ខេត្តប៉ៃលិន ៖ បុរសម្នាក់បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០១០ ទៅបុកឆ្កែ១ក្បាល ខណៈដែលខ្លួនមិនបានប្រុងប្រយ័ត្ន បណ្តាលឱ្យម៉ូតូដួលបោកក្បាលរងរបួសកំភួនដៃខាងឆ្វេង និងបែកក្បាលសន្លប់ជិត១ម៉ោង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច នៅថ្ងៃទី៩ ធ្នូ ២០១១ ស្ថិនៅត្រង់ចំណុចភូមិកំពង់លៃ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
ជនរងគ្រោះឈ្មោះអ៊ុន ខេន អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ មកស្នាក់នៅជួយច្រូតស្រូវបងក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន។ នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីស្រែជាមួយក្រុមគ្រួសារ ស្រាប់តែកូនឆ្កែ១ក្បាលរត់ចូលក្រោមម៉ូតូកិនដាច់២៣កំណាត់ ឯអ្នកបើកម៉ូតូដួលបោកក្បាលលើដុំថ្មរងរបួសធ្ងន់។ ក្រោយមកក៏សន្លប់បាត់បង់ស្មារតី និងត្រូវបានមិត្តភក្តិប្រញាប់បញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះជាបន្ទាន់។
ការរងរបួសខ្លាំងបែបនេះ ដោយសារតែមិនបានពាក់មួកសុវត្ថិភាពការពារក្បាល បើសិនជាមានមួកក៏មិនរងរបួសក្បាលរហូតដល់សន្លប់យ៉ាងនេះដែរ នេះគឺជាការធ្វេសប្រហែសមួយរបស់អ្នកបើកបរ៕
ចែករំលែកព័តមាននេះ