ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី យឹម ​ឆៃ​លី ចុះ​ស្វែង​​​យល់​កសិ​ដ្ឋាន​​ដាំ​ដើម​អាកាស្យា

13 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ថ្ងៃទី​១៦ មករា ឆ្នាំ​២០១២ ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី យឹម ឆៃលី ​ប្រធាន​ក្រុម​ប្រឹក្សា​​ស្តារ​អភិ​វឌ្ឍន៍​វិ​ស័យ​កសិ​កម្ម និង​ជន​បទ​ អម​ដំណើរ​ដោយ​លោក​អ៊ិត ​ណូឌី អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ចាយ សាមិត្ត ​ប្រតិភូ​​រាជ​រដ្ឋា​ភិបាល​​ទទួល​បន្ទុក​​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​បាល​

ខេត្តព្រះសីហនុ ៖ ថ្ងៃទី​១៦ មករា ឆ្នាំ​២០១២ ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី យឹម ឆៃលី ​ប្រធាន​ក្រុម​ប្រឹក្សា​​ស្តារ​អភិ​វឌ្ឍន៍​វិ​ស័យ​កសិ​កម្ម និង​ជន​បទ​ អម​ដំណើរ​ដោយ​លោក​អ៊ិត ​ណូឌី អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ចាយ សាមិត្ត ​ប្រតិភូ​​រាជ​រដ្ឋា​ភិបាល​​ទទួល​បន្ទុក​​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​បាល​ ការ​ពារ​ និង​អភិរក្ស​ធម្ម​ជាតិ​​ នៃ​ក្រសួង​បរិ​ស្ថាន និង​លោក​ លោក​ស្រី នៃ​ក្រុម​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍ កសិ​កម្ម​​ និង​ជន​បទ​ និង​រដ្ឋ​បាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិ​កម្ម​ បាន​ចុះ​ពិនិត្យ​មើល​ និង​ស្វែង​​យល់​ពី​កិច្ច​ដំណើរ​ការ​កសិ​​ដ្ឋាន​​ដាំ​ដើម​អាកាស្យា​របស់​ក្រុម​ហ៊ុន​ខេ​ម៉ា​ហ្ក្រា​ (CamAgra) ​ដែល​ជា​ក្រុម​ហ៊ុន​វិនិ​យោគ​បរទេស​មកពី​ប្រទេស​អ៊ីស្រាអែល ​នៅក្នុង​ភូមិ​សាស្ត្រ​ស្រុក​កំពង់​សិលា ។

លោក​បណ្ឌិត ​នា អាត​ម៉ុន (Dr.Nir Aizmon) អ្នក​ចាត់​ចែង​​ទូទៅ​ប្រចាំ​កសិ​​ដ្ឋាន​នៃ​​ក្រុម​ហ៊ុន​​ខេម៉ា​ហ្ក្រា ​បាន​ជម្រាប​ជូន​គណៈ​ប្រតិ​ភូ​​​​ថា ក្រុម​ហ៊ុន​ខេម៉ា​ហ្ក្រា​ជា​ក្រុម​ហ៊ុន​​ដែល​មាន​ការ​ប្តេជ្ញា​​ចិត្ត​ក្នុង​ការ​​វិនិ​យោគ​ដាំ​ដើម​​អាកាស្យា និង​ដើម​ប្រេង​ខ្យល់ (Eucalyptus) ​នៅ​កម្ពុជា សម្រាប់​រយៈ​ពេល​វែង ព្រម​​ជា​មួយ​នឹង​ការ​បណ្តុះ​បណ្តាល​​បច្ចេក​ទេស​ដល់​កម្ម​ករ​កម្ពុជា និង​ប្រជា​ជន​​ដែល​​ចាប់​អារម្មណ៍​​ដាំ​ដើម​អាកាស្យា​​នូវជំនាញ​ក្នុងការ​ដាំ​​ដើម​អាកាស្យា ​ការ​បង្កាត់​​ពូជ និង​បណ្តុះ​កូន​ដើម​អាកាស្យា ។ ក្រុម​ហ៊ុន​​ខេម៉ា​ហ្ក្រា ​បាន​ចាប់​ផ្តើម​​ធ្វើ​ការ​វិនិ​យោគ​​ការ​ដាំ​ដុះ​ដើម​អាកាស្យានៅ​​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០៨ ​នៅលើ​​ផ្ទៃដី​៨.០០០​​ហិកតា ក្នុង​ភូមិ​សាស្ត្រ​​ខេត្តព្រះសីហនុ ​និង​ផ្ទៃ​ដី​មួយ​ចំនួន​ទៀត នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះ​កុង និង​ខេត្តកំពត ។ ​ការ​ដាំ​ដើម​អាកាស្យា​នេះ​មាន​គោល​បំណងធ្វើ​ការ​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស​ តាម​រយៈ​ការ​កិន​កម្ទេច​​ឈើ​អាកាស្យានៅ​ក្នុង​រោង​ចក្រ​ ដែល​ក្រុម​ហ៊ុនបាន​សាង​សង់​នៅ​ក្រុង​ព្រះសីហនុ ដើម្បី​នាំ​ចេញ​ទៅរោង​ចក្រ​នៅ​​បរទេស​ផលិត​ក្រដាស ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី យឹម ឆៃលី ​មាន​ប្រសាសន៍​​ថា ក្នុង​នាម​រាជរដ្ឋា​ភិបាល​​កម្ពុជា​ សូម​អប​អរ​សាទរ​​ និង​លើក​ទឹក​ចិត្ត​​ដល់​ការ​ខិតខំ​ចូល​រួម​វិនិ​យោគ​របស់​ក្រុម​ហ៊ុន​ខេម៉ាហ្ក្រា​លើ​វិស័យ​កសិ​កម្ម ដែល​ជាវិស័យ​អាទិភាព​មួយ​របស់​រាជរដ្ឋា​ភិបាល​​កម្ពុជា ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​ និង​បទពិសោធន៍​សំបូរ​បែប​របស់​សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​ការពន្លឿន​នូវ​កំណើន​​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាពក្រីក្រ​​របស់​ប្រជាជន ។ លោក​ឧប​នាយក​រដ្ឋ​​មន្ត្រី​បាន​បញ្ជាក់ថា ​ធនធាន​ព្រៃឈើ​បាន​​ផ្តល់​​សារ​ប្រយោជន៍​យ៉ាងច្រើន​​ក្រៃ​លែង​​ដល់​សង្គម​​ជាតិ​​តាំង​​ពី​ដើម​​រៀង​មក ​​ក្នុង​នោះ​​យើង​​ទាំង​​អស់​គ្នា​​បាន​មើល​​ឃើញ​ព្រៃ​ឈើ មិន​គ្រាន់​តែ​​​មាន​តម្លៃ​ខាង​សេដ្ឋកិច្ច​ និង​សង្គម​ប៉ុណ្ណោះ​ទេ ​តែ​នៅ​មាន​តម្លៃ​ខ្ពស់​មិន​អាច​ប៉ាន់​ប្រមាណ​បាន​ក្នុងការ​ជួយ​​ថែរក្សា​​លំនឹង​បរិ​ស្ថាន​​ធម្ម​ជាតិ ធ្វើ​ឱ្យ​​ធាតុ​អាកាស​មាន​ភាព​កាន់តែ​ប្រសើរឡើង​ រក្សា​បាន​នូវ​ប្រភពទឹក ការពារ​ទី​ជម្រាល និង​ការពារ​ជីវចម្រុះ​​ផ្សេងៗ​​នៅ​ក្នុង​សហ​គមន៍​ ។

