ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​សំណុំ​រឿង​ចោរ​ប្លន់​នាយកុយ​និង​ប្លន់លុយ​ក្រុមហ៊ុន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយា​ល័យព្រហ្មទណ្ឌ​កំរិតស្រាល​រាជធានីភ្នំពេញ ដែល​បានខិតខំស្រាវ​ជ្រាវ​ទាំង​ថ្ងៃទាំងយប់​ក្រោយ​ពី​មាន​សកម្មភាព​ប្លន់​គ្រឿងអលង្ការ ប្រាក់តាមផ្ទះ ហាងកាត់សក់ យាន​ដ្ឋានជួសជុលរថយន្ត និង​តាមរថយន្តដោយ​ប្រើរូបភាពប្លែកៗ ដើម្បី​បំភ័ន្ត​ភ្នែកសមត្ថកិច្ច ​លុះ​កាល​ពីយប់ថ្ងៃទី១៨ មីនា ឆ្នាំ​២០១១ ជន​សង្ស័យ​ជាមេខ្លោង​ក្នុងអំពើប្លន់​ប្រដាប់​អាវុធ​ម្នាក់​ត្រូវបានក្របួច​ជាប់នៅ​លើកំណាត់ផ្លូវលេខ៨១ស្ថិតក្នុងសង្កាត់​ផ្សារថ្មីទី២ ខណ្ឌដូនពេញ ខណៈ​ពេលជន​នោះកំពុង​ជិះ​រថយន្តហ្ស៊ីប ​ព្រម​ទាំង​​ដកហូតបាន​អាវុធខ្លី​ចំនួន​បី​ដើម។

ក្រោយពីសមត្ថកិច្ចតាមប្រមាញ់​បាន​មេខ្លោង​​រួម​ជា​មួយ​អាវុធ​​ចំនួន​បីដើមរួចមក នៅ​យប់​ថ្ងៃដដែលបក្ស​ពួកម្នាក់ទៀតត្រូវបាន​ក្របួច​ជាប់​​នៅលើកំណាត់ផ្លូវមួយក្នុងសង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌ​មានជ័យ ។ ជនសង្ស័យ​ជាមេខ្លោង​ឈ្មោះ​ណិល ពិន និង​ម្នាក់​​ទៀត​ឈ្មោះ​ពេជ្រ ពួក​គេ​មានអាយុ​ជាងម្ភៃ​ឆ្នាំ​ដូច​គ្នា​​ ហើយ​​ឈ្មោះ​ពេជ្រ នេះ​ធ្លាប់​បានធ្វើសកម្មភាព​ប្លន់​គ្រឿង​អលង្ការ​របស់​លោកជួង ជី ហៅកុយ បាន​ចំណែក​​​៣.៥០០​​ដុល្លារ។ ដោយឡែកជន​សង្ស័យ​ឈ្មោះ​ណិល ​ពិន ជា​មេខ្លោងក្នុងការធ្វើ​សកម្មភាព​ប្លន់​ប្រាក់ចំនួន៦​ម៉ឺន​ដុល្លារ កាល​ពីថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០១១ វេលា​ម៉ោង​៩និង​១០នាទីព្រឹក នៅលើ​កំណាត់វិថីព្រះ​សុីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ ។

ការ​ប្លន់​នេះ​កើត​ឡើង​ខណៈ​​បុរសម្នាក់​ជា​បុគ្គលិកក្រុមហុ៊នប្រេង សាវីមុិច បើករថយន្ត​ម៉ាក​វីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ភ្នំពេញ 2K-1688 ​មក​ដល់​មុខក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក៏​ត្រូវ​ជនប្រដាប់​អាវុធពីរនាក់​ជិះ​ម៉ូតូ​​សេ​១២៥ ពណ៌ខ្មៅ សេ៊រី​២០១០ បើក​កៀរ​​រថយន្ត​ឱ្យ​ឈប់និង​ដក​កាំភ្លើងខ្លី​ភ្ជង់គំរាម​មិន​​ឱ្យ​ស្រែករួចបាញ់​មួយ​គ្រាប់ព្រមទាំងវាយ​បំបែក​កញ្ចក់ទ្វា​រ​រថយន្ត​ខាង​ឆ្វេង​យកស្បោង​លុយ​រួច​ជិះម៉ូតូ​គេច​បាត់។ ជន​សង្ស័យរូប​នេះ​ក៏​ជាអ្នកធ្វើសកម្មភាព​ប្លន់​គ្រឿង​អលង្ការ​ពីនាយ​ទាហានម្នាក់​ដែល​កំពុង​អង្គុយ​កាត់សក់នៅក្នុង​ហាង​មួយទល់មុខ​កំពង់ផែ​ថ្មវិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ ក្នុង​កំឡុងខែតុលា ឆ្នាំ២០១០ និង​បាញ់​គំរាម​មួយ​គ្រាប់មុន​នឹង​​ចាក​ចេញទៅ។

