃ​​ទាំង​៧​នាក់​​នេះ ​បានធ្វើឡើង​បន្ទាប់ពី​ទំនាក់​ទំនង​​រវាង​ប្រទេស​កម្ពុជា និង​ថៃ​មាន​ភាព​​​ល្អ​ប្រសើរ​​​​​ បន្ទាប់​​ពី​មាន​ជំនួប​ច្រើនលើក​​រវាង​នាយក​រដ្ឋ​​មន្ត្រីនៃ​​ប្រទេសទាំង​ពីរ ដែលបាន​​ធ្វើ​ឱ្យស្ថាន​​ការណ៍​វិល​ត្រឡប់​​ទៅរក​ដូចមុន​ថ្ងៃ​​​១៥ កក្ក​ដា ​ឆ្នាំ​​​២០០៨​វិញ ។ ក៏ប៉ុន្តែ​សារ​ព័ត៌​មាន​​ថៃ​ខ្លះ​​បាន​លើកឡើង​​ថា ការចាប់ខ្លួន​ជនជាតិថៃ​​ទាំង​​៧​នាក់ ​​បាន​​ធ្វើឡើង​​ក្នុងទឹកដី​ថៃ ដែលការ​​លើក​ឡើង​នេះ ផ្ទុយ​ពី​ការ​ពិត​ទាំង​​ស្រុង ។

​មតិ​ជាតិ និង​អន្ដរជាតិ​បាន​យល់​ដឹង​យ៉ាង​ច្បាស់​ថា ខ្សែបន្ទាត់​ព្រំដែន​អន្ដរជាតិ​រវាង​កម្ពុជា និង​ថៃ​ត្រូវ​បាន​កសាង​ឡើង​ដោយ​អនុសញ្ញា​​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា ឆ្នាំ​១៩០៧ ហើយ​ផែនទី អន្ដរជាតិ​ឆ្នាំ​១៩០៨ ត្រូវ​បាន​ផលិត និង​ចែក​ចាយ​ដល់​ប្រទេស​ពាក់ព័ន្ធ និង​ដល់​បណ្ដា​ប្រទេស ដទៃ​ទៀត​ដូច​ជា​អង់គ្លេស សហរដ្ឋអាមេរិក អា​ល្លឺ​មង់ និង​រុ​ស្ស៊ី​។​ល​។ ហើយ​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​ថៃ​ បាន​ប្រើប្រាស់​ផែនទី​អន្ដរជាតិ​ឆ្នាំ​១៩០៨​អស់​រយៈពេល​ជាង​១០០​ឆ្នាំ​មក​ហើយ​។ ពិសេស​នៅ​ក្នុង​ឆ្នាំ​១៩៦២ ក្នុង​រឿង​ក្ដី​អំពី​ប្រា​សាទ​ព្រះវិហារ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ បាន​ប្រើ​ប្រាស់​ផែនទី​ឆ្នាំ​១៩០៨ ដើម្បី​សម្រេច​ក្ដី ហើយ​បាន​រក​ឃើញ​នូវ​សុពលភាព និង​​នីត្យានុកូលភាព អន្ដរជាតិ​នៃ​ផែនទី​ឆ្នាំ​១៩០៨ ដែល​ផែនទី​​ឆ្នាំ​១៩០៨ មាន​តម្លៃលើស​លប់​​លើ​បញ្ញត្ដិ​នៃ​កិច្ចព្រមព្រៀង​អន្ដរជាតិ​ស្ដី​ពី​ព្រំដែន​ឥណ្ឌូចិន កម្ពុជា និង​ថៃ​ ឆ្នាំ​១៩០៤ និង​១៩០៧​។ ខ្សែបន្ទាត់​ព្រំដែន​អន្ដរជាតិ​រវាង​កម្ពុជា និង​ថៃ​មាន​អាយុ​ជាង​១០០​ឆ្នាំ​ ជា​ខ្សែបន្ទាត់​ព្រំ​ដែន​​ច្បាស់លាស់ និង​ស្ថា​រ​ពរ ដែល​គ្មាន​តំបន់​ជម្លោះ​អ្វី​ឡើយ​រវាង​ប្រទេស​ទាំង​ពីរ​។