បន្ទាប់​មក​​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី និង​គណៈ​​ប្រតិភូ​អម​ដំ​ណើរ​បាន​អញ្ជើញ​ពិនិត្យ​មើល​សកម្ម​ភាព​​បង្កាត់​​បណ្តុះ​ពូជ​ និង​ថែទាំ​កូន​ដើម​​អាកាស្យា​​ ការ​កែច្នៃ​​កាក​សំណល់​​ដែល​ជា​សកម្ម​ភាព​ផលិត​​ជី​កំប៉ុស្តសម្រាប់​ជួយ​បង្កើន​​គុណ​ភាព​ដី​ដើម្បី​ដាំ​ដើម​អាកាស្យា និង​បាន​អញ្ជើញ​ចូលរួម​​​ដាំ​កូន​​អាកាស្យា​​ជានិមិត្ត​​រូប ។ លោក​ឧប​​នាយក​រដ្ឋ​មន្ត្រី​​បាន​សំណូម​ពរ​​ឱ្យ​ក្រុម​ហ៊ុន​ខេម៉ា​ហ្ក្រា ​ជួយ​ផ្តល់​​​បច្ចេក​ទេស​​ដល់​ប្រជា​ពល​រដ្ឋ និង​កម្ម​ករ​ដែល​បម្រើ​ការ​នៅ​ទីនោះ​ឱ្យ​ចេះ​ដាំ​បន្លែ​បន្ថែម​ទៀត ដើម្បី​បំពេញ​បន្ថែម​​នូវតម្រូវការ​ប្រាក់​ចំណូល​​របស់​ពួក​គាត់ ។ នា​ឱកាស​នោះ​ដែរ ​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី​បាន​អញ្ជើញ​ទ​ស្សនា​រោង​ចក្រ​ម៉ាសីុន​​កិន​កម្ទេច​​ឈើ​អាកាស្យា ដែល​មា​ន​ទី​តាំង​នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ​ដើម្បី​​វេច​ខ្ចប់​ដឹក​ទៅ​កាន់​បណ្តា​រោង​ចក្រ​ឧស្សាហ​​​កម្ម​ន​ានា​នៅ​ក្រៅ​ប្រទេស ។ ​រោងចក្រ​ម៉ាសីុន​កិន​កម្ទេច​ឈើ​អាកាស្យា​​នេះ មាន​សមត្ថ​ភាព​អាច​កិន​កម្ទេច​​ឈើ​បាន​៦០​តោន​​ក្នុង​មួយ​ម៉ោង ។ ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​ក៏​បាន​សំណូម​ពរ​បន្ថែម​ទៀត​ដល់​ក្រុម​ហ៊ុន​ខេម៉ា​ហ្ក្រា ​ជួយ​ទិញ​យក​ផលិត​ផល​ដើម​​អាកាស្យា​​របស់​ប្រជា​ពល​រដ្ឋ​​ដែល​ដាំ​ដុះ​បាន​ជា​លក្ខណៈ​​​គ្រួសារ​ សម្រាប់​យក​​មក​កិន​កម្ទេច​​នៅ​ក្នុង​រោង​ចក្រ​​នេះ និង​នាំ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស៕