ខេត្តប៉ៃលិន ៖ យុវនារីម្នាក់ឈ្មោះឡុច ស្រីមាន អាយុ១៩ឆ្នាំ ជាកសិករ រស់នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន បានស្ទះខ្យល់ត្រជាក់ដៃជើង និងទាញសរសៃដៃជើងស្ទើរសន្លប់ ខណៈពេលដែលកោសខ្យល់រួចរយៈពេល១ម៉ោងក៏ទៅងូតទឹក។ ដោយភ័យស្លន់ស្លោបងប្អូនបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៤ ធ្នូ ២០១១។
តាមការឱ្យដឹងពីនារីរងគ្រោះថា នៅពេលព្រឹក ថ្ងៃកើតហេតុរូបនាងវិលមុខរងាព្រឺចុកពោះ តឹងទ្រូងស្ទើរដាច់ខ្យល់ ក៏ស្រែកហៅបងស្រីឈ្មោះឡុច ស្រីណាវ អាយុ២៩ឆ្នាំ នៅផ្ទះក្បែរគ្នាឲ្យមកជួយកោសខ្យល់។ បន្ទាប់ពីគាត់កោសខ្យល់បានប្រហែលជា១ម៉ោង ដោយមើលទៅហាក់ដូចជាស្រឡះខ្លួន ក៏ទៅងូតទឹក ដោយនឹកស្មានថា ងូតទឹករួចអាចនឹងធូរស្រាលជាងមុន។
តែផ្ទុយទៅវិញ បន្ទាប់ពីងូតទឹករួចមួយស្របក់ ស្រាប់តែត្រជាក់ដៃត្រជាក់ជើង ចំណែកឯម្រាមដៃ ជើងវិញទាញក្ងិងក្ងង់ចូលគ្នា ដោយមើលទៅមិនស្រួលខ្លួនក៏បានស្រែហៅបងស្រីម្នាក់ទៀតឈ្មោះឡុច ណយ ឲ្យមកជួយ ខណៈនោះបងស្រីរបស់នាងបានទៅរកថ្នាំខ្មែរយកមកបុកឲ្យនាងផឹក។ ក្រោយពីផឹកថ្នាំដែលបងស្រីរបស់ខ្លួនបុករួចមិនជាទាល់តែសោះ កាន់តែទាញដៃទាញជើងខ្លាំងឡើងៗធ្វើឲ្យនាងទ្រាំមិនបានក៏ស្រែកឲ្យបងដឹកខ្លួនយកមកព្យាបាលនៅមន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