ខេត្តកណ្តាល ៖ រៀងរាល់សប្តាហ៍កន្លងមកនេះ លោករស់ វណ្ណា អនុប្រធានទី១គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំ២ គឺឃុំក្រាំងម្កាក់ និងឃុំបែកចាន និងលោកឆាយ ត្រលន់ អនុប្រធានទី១ក្រុមការងារ រួមនឹងក្រុមការងារថ្នាក់កណ្តាលជាច្រើនទៀត តែងបានចុះជាបន្តបន្ទាប់ដើម្បីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស និងក្រុមប្រឹក្សាឃុំក្នុងការស្វែងយល់ពីការអនុវត្តការងារបម្រើប្រជាពលរដ្ឋ និងផែនការសកម្មភាពអភិវឌ្ឍន៍មូលដ្ឋាន ។
ដោយឡែកនាថ្ងៃទី២៥ ធ្នូ លោកបានបន្តដឹកនាំក្រុមការងារទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ចុះជួបសំណេះសំណាលជាមួយយុវជន យុវនារីប្រមាណជិត ២០០នាក់ មកពីបណ្តាភូមិនានាទូទាំងឃុំ ក្រាំងម្កាក់ ក្នុងគោលបំណងស្វែងយល់ពីតម្រូវការចំពោះមុខរបស់ពួកគេ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ និងឧបត្ថម្ភ ព្រមទាំងចែកជូនផងដែរ ។
ក្នុងជំនួបសំណេះសំណាលជាមួយក្រុមយុវជននៅទូទាំងឃុំក្រាំងម្កាក់ លោករស់ វណ្ណា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់យុវជន យុវនារីក្នុងឃុំទាំងអស់ ដែលបានយកចិត្តទុកដាក់មិនត្រឹមតែចូលរួមចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នាប៉ុណ្ណោះទេ គឺថែមទាំងបានស្ម័គ្រចិត្ត ចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជាទៀតផង ដែលកាយវិការនេះបានបង្ហាញឱ្យឃើញពីការជឿជាក់លើការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជាក៏ដូចជាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខ ។
លោកបានសំណូមពរដល់ក្រុមយុវជនទាំងអស់បង្កើនការយកចិត្តទុកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយអត្តចរិតថ្លៃថ្នូរចាកចេញឱ្យឆ្ងាយពីអំពើដែលសង្គមស្អប់ខ្ពើម និងធ្វើអ្វីៗដែលផ្តល់ផលប្រយោជន៍ដល់គ្រួសារ និងសង្គមជាតិព្រមទាំងសូមឱ្យចូលរួមយ៉ាងសកម្មធ្វើជាគំរូដល់ក្មួយៗជំនាន់ក្រោយផងដែរ ។
ក្នុងឱកាសនោះ លោកបានផ្តល់ឱកាសដល់យុវជនទាំងអស់សួរសំណួរនិងលើកឡើងពីចម្ងល់របស់ពួកគេដើម្បីទទួលបានរង្វាន់ ហើយលោកបានដោះស្រាយជូនរាល់ចម្ងល់ទាំងអស់នោះតបវិញផងដែរ ។ ការជួបជុំនេះ ឆ្លើយតបទៅ នឹងតម្រូវការចាំបាច់បម្រើក្នុងការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានលោកក៏បានឧបត្ថម្ភថ្មវិទ្យុទាក់ទងចំនួន៤០ដុំ,ឧបត្ថម្ភថវិកាចំនួន១សែនរៀល ដល់កូនសមាជិកបក្សម្នាក់ដែលមានជំងឺវះកាត់និងចែកជូនសារុងដល់យុវជន,យុវនារីដែលបានចូលរួមម្នាក់មួយផងដែរ ។
បន្ទាប់មកលោកនិងក្រុមការងារក៏អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសាងសង់ដំបូលនិងលើកជង្វាកុដិមួយខ្នងស្ថិតក្នុងវត្តអង្គពពាយដែលបានប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនានិងបាននាំយកនូវបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងលោកជំទាវ ប្រគេនព្រះសង្ឃសម្រាប់ការងារបង្ហើយដំបូលកុដិចំនួន៦លាន៣សែនរៀលនិង៧៥៨ដុល្លាទៀតសម្រាប់ទិញថ្នាំលាប ។
ក្នុងឱកាសនោះដែរ លោកបានអញ្ជើញទៅពិនិត្យមើលទីធ្លាសម្រាប់សាងសង់អគារទីចាត់ការសាលា១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងលោកជំទាវ ស្ថិតក្នុងអនុវិទ្យាល័យហ៊ុន សែន អង្គពពាយ ឃុំក្រាំងម្កាក់ ដែលគ្រោងនឹងធ្វើការកសាងនាពេលឆាប់ៗនេះ ។ អគារ១ខ្នងនេះ មានទំហំ៩ម៉ែត្រគុណ២៤ម៉ែត្រដោយចែកចេញជាបីបន្ទប់រួមមាន បន្ទប់ទីចាត់ការ១ បន្ទប់បណ្ណាល័យ១និងបន្ទប់ថ្នាក់រៀន១ ដែលគ្រោងចំណាយថវិកាអស់ប្រមាណជាង៤ម៉ឺនដុល្លារអាមេរិក ៕ សហការី
ចែករំលែកព័តមាននេះ