រាជធានីភ្នំពេញ ៖ លោកស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ឱ្យដឹងក្រោយពីជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃ២៩ ធ្នូ ឆ្នាំ២០១១ នៅវិមានសន្តិភាពថា លោកសុរពង្ស តូវិច័ក្សឆ័យគូល រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានគោរពជម្រាបជូនសម្តេចតេជោហ៊ុន សែន នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកជំទាវយីងឡាក់ ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ និងបានអះអាងដោយផ្តោតនូវការយកចិត្តទុកដាក់ពីការបើកសករាជថ្មី មួយនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា-ថៃ ហើយប្តេជ្ញា នឹងជំរុញទំនាក់ទំនងខាងវិស័យពាណិជ្ជកម្ម-វិនិយោគ-ទេសចរណ៍ ។ ថៃតែងតែចាត់ទុកថា ចង់បានសន្តិភាព ស្ថិរភាព។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការបរទេសថៃ បានសម្តែងសេចក្តីរីករាយចំពោះជោគជ័យនៃកិច្ចប្រជុំ GBC ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ធ្នូ ឆ្នាំ២០១១ ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារប្រទេសទាំងពីរ ។ ថៃនឹងជំរុញកិច្ចសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ជំរុញឱ្យមានទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំង ត្រៀមគាំទ្រកម្ពុជានៅលើវិស័យសិក្សាធិការ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ពាណិជ្ជកម្ម និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីការបរទេសថៃ បានសម្តែងនូវសេចក្តីរីករាយចំពោះសុន្ទរកថា របស់សម្តេចដែលបានថ្លែងនៅក្នុងពិធីសម្ពោធផ្លូវខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ ដែលសម្តេចបានលើកឡើងហាមឃាត់ទាក់ទិននឹងប្រជាជនខ្មែរលួចចូលទៅកាប់ឈើក្នុងទឹកដីថៃ និងបញ្ហាផ្សេងៗ ដែលទាក់ទងនឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។
ទាំងសម្តេច និងលោករដ្ឋមន្ត្រីការបរទេសថៃបានប្តេជ្ញារួមគ្នានឹងខិតខំទប់ស្កាត់អំពីបញ្ហាបទល្មើសខាងលើនេះ ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកជំទាវ យីងឡាក់ ចំពោះសម្តេច ។ សម្តេចមានប្រសាសន៍ថា កម្ពុជា និងថៃប្រៀបដូចជាអណ្តាតនិងធ្មេញ គឺមានន័យថា មិនអាចដកធ្មេញចេញទុកអណ្តាត ឬកាត់អណ្តាតចេញទុកធ្មេញបានឡើយ ទោះជាធ្មេញខាំប៉ះអណ្តាតម្តងម្កាលក៏ដោយ ។
សម្តេចតេជោរំពឹងអំពីជំនួបនានា ក្រោយពីគណបក្ស ភឿថៃ បានជាប់ឆ្នោត និងគណៈរដ្ឋមន្ត្រីថៃទាំងមូលបានចូលកាន់តំណែង ។ សម្តេចបានលើកឡើងអំពីកិច្ចការជាច្រើនដែលប្រទេសទាំង២នៅមានកិច្ចការត្រូវធ្វើ ដូចជាការទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ ការការពារបរិស្ថានក៏ដូចជាការស្រាវជ្រាវរកមេខ្លោងនៃការកាប់បំផ្លាញព្រៃឈើ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស ព្រមទាំងបានសម្តែងការរីករាយចំពោះទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ដែលមានការកើនឡើង ហើយអ្វីៗទាំងអស់ខាងវិស័យសេដ្ឋកិច្ចបានធ្វើឱ្យមានទំនាក់ទំនងល្អ ។ ទន្ទឹមនេះ សម្តេចបានលើកឡើងពីការតភ្ជាប់ហេដ្ឋារចនាសម្ពន្ធនៅក្នុងតំបន់នេះផងដែរ ។
