រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជនដៃដល់ជាមិត្ដភក្ដិកាប់៤កាំបិតប៉័ងតោចំក្បាល ក្រោមត្រចៀក ឆ្អឹងខ្នង និងទ្រូងដេរអស់ជាង៤០ថ្នេរ ដោយសារខឹងពេលទូរស័ព្ទទៅឮនិយាយថា កាប់បែកក្បាលទើបតាមកាប់វិញកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៥ មករា នៅមុខផ្សារបឹងត្របែក តាមផ្លូវលូទឹកស្អុយ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ប្រភពពីជនរងគ្រោះឈ្មោះយ៉ុន មាគ អាយុ២២ឆ្នាំ ជាកម្មករសំណង់នៅកាណាឌីយ៉ា មានស្រុកកំណើតនៅភូមិសិលា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្ដព្រៃវែង បានឱ្យដឹងថា នៅថ្ងៃកើតហេតុខ្លួនបានជិះម៉ូតូឌុបមិត្ដភក្ដិឈ្មោះយិន វី ភេទប្រុស អាយុ២៤ឆ្នាំ ទៅលេងមិត្ដភក្ដិធ្វើកម្មករសំណង់នៅផ្សារបឹងត្របែក។ ខណៈទៅដល់បានឱ្យឈ្មោះយិន វី នៅនិយាយលេងជាមួយមិត្ដភក្ដិ រីឯខ្លួនជិះម៉ូតូដើរលេងបន្ដិច ដោយជិះតាមលូទឹកស្អុយចេញទៅប្រមាណ១០០ម៉ែត្រ ស្រាប់តែមានជនសង្ស័យ២នាក់កាន់កាំបិតប៉័ងតោមុខសស្ញាចដើរចេញមកកាប់ចំក្បាល បណ្តាលឱ្យរយះចំក្រោមត្រចៀកមួយកាំបិត ចំឆ្អឹងខ្នងមួយកាំបិត និងកាប់ទ្រូងមួយកាំបិតដួលម៉ូតូតែម្តង។ ភ្លាមៗនោះជនរងគ្រោះត្រូវបានមិត្តភក្តិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ ទាក់ទិននឹងករណីប៉ុនប៉ងកាប់សម្លាប់នេះ ប្រពន្ធរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា ជនដៃដល់ត្រូវជាមិត្ដភក្ដិរបស់ជនរងគ្រោះឈ្មោះសៀម គឹម ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូ ធ្លាប់ធ្វើកម្មករសំណង់ជាមួយគ្នាដែរ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្ដព្រៃវែង ។
ស្ដ្រីជាប្រពន្ធបន្តថា កន្លងទៅថ្មីៗនេះជនដៃដល់បានទូរស័ព្ទទៅជនរងគ្រោះ ខណៈជនរងគ្រោះកំពុងអង្គុយនិយាយគ្នាលេងជាមួយមិត្ដភក្ដិ។ លុះឮទូរស័ព្ទរោទិ៍ក៏ចុចទទួលតែកាន់នៅដៃមិនបានដាក់ស្ដាប់នៅត្រចៀកទេ ដោយរវល់តែនិយាយប្រកែកគ្នាលេងជាមួយមិត្ដភក្ដិថា អញកាប់ឯងបែកក្បាលប្រយ័ត្នខ្លួនមែនទែន។ ចំណែកជនដៃដល់គ្រាន់តែឮបែបនេះខឹងហើយបិទទូរស័ព្ទទៅ។ លុះមកដល់ថ្ងៃកើតហេតុដោយដឹងថា ជនរងគ្រោះជិះម៉ូតូទៅលេងមិត្ដភក្ដិនៅផ្សារបឹងត្របែកក៏ចាំតាមកាប់តែម្ដង៕
ចែករំលែកព័តមាននេះ