ខេត្តកំពង់ចាម ៖ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងសាងសង់នៅលើផ្ទៃដីទំហំជាង៦ហិកតា ស្ថិតភូមិបុសខ្នុរ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ជាមានអំណោយផលល្អ និងមិនប៉ះពាល់ដល់បរិស្ថាន សព្វថ្ងៃមានជ្រូកចំនួនជាង១.០០០ក្បាល មានទម្ងន់ពី១១០ទៅ១១៥គីឡូក្រាម និងអាចចាប់លក់សម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ។
លោកដា វីអាយុ៤៨ឆ្នាំ ជាអ្នកមើលថែទាំជ្រូកនៅក្នុងកសិដ្ឋាននេះ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៤ មករា ២០១២ ថា នៅក្នុងរោង២ល្វែងសាងសង់អំពីឈើប្រក់សង្កសីនោះ ក្នុង១ល្វែងទំហំ១៦គុណ៦៣ម៉ែត្រ ដែលអាចមានលទ្ធភាពដាក់កូនជ្រូកបានចំនួនជាង៥០០ក្បាល ។ ដូច្នេះនៅក្នុងរយៈពេល៤-៥ខែ ជ្រូកក្នុង១ក្បាលជាមធ្យមមានទង្ងន់ពី១១០ទៅ១១៥គីឡូក្រាម ។
លោកវរសេនីយ៍ត្រីប៉ោ វុន្ថា នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថខេត្ត ជាម្ចាស់កសិដ្ឋានខាងលើបានឲ្យដឹងដែរថា រូបលោកមានប្អូនថ្លៃម្នាក់ធ្វើការនៅក្រុមហ៊ុនស៊ីភី (ផលិតចំណីសត្វចញ្ចឹមជ្រូក) បានប្រាប់ពីការចិញ្ចឹមជ្រូកតាមលក្ខណៈបច្ចេកទេស ទើបលោកចាប់ផ្តើមសាងសង់រោងធ្វើអំពើឈើប្រក់សង្កសី ចំនួន២ល្វែង ដោយក្នុង១ល្វែង ទំហំ១៦ម៉ែត្រគុណ៦៣ម៉ែត្រ បង្កើតជាសកិដ្ឋានចិញ្ចឹមជ្រូក ដាក់ម្តងបានជាង១.០០០ក្បាល ។
លោកវរសេនីយ៍ត្រីប៉ោ វុន្ថា ម្ចាស់កសិដ្ឋានបានបញ្ជាក់ថា ចំណីជ្រូក កូនជ្រូក និងថ្នាំសំរាប់ចាក់ជ្រូកត្រូវបានក្រុមហ៊ុនស៊ីភីជាអ្នកទទួលរាប់រងផ្តល់ឲ្យ ចំណែករូបលោកគ្រាន់តែបង្កើតកសិដ្ឋានសំរាប់ចិញ្ចឹមតែប៉ុណ្ណោះ។ ដោយសារតែការចិញ្ចឹមជ្រូកនេះ មានការកាក់កបនិងទទួលផលចំណេញគ្រាន់បើ លោកសង្ឃឹមថា នឹងបង្កើនការចិញ្ចឹមជ្រូកឲ្យដល់ទៅ ៣.០០០ក្បាល សំរាប់បំពេញតម្រូវការ និងនាំយកទៅលក់នៅគ្រប់ទិសទីក្នុងខេត្តកំពង់ចាមនិងនៅតាមបណ្តាខេត្តផ្សេងៗទៀត៕
ចែករំលែកព័តមាននេះ