រាជធានីភ្នំពេញ ៖ ក្បាច់គុនដំបង ដាវ និងលំពែង គឺជាក្បាច់គុនរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកមកជាយូរយារមកហើយ។ បើតាមការស្រាវជ្រាវរបស់លោកតាភុំ ណាគ្រី ក្បាច់គុនទាំងនេះបង្កើតឡើងក្នុងពុទ្ធសករាជ៧០១ ។ លោកតាភុំ ណាគ្រី មានប្រសាសន៍ឱ្យដឹងថា ក្បាច់គុនដំបង ដាវ និងលំពែង បង្កើតឡើងដោយគ្រូស្វៈគុរិ ដែលជាមេទ័ពរងរបស់លោកហ្វាន់ជេមាន ហើយលោកគ្រូហ្វាន់ជេមាន គឺជាមេទ័ពធំកំពូលនៅក្នុងនគរគោកធ្លក។
ចំណែកស្តេចដែលសោយរាជ្យនៅក្នុងនគរគោកធ្លក គឺព្រះបាទហ្វាន់ធៀន ដែលត្រូវជាចៅបង្កើតរបស់ព្រះបាទហ៊ុនទៀន។ ប៉ុន្តែការសោយរាជ្យរបស់ព្រះបាទហ្វាន់ធៀន ទើបតែបាន១ឆ្នាំ ប៉ុណ្ណោះក៏ត្រូវមេទ័ពក្បត់លួចធ្វើឃាតផ្តាច់ពូជរួមទាំងបុត្រារបស់ព្រះអង្គចំនួន២ទៅ៣អង្គថែមទៀត។ ដោយសារតែកាលណោះមិនមានអ្នកមានសមត្ថភាពសោយរាជ្យបន្តទើបមានការឯកភាពគ្នាពីមន្ត្រីជាច្រើនដែលស្មោះនឹងទឹកដីលើកតម្កើងលោកមេទ័ពធំហ្វាន់ជេមានឡើងសោយរាជ្យបន្ត។ លោកមេទ័ពហ្វាន់ជេមានត្រូវបានប្តូរឈ្មោះមកជាព្រះបាទស្រីមាវិញ។
បើតាមការអះអាងរបស់លោកតាភុំ ណាគ្រី ព្រះបាទស្រីមា គឺជាក្សត្រមួយអង្គដែលខ្លាំងក្លាបំផុត គឺខ្លាំងលើសព្រះបាទជ័យវរ្ម័នទី៧ទៅទៀត។ ក្រោយពីព្រះបាទស្រីមាឡើងគ្រងរាជ្យមកព្រះអង្គចាប់ផ្តើមធ្វើសង្គ្រាមរុករានដណ្តើមកាន់កាប់នគរចំនួន១៧មកធ្វើជាចំណុះ។ ព្រះបាទស្រីមាលើកតម្កើងលោកគ្រូស្វៈគុរិ ធ្វើជាមេទ័ពធំបន្ត។ ដោយសារព្រះអង្គមានសព្វាវុធសម្បូរបែប រីឯក្បាច់គុនដំបង ដាវ និងលំពែងរបស់ព្រះអង្គខ្លាំងពូកែថែមទៀត ហើយថែមទាំងមានមហេសីរបស់ព្រះអង្គជាជំនួយការដ៏ខ្លាំងពូកែខាងយុទ្ធសាស្ត្រសង្គ្រាមទៀតផងនោះ ព្រះបាទស្រីមាបានគ្រប់គ្រង និងសោយរាជ្យនៅនគរគោកធ្លករហូតមានព្រះជន្ម៩៩ព្រះវស្សា ទើបសោយទិវង្គត។
ក្នុងរជ្ជកាលរបស់ព្រះបាទស្រីមា ព្រះអង្គបានគ្រប់គ្រងទឹកដីចាប់ពីនគរតុងកឹង ម៉ាឡាយូ និងរហូតដល់ជ្រោយឥណ្ឌូណេស៊ី។ រយៈពេលនៃការធ្វើសង្គ្រាមរុករានដណ្តើមកាន់កាប់ទឹកដីនេះទៀត គឺចំណាយពេលអស់ជាង១០ឆ្នាំឯណោះ។ ដូច្នេះអ្វីដែលជាភាពខ្លាំងរបស់ព្រះអង្គកាលណោះគឺដោយសារតែកងទ័ពរបស់ព្រះអង្គមានភាពស្ទាត់ជំនាញខាងក្បាច់គុន ដាវ ដំបង និងលំពែង។ ក្បាច់គុនទាំងនេះព្រះអង្គចងក្រងក្នុងគម្ពីរចាប់តាំងពីជំនាន់ព្រះអង្គឡើងសោយរាជ្យមកម៉្លេះ។
លោកតាណាគ្រីមានប្រសាសន៍ថា អ្នកដែលចេះក្បាច់គុនដាវ ដំបង និងលំពែង ត្រូវមានភាពវាងវៃ រហ័សរហួន បំផុត ប៉ុន្តែរហូតមកដល់បច្ចុប្បន្នក្បាច់គុនទាំងនេះបានសាបរលាបជាបន្តបន្ទាប់ បន្សល់ទុកនៅតែឈ្មោះប៉ុណ្ណោះ ដូច្នេះលោកតាបារម្ភខ្លាចក្មេងៗជំនាន់ក្រោយលែងបានស្គាល់និងចេះចាំ៕
ចែករំលែកព័តមាននេះ