ក្នុង​ប្រតិបត្តិការ​តាមប្រមាញ់ក្រុម​ចោរ​ប្លន់ប្រដាប់​អាវុធ​ខាង​លើ មិនត្រូវ​បានសមត្ថ​កិច្ច​ឱ្យ​​ដឹង​ ជា​​ផ្លូវ​ការ​ទេ គ្រាន់តែលួចបង្ហើបថា ចំ​មុខ​សញ្ញា៨០​ភាគ​រយ ​ហើយ​ពេលនេះកំពុងដុត​ដៃ​ដុតជើង តាម​ចាប់​បក្ស​ពួក​​បន្ថែម​ទៀត។ ទោះ​បី​​ជាយ៉ាងណា ប្រជាពលរដ្ឋបាន​​សាទរ​កិច្ចខិត​ខំ​​ប្រឹង​ប្រែងរបស់នគរបាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាលនៃស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ ដែល​បាន​បង្រ្កាប​ក្រុម​ចោរខាងលើ​ដោយ​ជោគ​ជ័យ។ ​មន្ត្រី​សមត្ថកិច្ច​ជំនាញបាន​ប្រាប់ថា សំណុំ​រឿង​​នេះ​​មិនធម្មតា​ទេ ដែល​សមត្ថកិច្ចបង្រ្កាប​បាន​​មេខ្លោងឈ្មោះណិល ពិន មានកាំភ្លើង រហូត​​​ដល់​ទៅបីដើម ក្នុងនោះ​​មាន​ម៉ាកបេអាតា​ចំនួន​​ពីរ​ដើម និងម៉ាក​ប្រាហា​មួយ​ដើម។ ជននេះ កំពុង​​ត្រូវ​បាន​ឃាត់នៅការិយា​ល័យ​នគរ​បាល​ព្រហ្ម​​ទណ្ឌ​កំរិត​ស្រាលស្នងការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ។

ទាក់​ទិន​នឹង​ការ​បំបែក​សំណុំ​រឿង​ចោរ​ប្លន់​​នៅ​​កណ្តាល​រាជ​ធានី​ភ្នំពេញ​នេះ គួរ​ឱ្យ​កត់​សំគាល់​​ថា អ្វី​ដែល​​មហា​ជន​ចាប់​អារម្មណ៍​នោះ គឺ​ការ​ប្លន់​​យក​គ្រឿង​អលង្ការ​​នាយ​កុយ គិត​​ជា​​ប្រាក់​​ប្រមាណ​៣​ម៉ឺន​​ដុល្លារ ​ដែល​រហូត​មក​ដល់​ពេល​នេះ​នាយ​កុយ​ នៅតែ​រំលឹក​​​ពី​ចោរ​ប្លន់​តាម​ឆាក​រហូត​មក ។ ទាក់​ទិន​នឹង​ការ​​ប្លន់​លុយ​ក្រុម​ហ៊ុន​ប្រេង​សាវី​ម៉ិច គឺ​ជា​បញ្ហា​គួរ​ឱ្យ​សង្ស័យ​​ ព្រោះ​ក្រុម​ចោរ​តាម​ប្លន់​​លុយ​ហាក់​បី​ដូច​​ជា​បាន​ដឹង​​យ៉ាង​ច្បាស់​ថា រថយន្ត​ដឹក​លុយ​​ទៅ​ធនា​គារ។ ពេល​នេះ​សមត្ថ​កិច្ច​​មិន​ទាន់​បង្ហាញ​ពី​លទ្ធ​ផល​ស្រាវ​ជ្រាវ​ផ្លូវ​ការ​​នៅ​​ឡើយ​ទេ ៕