​ការ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​ចូល​ទៅ​ក្នុង​តំបន់​យោធា​កម្ពុជា​ដោយ ជនជាតិ​ថៃ​ទាំង​៧​នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ក្នុងភូមិ​ជោគជ័យ ​ឃុំ​​អូ​រ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ដ​បន្ទាយ​មាន​ជ័យ ដែល​ជា​ភូមិសាស្ដ្រ​ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា​។ រូបភាព​វី​ដេ​អូ​ឃ្លីប ​ដែល​ត្រូវ​​អា​ជ្ញា​ធរ​កម្ពុជា​រឹបអូស​បាន ​ដែល​ថត​ដោយ​ជនជាតិ​ថៃ​ទាំង​​៧​នាក់ បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​អំពី​ទីតាំង​នៃ​ភូមិសាស្ដ្រ​នោះ គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​ពិតប្រាកដ ដែល​គេ​មិន​អាច​ប្រកែក​បាន​។ យោង​​តាម​រូបភាព​វី​ដេ​អូ​ឃ្លីប​ គឺជា​ភ​ស្ដុតាង​មួយ​បាន​បង្ហាញ​នូវ​អំពើ​នៃ​ការ​ឆ្លង​ចូល​ដោយ​ខុស​ច្បាប់ និង​ចូល​ទៅ​ក្នុង​តំបន់​យោធា​កម្ពុជា​ដោយ​ជនជាតិ​ថៃ​ទាំង​៧​នាក់ ដែល​អំពើ​ទាំង​នេះ​បាន​រំលោភ​ទាំងស្រុង​ទៅ​លើ​​អធិប​តេយ្យ និង​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​សន្ដិសុខ​ជាតិ​របស់​កម្ពុជា​។ ការ​ឆ្លង​ចូល​​មក​​ក្នុង​ទឹកដី​ក​ម្ពុជា និង​ចូល​ក្នុង​តំបន់​យោធា​កម្ពុជា​ដោយ​ជនជាតិ​ថៃ​ទាំង​៧​នាក់ គឺជា​អំពើ​ធ្វើ​ឡើង​តាម​ផែនការ​គិត​ទុក​ជា​មុន​របស់​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​។

