ខេត្តកណ្តាល ៖ ថ្ងៃទី១៩ វិច្ឆិកា កន្លងមក លោកឈឹម សារ៉េត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាេសនាបតីតេជោ ហ៊ុន សែន ប្រធាននាយកដ្ឋានលទ្ធកម្មសាធារណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអនុប្រធានក្រុមការងារពង្រឹងស្រុកខ្សាច់កណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ចម្លង តំណាងលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តមជ្ឈិមពោធិវ័ន ស្ថិតក្នុងឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
បន្ទាប់ពីតំណាងគណៈកម្មការវត្តមជ្ឈិមពោធិវ័នឡើងធ្វើរបាយការណ៍ស្តីពីការកសាងសមិទ្ធផលនានាក្នុងវត្តរួចមក លោកឈឹម សារ៉េត មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានប្រែក្លាយជាប្រទេសមួយមានសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព។ ជាក់ស្តែង សមិទ្ធផលធំៗជាច្រើនបានកើតឡើងព្រោងព្រាតនៅក្នុងស្រុកខ្សាច់កណ្តាល ក្នុងនោះមានស្ពានព្រែកតាមាក់ ផ្លូវជាតិលេខ៨ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្តាល និងសមិទ្ធផលជាច្រើនទៀតនៅទូទាំងប្រទេសដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលយា៉ងឆាប់រហ័ស គួរជាទីមោទនៈ ។ មោទនភាពនេះគឺពិតជាកើតឡើងដោយសារការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចតែងតែបានជួយឧបត្ថម្ភគាំទ្រដោយផ្ទាល់ទាំងស្មារតី សម្ភារ និងថវិកា ដើម្បីជួយកសាងសមិទ្ធផលនានាទូទាំងប្រទេសទាំងពុទ្ធចក្រ និងអាណាចក្រឱ្យរីកចម្រើនទ្វេឡើងថែមទៀត ។
នៅក្នុងឱកាសនោះលោកឈឹម សារ៉េត បានពាំនាំនូវថវិការបស់លោកអូន ព័ន្ធមុនីរ័ត្ន ប្រគេនដល់វត្តចំនួន៤ សម្រាប់កសាងសមិទ្ធផលក្នុង១វត្តទទួលបានបច្ច័យ៤០ម៉ឺនរៀល ប្រគេនបច្ច័យព្រះសង្ឃ៦អង្គសរុប២៣ម៉ឺនរៀល លោកអាចារ្យ៦នាក់សរុបថវិកា១៣មឺុនរៀល កងការពារ១០ម៉ឺនរៀល អ្នករៀបចំកម្មវិធី៧០ម៉ឺនរៀល ចូលបច្ច័យកសាងខ្លោងទ្វារវត្តមជ្ឈិមពាធិវ័ន ៧.០០០ដុល្លារសហរដ្ឋអាមេរិក និងចូលបច្ច័យចំនួន២.២០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់កសាងបង្គោលភ្លើងក្នុងវត្តចំនួន២០ដើមផងដែរ៕
ចែករំលែកព័តមាននេះ