ខេត្តស្ទឹងត្រែង ៖ យោធាការពារខ្សែបន្ទាត់ព្រំដែនឡាវបានចាប់ខ្លួនពលរដ្ឋខ្មែរចំនួនពីរនាក់បន្ថែមទៀត ខណៈពួកគេដើរចូលទឹកដីឡាវនៅចន្លោះបង្គោលលេខ៥៩និង៦០ចំណុច ព្រៃវាំងមូ ពីព្រំដែនកម្ពុជា ជម្រៅ៣គឺឡូម៉ែត្រកាលពីថ្ងៃទី២៦ ធ្នូ ២០១១។
សេចក្តីរាយការណ៍ពីនគរបាលវរៈសេនាតូចការពារព្រំដែន៧០១ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំងពីរនាក់មាន១-ឈ្មោះមុំ សុខ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ២-ឈ្មោះណុង ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង។ ប្រជាពលរដ្ឋទាំងពីនាក់នេះត្រូវបានយោធាឡាវចាប់ខ្លួន ខណៈពួកគេចូលទៅក្នុងដីឡាវហើយត្រូវបញ្ជូនទៅឃុំខ្លួននៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ ក្រោយការចាប់ខ្លួននេះកម្លាំងយោធាការពារខ្សែបន្ទាត់ព្រំដែនឡាវបានរាយការណ៍មកមូលដ្ឋាននគរបាលវរៈសេនាតូចការពារព្រំដែនលេខ៧០១ របស់កម្ពុជាឱ្យបានជ្រាបជាព័ត៌មាន។
ប្រភពដោយឡែកពីព្រំដែនក៏បាននិយាយឱ្យដឹងផងដែរថា ការចាប់ខ្លួនពលរដ្ឋខ្មែរមាន២០នាក់កាលពីថ្ងៃទី១៥ ធ្នូ ២០១១ ដែលគេឃុំខ្លួននៅក្នុងស្រុកមឿងខូងខេត្តចម្ប៉ាសាក់ប្រទេសឡាវ រហូតមកទល់នឹងពេលនេះមិនទាន់មានការដោះលែងមកវិញនៅឡើយទេ។ ប្រភពពីអាជ្ញាធរស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង បាននិយាយឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៨ ធ្នូ ២០១១ អាជ្ញាធរស្រុកសៀមប៉ាង បានចាត់តំណាងទៅជួបចរចាជាមួយនឹងមន្ត្រីយោធានៅទីបញ្ជាការភូមិហាតសាឃូន ស្រុកមឿងខូង ខេត្តចម្ប៉ាសាក់ ដើម្បីឱ្យមានការដោះលែងពលរដ្ឋខ្មែរទាំងនោះមកវិញ។
ទន្ទឹមនឹងនោះដែរពលរដ្ឋឡាវចំនួន១១នាក់ក៏ត្រូវនគរបាលស្រុកសៀមប៉ាងចាប់ខ្លួនកាលពីថ្ងៃទី២១ ធ្នូ ២០១១។ បច្ចុប្បន្នកំពុងជាប់ឃុំនៅអធិការរដ្ឋាននគរបាលស្រុកសៀមប៉ាងនៅឡើយ។ ក្រោយពេលជួបចចារវាងអាជ្ញាធរខ្មែរ និងយោធាឡាវការដោះស្រាយយ៉ាងណានោះ ភ្នាក់ងារយើងនឹងរាយការណ៍បន្ថែម៕ សាលី
ចែករំលែកព័តមាននេះ