​ក្រោយ​ពី​បាន​ចាប់ខ្លួន​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ និង​ដោយ​បាន​ពិនិត្យ​មើលឃើញ​នូវ​ភស្ដុ​តាង​ដែល​អាជ្ញាធរ​កម្ពុជា​រឹបអូស​បាន គឺ​មន្ដ្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថៃ ក្នុង​នោះ​រដ្ឋមន្ដ្រី​ការ​បរទេស​ថៃ កា​ស៊ី​ត ភិ​រ​ម្យ ក៏​បាន​ទទួល​ស្គាល់​​ថា ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ ពិតជា​បាន​ឆ្លង​​ចូល​ទៅ​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ និង​បាន​ចូល​ទៅ​ក្នុង​តំបន់​យោធា​កម្ពុជា​មែន​ក្នុង​ពេល​​ចាប់ខ្លួន​នោះ​។ នៅ​ថ្ងៃ​ទី​១១ ខែមករា​ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អាយ​អិន​ អិន អន​ឡាញ​របស់​ថៃ ដោយ​ស្រង់​សំដី​របស់​ឧត្ដម​សេនីយ៍ទោ ថៈ​វ៉ា​ត់​ឆៃ ស​មុត​សា​ខន បាន​ថ្លែង​ថា «ថៃ​ត្រូវ​ទទួលស្គាល់​ថា ថៃ​៧​នាក់​បាន​បំពាន​ចូល​​ទឹកដី​កម្ពុជា​តាម​អំពើ​ចិត្ដ ដែល​មិន​បាន​ជូនដំណឹង​ដល់​សមត្ថកិច្ច​ជា​មុន ប្រសិនបើ​បាន​ជូនដំណឹង​ជា​មុន​នោះ​ក៏​នឹង​គ្មាន​បញ្ហា​ពិបាក​ដោះស្រាយ​តាម​ក្រោយ​ទេ​។ បើសិន​នរណា​ចូល​ក្នុង​ទឹកដី​ថៃ​ក្នុង​លក្ខណៈ​បែប​នេះ ក៏​ត្រូវ​ចាប់ខ្លួន​ដូច​គ្នា ព្រោះ​ជា​រឿង​សេចក្ដី​ថ្លៃថ្នូរ ត្រូវ​តែ​ផ្ដល់​កិត្ដិយស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​»។
​នៅ​ក្នុង​ពិភពលោក​សម័យ​ទំនើប​នេះ រដ្ឋ​ស៊ី​វិ​ល័យ​មួយ​ត្រូវ​ប្រកាន់​យក​នីតិរដ្ឋ​ក្នុង​ទំនាក់​​ទំនង​អន្ដរជាតិ​របស់​ខ្លួន​ជាមួយ​បណ្ដារដ្ឋ​នានា ដើម្បី​រក្សា​បាន​សុខ​សន្ដិភាព ស្ថិរ​ភាព និង​សណ្ដាប់ ធ្នាប់​ពិភពលោក​។ ដូច្នេះ​ហើយ​ ករណី​ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ទឹក​ដី​កម្ពុជា គឺ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា ក្នុង​ឋានៈ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ​។

ករណី​នេះ គ្រាន់តែ​ជា​សមត្ថកិច្ច​ធម្មតា​របស់​ប្រទេស​នីមួយ​ៗ ហើយ​អា​ស្រ័យ​ទៅ​តាម​ច្បាប់​របស់​ប្រទេស​នោះ ក្នុង​ចំណាត់ការ​តាម​នីតិវិធី​ធម្មតា​នៃ​តុលាការ​របស់​ប្រទេស​នីមួយ​ៗ ដែល​ប្រទេស​ដទៃ​ទៀត​ត្រូវ​តែ​គោរព ហើយ​មិន​អាច​ប្រទេស​ដទៃ​ទៀត​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​មួយ​បាន​ឡើយ​។ ​​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​ទំនងជា​បាន​យល់​ដឹង​អំពី​ប្រព័ន្ធ​ច្បាប់​កម្ពុជា ​ដោយ​បាន​ណែ​នាំ​ឱ្យ​ក្រសួងការបរទេស​ថៃ​យកចិត្ដទុកដាក់​អំពី​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ ហើយ​ព្រម​ជាមួយ​គ្នា​នោះ ថៃ​ក៏​ត្រូវ​តែ​រក្សា​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំ​ង​ពីរ​។ នេះ​ជា​ឥរិយាបថ​ធម្មតា​ក្នុង​ទំនាក់ទំនង​អន្ដរជាតិ​ដែល​រដ្ឋាភិបាល​ថៃ​ត្រូវ​ប្រកាន់​យក​ ដើម្បី​រក្សា​ចំណង​មិត្ដភាព​រវាង​រដ្ឋ​និង​រដ្ឋ ហើយ​ប្រទេស​ទាំង​ពីរ​សម្លឹង​មើលឃើញ​នូវ​ផលប្រយោជន៍​យូរអង្វែង​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សហប្រតិបត្ដិការ និង​ការ​អភិវឌ្ឍ​ដែល​មាន​តម្លៃ​លើស​លប់​​ពី​ករណី​ធម្មតា​មួយ ដែល​ត្រូវ​ដំណើរ​ការ​តាម​នីតិ​វី​ធី​ច្បាប់​៕    

ដោយ ៖ ឡុង សាគុណ