ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នួន ជា ​​រៀបរាប់​ពី​ការ​​បង្កើត​បក្សកុម្មុយនីស្ត​កម្ពុជា​ ការ​សម្លាប់​មនុស្ស និងការ​បរាជ័យ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាលពីវេលា​ម៉ោង៩​ព្រឹក​ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១១ ជនជាប់ចោទ នួន ជា អាយុ៨៤ឆ្នាំ​អតីតជាអនុលេខាបក្សកុម្មុយ​នីស្តកម្ពុជា និងជាបងធំទី២ចូលខ្លួនឆ្លើយ​សំណួរ​ចៅក្រម បន្ទាប់ពីសម្រាកមួយរយៈ ។ ​ជន​ត្រូវ​ចោទរូបនេះត្រូវបានចោទពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការបំពារបំពានយ៉ាងធ្ងន់​ធ្ងរ​លើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩​ និង​បទ​ប្រល័យពូជសាសន៍ និងអំពើមនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាង​ផ្នែកសាសនា ក្រោមក្រមព្រហ្មទណ្ឌកម្ពុជា​ឆ្នាំ១៩៥៦។ ជនជាប់ចោទរូបនេះ​ ត្រូវបាន​សាលាក្តី​ខ្មែរ​ក្រហម​បើកសវនាការមុនគេ​ក្នុង​សំណុំរឿង០០២ចំណោមជនជាប់ចោទបីរូប។

នួន ជា បានឆ្លើយសំណួររបស់ចៅ​ក្រម​នៃ​អង្គជំនុំជម្រះសាលាដំបូងអស់រយៈពេល​សរុប​ប្រមាណ២ម៉ោងនៅថ្ងៃទី៥ ធ្នូ ឆ្នាំ​២០១១​ថា នៅ​ឆ្នាំ១៩៥១មកដល់ប្រទេសកម្ពុជា​មាន​វៀតណាមម្នាក់បានឧទេ្ទសនាមខ្ញុំឱ្យចូលក្នុង​​​បក្សកុម្មុយនីស្តឥណ្ឌូចិន ពីព្រោះគេថា​ជា​គោល​ការណ៍បក្សអ្នកឯងមកពីណាក៏ដោយបើ​មកធ្វើសកម្មភាពនៅទីនេះ(កម្ពុជា) គឺទោះ​បីអ្នកឯងជាជនជាតិវៀតណាមក្តី កម្ពុជាក្តី ឡាវ​ក្តីអ្នកឯងត្រូវផ្លាស់ចូលក្នុងបក្សកុម្មុយ​នីស្តឥណ្ឌូ ចិន ។ «ខ្ញុំក៏បានយល់ព្រមតាមគោលការណ៍​
នេះ »​ព្រោះគោលការណ៍បក្សនៅកន្លែង​ណា ​ទៅ​ដល់កន្លែងណា ធ្វើសកម្មភាពនៅក្រោមបក្ស​នៅ​កន្លែងនោះ។

លោកស្រីចៅក្រមសៀវ៉ើ ខាត់រាយ​បាន​សួរ​នួន ជា ថា លោកបាននិយាយថា​ បក្សកុម្មុយ​នីស្ត​ឥណ្ឌូ​ចិន​បង្កើឡើងដោយវៀតណាម តើពិត​មែនទេ? នួន ជា​ឆ្លើយថា​ខ្ញុំពិតជាបាននិយាយ​មែន ។ គេបានពង្រីករហូតដល់ប្រទេស​ឡាវ ​និង​កម្ពុជាទៀត ។ លោកស្រីចៅក្រមបានសួរ​ទៀត​ថា នៅឆ្នាំ១៩៥៣ ពីរឆ្នាំក្រោយពេលលោកបាន​ចូលមកកម្ពុជាពីប្រទេសថៃ ពេលនោះមានឯក
រាជ្យ ហើយមានសន្និសីទទីក្រុងហ្សឺណែវ នៅ​ឆ្នាំ១៩៥៤ ដែលពេលនោះគេបានទទួលស្គាល់​ឯក​រាជ្យរបស់ប្រទេសកម្ពុជា។

តើពេលនោះ​កុម្មុយនីស្តបដិវត្តន៍​កម្ពុជា​ត្រូវបានបង្កើតឡើង​នៅពេលក្រោយ​សន្និសីទទីក្រុងហ្សឺ​ណែវ​នៅឆ្នាំ១៩៥៤ ដែលពេល​នោះគេ​បាន​​ទទួលស្គាល់​ឯក​រាជ្យរបស់​ប្រទេសកម្ពុជា ឬ​យ៉ាង​​ណា?
នួន ជា ​និយាយថា ​គាត់បានចាំថាបក្ស​កុម្មុយ​នីស្តឥណ្ឌូចិន​បានកើតឡើង​យូរមកហើយ​​មិនមែនកើតនៅ​ក្នុងពេល​នោះទេ គឺកើតតាំង​ពីឆ្នាំ​១៩៣០មកម្ល៉េះ ។ លោកស្រីចៅក្រមបរ​ទេស​បាន​សួរនួន ជា​ ទៀតថា​ មានបក្សកុម្មុយ​នីស្តថ្មីមួយទៀតដែលបានបង្កើតឡើងនៅឆ្នាំ១៩៥១បក្សប្រជាជនបដិវត្តន៍កម្ពុជា តើបក្ស​នោះ​បង្កើតឡើងនៅក្នុងឆ្នាំ១៩៥១មែនទេ?

