រាជធានីភ្នំពេញ ៖ លោកសំ ព្រហ្មនា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវលុត ឡេង ជាភរិយា បានរៀបចំពិធីបុណ្យបំបួសកូនប្រុសរបស់លោកចំនួនពីរនាក់ ឱ្យក្លាយទៅជាសង្ឃទៅតាមគន្លងព្រះពុទ្ធសាសនា ជាពិសេសដើម្បីឱ្យកូនប្រុសបានសងគុណដល់លោកទាំងទ្វេ ក្នុងការបង្កើតនិងថែទាំចិញ្ចឹមតាំងពីតូចរហូតដល់ពេលធំពេញវ័យ ហើយក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ គឺត្រូវតែឱ្យកូនប្រុសបានបួសសងគុណបែបនេះ ។
ទោះបីជាការបួសនោះមានរយៈពេលវែងឬខ្លីក៏ដោយក្នុងមួយជីវិតដ៏វែងឆ្ងាយរបស់មនុស្សយើងម្នាក់ៗត្រូវតែបានបួសម្តងទើបប្រសើរ ព្រោះធ្វើឱ្យកុលបុត្រគ្រប់រូបបានយល់ដឹងពីព្រះធម៌ វិន័យក្នុងវិស័យព្រះពុទ្ធសាសនារបស់ព្រះសម្មាសម្ពុុទ្ធ ហើយក៏ជាកុសលផលបុណ្យដ៏ថ្លៃថ្លាបំផុតផងដែរ ។
ពិធីបំបួសកុលបុត្រខាងលើនេះបានប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ នៅក្នុងវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីអ្នកមុខអ្នកការ និងសាច់ញាតិ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនផងដែរ ។ កុលបុត្រទាំងពីរនាក់ដែលត្រូវបំបួសនាពេលនោះម្នាក់ឈ្មោះ សំ ព្រហ្មនី អាយុ៤០ឆ្នាំ និងម្នាក់ទៀតឈ្មោះសំ ព្រហ្មនិត អាយុ៣៧ឆ្នាំ គឺជាកូនប្រុសរបស់លោកសំ ព្រហ្មនា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវលុត ឡេង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កុលបុត្រទាំងពីររូបត្រូវបានបំបួសជាសាមណេរ ហើយការសាងផ្នួសនេះ គឺមានរយៈពេល៩ថ្ងៃប៉ុណ្ណោះ នឹងលាចាកសិក្ខាបទវិញហើយពុំមែនបួសជារៀងរហុតនោះទេ ។ ព្រោះនេះគឺជាកាតព្វកិច្ចបួសដើម្បីសងគុណមាតាបិតា និងជាការស្វែងយល់ពីព្រះធម៌វិន័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ថ្វីដ្បិតតែការសាងផ្នួសនេះមានរយៈពេលខ្លីពិតមែន ប៉ុន្តែក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា គឺវិសេសថ្លៃថ្លាបំផុត ដែលកូនប្រុសសុខចិត្តលះបង់អ្វីៗនៅក្នុងភាពជាគ្រហស្ថបួសជាសង្ឃសន្សំនូវអានិសង្ស កុសល ផលបុណ្យ ទាំងបច្ចុប្បន្នកាលផង និងតម្កល់ទុកសម្រាប់ទៅអនាគតកាលផង ។
ជាពិសេសព្រះសង្ឃ គឺជាស្រែបុណ្យ ដែលអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់ស្រទាប់វណ្ណៈគោរពបូជាគ្រប់ៗគ្នាទៀតផង។ នៅក្នុងពិធីនោះព្រះសុមេធធានី វង្សគឹមសន ព្រះអនុគណ ខណ្ឌដង្កោ ចៅអធិការវត្តជម្ពូវ័ន ត្រូវបាននិមន្តធ្វើជាព្រះឧបជ្ឈាយ៍បំបួសកុលបុត្រទាំងពីររូបឱ្យក្លាយទៅជាសាមណេរនៅក្នុងពទ្ធសីមាវត្តជម្ពូវ័ននោះ។
ព្រះអង្គបានមានថេរដីកាប្រៀនប្រដៅ និងណែនាំជាច្រើនដល់សាមណេរព្រហ្មនី និងសាមណេរព្រហ្មនិត ជាពិសេសពន្យល់អំពីអត្ថន័យសីល សិក្ខាបទ១០ចាប់ពីសិក្ខាបទទី១ បាណាតិបាតាវេរមណីរហូតដល់សិក្ខាបទទី១០ និងសីលសិក្ខាជាច្រើនទៀតដោយព្រះអង្គបញ្ជាក់ថា អ្នកបួសគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់នូវធម្មវិន័យនេះមិនឱ្យចាកសិក្ខាបទមួយណាបានឡើយ។ ព្រះឧបជ្ឈាយ៍បានមានថេរដីកា បន្តទៀតថា ការបួសនេះគឺមានឧបនិស្ស័យខ្ពស់ណាស់ ទោះបីជាបួសនៅក្នុងរយៈពេលខ្លីត្រឹមតែ៩ថ្ងៃក៏ដោយ ព្រោះកាន់វិន័យ និងគោរពតាមគន្លងពុទ្ធសាសនាល្អ។ ម្យ៉ាងទៀតនេះជាការបួសសងគុណមាតា បិតា ហើយអ្នកបួសជាសាមណេរនេះបានអានិសង្សរហូតទៅដល់ចំនួន១៦ថ្នាក់ឯណោះ ហើយនៅក្នុង១ថ្នាក់ៗ ស្មើនឹងសាសនាព្រះពុទ្ធព្រះអង្គ គឺបានបុណ្យច្រើនណាស់។ ដោយឡែកអ្នកជួយ ឧបត្ថម្ភគាំទ្រផ្តល់ជាសម្ភារដល់អ្នកបួស គឺបានអានិសង្សចំនួន៤ថ្នាក់ដែរ ។ ចំពោះអ្នកបួសបំពេញជាភិក្ខុទទួលបានអានិសង្ឃរហូតដល់ទៅ៣២ថ្នាក់គឺច្រើនជាងសាមណេរដល់ទៅពីរដង។
បន្ទាប់ពីចប់ពិធីបំបួសលោកសំ ព្រហ្មនា និងលោកជំទាវលុត ឡេង ជាភរិយាព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងភ្ញៀវកិត្តិយសទាំងអស់ បានចូលរួមរាប់បាត្រ ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃជាង១០០អង្គក្នុងវត្តជម្ពូវ័នជាកិច្ចបង្ហើយបុណ្យ៕
ចែករំលែកព័តមាននេះ