លោករដ្ឋមន្ត្រីការបរទេសថៃបានសន្យានឹងពាំនាំពាក្យពេចន៍ដ៏ល្អៗរបស់សម្តេចតេជោទៅជម្រាបជូនលោកជំទាវយីងឡាក់ ស៊ីណាវា៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ អំពីអនុសាសន៍នៃទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ ហើយប្រទេសថៃក៏មានបំណងមានចង់ទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា ព្រោះប្រទេសទាំងពីរធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាលើគ្រប់វិស័យជាយូរមកហើយ ហើយពេលនេះប្រទេសថៃចង់ស្តារទំនាក់ទំនងជាមួយគ្នាឱ្យបានល្អប្រសើរឡើងវិញ
ក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែកលោកសុរពង្ស តូវីចក្រឆ័យគូល រដ្ឋមន្ត្រីការបរទេសថៃ និងលោកពិឆ័យ ណារីពថាផាន រដ្ឋមន្ត្រីក្រសួងថាមពលថៃជាមួយអ្នកសារព័តមានកម្ពុជា នៅក្នុងបន្ទប់សណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា វេលាម៉ោង៦ល្ងាចថ្ងៃទី២៩ ធ្នូ លោករដ្ឋមន្ត្រីការបរទេសថៃបញ្ជាក់ថា រដ្ឋាភិបាលថៃថ្មីកំពុងតែពង្រឹងក្រុមការងារពិនិត្យតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រ និងការចុះហត្ថលេខារួមលើអនុស្សរណៈ (MOU) ក្នុងឆ្នាំ២០០១ ដើម្បីយកចំណុចល្អៗមានតម្លាភាពឲ្យនាយករដ្ឋមន្ត្រីពិនិត្យ និងជំរុញឲ្យរដ្ឋសភាសម្រេចក្នុងកិច្ចសហការរួមគ្នារវាងថៃ និងកម្ពុជា។
លោកបន្ថែមទៀតថាសម្តេចតេជោ ហ៊ុន សែន និងលោកថាក់ស៊ីន ជាសម្លាញ់នឹងគ្នាតាំងពីលោកថាក់ស៊ីន នៅជានាយករដ្ឋមន្ត្រីនោះគឺការងាររវាងប្រទេសយើងទាំងពីរមានដំណើរការរួបរួមគ្នាល្អណាស់ តែត្រូវរាំងស្ទះ ពីព្រោះនយោបាយផ្ទៃក្នុងរបស់ថៃ តែឥឡូវយើងកំពុងពង្រឹងឡើងវិញ បន្ទាប់ពីលោកជំទាវ យីងឡាក់ បានមកជួបសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃ១៩ កញ្ញា ហើយជំរុញឱ្យមានកិច្ចប្រជុំ JBC នៅខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខនេះ។
ទាក់ទិននឹងការចូលទៅកាប់ឈើក្នុងដីថៃរបស់ពលរដ្ឋខ្មែរនោះ លោកយល់ថា ព្រោះតែមិនទាន់មានកំណត់ព្រំដែនឲ្យបានច្បាស់លាស់ ហើយកម្មករដែលចូលទៅសុទ្ធតែមានកាំភ្លើងទៀត លោកកំពុងតែពិភាក្សាជាមួយកងទ័ពថៃសុំឲ្យមានការអនុគ្រោះ។
ចំណែកលោកពិឆ័យ ណារីពថាផាន រដ្ឋមន្ត្រីក្រសួងថាមពលថៃបញ្ជាក់ថា លោកបានជួបលោកឧបនាយករដ្ឋ សុខ អាន កាលពីថ្ងៃមិញ គឺជំរុញការពិនិត្យតំបន់ត្រួតស៊ីគ្នានៅក្នុងសមុទ្រ នោះគឺកម្ពុជាចង់បានដំណើរការឲ្យបានលឿនដោយត្រូវប្រើពេលយ៉ាងតិច១ឆ្នាំកន្លះ ឯខាងថៃគឺរង់ចាំឲ្យមានការសម្រេចពីសភាសិន ទើបអាចមកពិភាក្សាជាមួយកម្ពុជាបាន និងជួយជំរុញក្នុងការបណ្តុះបណ្តាលការស្រាវជ្រាវរកហ្គាស និងដំឡើងវិស័យវារីអគ្គិសនីបន្ថែមទៀត។
លោកបន្តទៀតថា ថៃ និងកម្ពុជា គឺមានតែការរួបរួមគ្នាពង្រឹងសម្ព័ន្ធមេត្រីភាពជាមួយគ្នាឡើងវិញ ហើយនៅក្នុងខែវិច្ឆិកា ជាខែបុណ្យអុំទូករបស់កម្ពុជានោះ ប្រទេសថៃបានត្រៀមទូកជាស្រេច ដើម្បីមកចូលរួមប្រណាំងជាមួយកម្ពុជាដែរ នេះគឺជាការផ្លាស់ប្តូរទាំងបែបបទប្រពៃណី និងពង្រឹងការស្រឡាញ់គ្នាបន្ថែមទៀត ព្រោះតែយើងមានប្រវត្តិប្រពៃណីវប្បធម៌ និងកាន់សាសនាដូចគ្នាតាំងពីយូរលង់ណាស់មកហើយ ប្រៀបបីដូចបង និងប្អូនដែលមានភូមិផងរបងផ្ទះជាប់គ្នាមិនអាចបែកគ្នាបានឡើយ៕
សុងហាក់
ចែករំលែកព័តមាននេះ