នួន ជា បានរៀប​រាប់ថា វៀតណាមគេ​មាន​​ទស្សនៈថា បើប្រើបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ ជា​ពិសេសប្រជា​ជនខ្មែរមិន​ទទួល ហើយមិន​ចូល​​ចិត្តវៀត​ណាមទៀត។ ដូច្នេះវៀត​ណាម​មាន​យុទ្ធ​វិធីចែកបក្សកុម្មុយ​នីស្តឥណ្ទូចិនជាបីបក្ស «នេះ​ជា​យុទ្ធវិធីទេ» វាមិនមែនជាបញ្ហាគោល​ការណ៍​អ្វីទេ ក៏ប៉ុន្តែទោះបីជាចែកកុម្មុយនីស្ត​ឥណ្ឌូ​ចិន​ជាបីក្តី នៅឡាវគេហៅថា «បក្សកុម្មុយនីស្ត​បដិ​វត្តន៍ឡាវ ឯនៅកម្ពុជាគេហៅ​ថា​បក្សបដិវត្តន៍​ក​ម្ពុជា និងនៅវៀតណាមហៅ​ថា​បក្សពលករ​វៀត​ណាម» តែទោះបីចែកជា​បីបក្សនេះក៏​ដោយ «បក្សឡាវក្តី បក្សខ្មែរក្តីមិនឯករាជ្យ»។

នួន ជា បានរំព្ញកទៀតថា បក្សកម្ពុជា ក៏ដូច​បក្សឡាវមិនមានឯករាជ្យ មិនមានអធិបតេយ្យ​ភាព និងមិនមានគំនិតផ្តើមខ្លួន​ឯងទេ​ គឺស្ថិត​នៅក្រោមបញ្ជារបស់បក្សវៀតណាម (បក្ស​ឡាវ​ដុង​ឬបក្សពលករ)​នេះឯង។

ចៅក្រមបាន​សួរទៀតថា លោក​បាន​ប្រាប់​ថា​ បក្ស​បដិវត្តន៍​កម្ពុជា ​គឺត្រូវបានគ្រប់គ្រង​ដោយ​វៀតណាម​ក្រោយសន្និសីទទីក្រុងហ្សឺណែវ​នៅ​ឆ្នាំ១៩៥៤​និសិត្សដែលនៅប្រទេសបារាំងជា​សមាជិកបក្សកុម្មុយនីស្តទាំងនោះបានវិលត្រឡប់មកប្រទេស​កម្ពុជាវិញទេ?

នួន ជា​បានបន្តថា​ «បញ្ហានិស្សិតជាសមា​ជិក​​បក្សកុម្មុយនីស្តនោះ ខ្ញុំមិនដឹងទេ​ ហើយ​ខ្ញុំមិនដឹងថា អ្នកណាខ្លះចូលបក្ស ​ឬអត់ទេ​ព្រោះ​ខ្ញុំមិនបានគ្រប់គ្រងបញ្ហានេះទេ និងមិនស្គាល់​ទេ» ។ ចៅក្រមបានសួរនួន​ ជា​ ទៀតថា នៅ​ទសវត្សឆ្នាំ​១៩៦០មានបក្សពលករកម្ពុជា​ហើយបក្សនេះជាបក្សកុម្មុយ​នីស្តពិតប្រាកដ​ដែរ​ទេ? នួន ជា និយាយថា នៅក្នុងឆ្នាំ១៩៦០ ខ្មែរ​ចង់រំដោះចេញពីការគ្រប់​គ្រងរបស់វៀតណាម ដូច្នេះមានបក្សជនមួយចំនួន រួមមានលោកទូ សាមុត សាឡុត ស (ប៉ុល ពត) និងខ្ញុំ (នួន ជា) បានគិតគ្នាថា កាលណាបើ​យើងមិន​មានបក្ស​មួយដែលមានឯករាជ្យដោយឡែកពីបក្ស​វៀតណាមទេ «ប្រទេសយើង បក្សយើង​នៅតែរណបស្ថិតនៅក្រោមការបញ្ជាពីបក្ស​វៀត​ណាម​ដដែល»។ បញ្ហនេះហើយ ទើបតម្រូវឱ្យ​មានបក្សមួយ(បក្សពលករខ្មែរ) និងមាន​ការ​រៀបលក្ខន្តិកៈមួយ យុទ្ធសាស្រ្តដាច់ដោយឡែកមួយ ប្រទេសយើងបក្សយើង ។ វៀតណាម​បានដឹងពីការបង្កើតគណបក្សពលករខ្មែរដែរ​និងថែមទាំងបំផ្លាញបក្សខ្មែរទៀតផង និងជា​ពិសេសវៀតណាមខ្លួនឯងគេមិនសប្បាយចិត្តទេ  ៕