ខេត្តកណ្តាល ៖ ព្រះសង្ឃ អាជ្ញាធរមូល ដ្ឋាន ប្រជាពលរដ្ឋប្រមាណជាង៦០០នាក់ ស្ថិតនៅក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្ដាលបានជួបជុំគ្នាប្រារព្ធមីទ្ទិងរំលឹកខួបអនុ ស្សាវរីយ៍លើកទី៣៣ ទិវាជ័យជំនះ៧មករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០១២ នាព្រឹកថ្ងៃទី៤ មករា ក្រោមវត្តមានចូលរួមពីលោករស់ វណ្ណា អនុប្រធានទី១គណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំចំនួន២ គឺឃុំក្រាំងម្កាក់ និងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងលោក ឆាយ ត្រលន់ អនុប្រធានក្រុមការងារ ។
បន្ទាប់ពីព្រះមហារាជធម្ម វង្ស អានេតា សមាជិក គណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកណ្តាលបានមានថេរដីកាពីគោលបំណងនៃការប្រារព្ធមីទ្ទីងរំលឹកខួបអនុស្សាវរីយ៍លើកទី៣៣ទិវាជ័យជំនះ៧មករារួចមក លោករស់ វណ្ណា បានអានសុន្ទរកថារបស់សម្តេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាដោយបានសង្កត់ធ្ងន់ថា ថ្ងៃជ័យជំនះ៧មករា ឆ្នាំ១៩៧៩ បានបញ្ចប់នូវដំណាក់កាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបានបើកឡើងវិញនូវសករាជថ្មី គឺឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាថ្ងៃដែលប្រជាជនកម្ពុជាចងចាំជានិច្ច និងចាត់ទុកថា ជាថ្ងៃកំណើតទី២របស់ខ្លួន។ ប្រសិនបើគ្មានថ្ងៃជ័យជំនះ ៧មករាទេ នោះក៏គ្មានជីវិត និងគ្មានអ្វីៗដូចសព្វថ្ងៃនេះឡើយ។
លោកមានប្រសាសន៍ដែរថា ជាការពិតណាស់ប្រជាជនកម្ពុជាបានកំណត់យ៉ាងច្បាស់ថា អ្វីៗដែលយើងមានរហូតដល់សព្វថ្ងៃនេះ គឺពិតជាផ្ដើមចេញពីថ្ងៃជ័យជំនះ៧មករា ឆ្នាំ
១៩៧៩ ហើយនៅគ្រប់ដំណាក់កាលឆ្លងកាត់ ប្រជាជនកម្ពុជាបានរួមគ្នាខិតខំប្រឹងប្រែងក្រោកឈរឡើង និងធ្វើដំណើរទៅមុខលើមាគ៌៌ាមួយដ៏ត្រឹមត្រូវ និងបានបង្កើតឡើងនូវប្រវត្តិសាស្រ្តប្រកបដោយមោទនភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចប្រមុខទាំង៣ ។ បច្ចុប្បន្នកម្ពុជាបាននិងកំពុងឈានទៅរកវឌ្ឍនភាពរីកចម្រើនគួរកត់សំគាល់ រួមនឹងកិត្តិយស កិត្យានុភាពជាតិក៏ត្រូវបានលើកកម្ពស់ និងកំពុងបានធ្វើសមាហរណកម្មយ៉ាងពេញលេញទៅក្នុងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ អនុតំបន់ និងពិភពលោក។
លោករស់ វណ្ណា និងប្រតិភូទាំងអស់បានចូលរួមរាប់បាត្រប្រគេនព្រះសង្ឃចំនួន៧០អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ប្រជាជន និងអ្នកស្នេហាជាតិទាំងអស់ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងមាតុភូមិនាពេលកន្លងមកនិងបានចូលរួមឧបត្ថម្ភដល់ព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ មីចំនួន៣០កេស ទឹកស៊ីអ៊ីវ២០យួរ និងអង្ករ៥០គីឡូក្រាម វត្តកោះអណ្តែតស៊ីម៉ង់ត៍២តោន, សិស្សានុសិស្ស សៀវភៅ១ក្បាល, ប៊ិច១ដើម, ផ្តល់ជូនគណបក្សឃុំទង់ជាតិធំ២០, ទង់ជាតិតូច១៥, ទង់គណបក្សប្រជាជនធំ២០ និងតូច៣០៕
ចែករំលែកព័តមាននេះ