ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋក្នុងសហគមន៍៤០គ្រួសារ ស្ថិតក្នុងភូមិថ្នល់បត់ សង្កាត់កូនក្រៀលក្រុងសំរោង កាលពីព្រឹកថ្ងៃទី៣០ វិច្ឆិកាបានទទួលសម្ភារបង្គន់អនាម័យពីអង្គការច្រា (CHHRA) ក្រោមជំនួយរបស់សភាពអឺរ៉ុប និងអង្គការ Malteser International មានស្នាក់ ការកណ្ដាលនៅប្រទេសអាល្លឺម៉ង់ ។ លោកស៊ីន គឹមហ៊ននាយកអង្គការច្រា (CHHRA) ប្រចាំនៅខេត្តឧត្តរមានជ័យ និយាយថា តាមរយៈគម្រោងចាប់ពីខែកុម្ភៈឆ្នាំ២០១១ ដល់ខែមករាឆ្នាំ២០១៤គឺរយៈពេល៣៦ខែអង្គការច្រាមានបេសកកម្មលើកស្ទួយការពារសិទ្ធិមនុស្សទាក់ទងសុខភាព ការតស៊ូមតិនិងការសិក្សាស្រាវជ្រាវតាមដានការរស់នៅរបស់ប្រជាសហគមន៍អោយយល់ដឹងអំពីសុខភាព និងអនាម័យផ្ទាល់ខ្លួនក្នុងការរស់នៅតាមមូលដ្ឋាន ឱ្យបោះបង់ទម្លាប់ចាស់ផ្លាស់ប្ដូរមកទម្លាប់ថ្មីដូចជាការបន្ទោបង់ពាសវាសពាសកាលការប្រើប្រាស់ទឹកមិនមានអនាម័យល្អដែលបណ្ដាលអោយកើតជំងឺផ្សេងៗ។
អង្គការច្រាចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខភាពជំរុញអោយប្រជាសហគមន៍ប្រើប្រាស់ទឹកអោយបានស្អាត និងអនាម័យដែលនៅក្នុងភូមិ-ឃុំនៅខេត្តឧត្តរមានជ័យមានសក្ដានុពលទាបនៅឡើយផ្នែកទឹកស្អាត និងអនាម័យ ។ លោក Filipde Loof ម្ចាស់ជំនួយសហភាព អឹរ៉ុប (EU) មានប្រសាសន៍ពេលជួបជុំជាមួយប្រជាសហគមន៍មូលដ្ឋានថា លោករីករាយបន្ទាប់ពីប្រជាសហគមន៍ភូមិនៅតាមតំបន់ដាច់ស្រយាលនេះយល់ដឹងអំពីការប្រើប្រាស់ទឹកស្អាត និងប្រើប្រាស់បង្គន់អនាម័យ និងសំណូមពរដល់ប្រជាសហគមន៍ដែលបានទទួលសម្ភារនាពេលនេះសូមជួយថែរក្សា ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង។
លោកឈុំ ធឿចៅសង្កាត់កូនក្រៀលនិយាយថា នៅក្នុងសង្កាត់មានប្រជាជន៤៣៨៤គ្រួសារ និងមាន២៦ភូមិ។ គ្រួសារភាគច្រើនក្រីក្រនៅភូមិមួយចំនួនដែលនៅឆ្ងាយពីទីប្រជុំជនពួកគាត់មិនបានយល់ដឹងពាក់ពន្ធ័ផ្នែកសុខភាព និងអនាម័យហើយតែងជួបបញ្ហាជំងឺជាច្រើន ពិសេសជំងឺរាករូសនិងជំងឺគ្រុនចាញ់ ។ ការរស់នៅពួកគាត់មិនមានអនាម័យដូចជាការយកទឹកពីបឹងអូរត្រពាំងផ្សេងៗយកមកប្រើប្រាស់មិនបានចម្អិនអោយបានត្រឹមត្រូវ និងបន្ទោបង់ពាសវាលពាសកាលដែលងាយនឹងចម្លងមេរោគមកខ្លួនវិញ ៕
ចែករំលែកព័តមាននេះ