ខេត្តព្រះសីហនុ ៖ បុរសជនជាតិអង់គ្លេសម្នាក់បានស្លាប់ក្នុងហេតុការណ៍លង់ទឹកក្នុងអាងហែលទឹកនៅរង្គសាលសម្រាប់ជនបរទេសមួយយីហោយូតូភៀ មានទីតាំងស្ថិតនៅក្រុម១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១១ បន្ទាប់ពីផឹកស្រាស្រវឹងនិងសង្ស័យថា បានប្រើប្រាស់គ្រឿងញៀនច្រើនពេក។
តាមសមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា បុរសអង់គ្លេសដែលស្លាប់បាត់បង់ជីវិតនេះឈ្មោះ DILLON RYAN ANDREW អាយុ៣៤ឆ្នាំ ជាភ្ញៀវទេសចរ ចូលមកកម្ពុជាកាលពីថ្ងៃទី១៣ វិច្ឆិកាកន្លងទៅនេះ។យោងតាមប្រភពពីអ្នករត់ម៉ូតូឌុបដែលចតនៅមុខរង្គសាលនោះនិយាយថា រូបនេះ បានចូលក្នុងភោជនីយដ្ឋាន និងរង្គសាលយូតូភៀ តាំងពីម៉ោងប្រមាណ១០យប់ថ្ងៃកើតហេតុនិងផឹកស្រាក្រឡុកអស់ចំនួន៩កែវ និងជក់បារីផង។ នៅវេលាម៉ោងប្រមាណ១ រំលងអធ្រាត្រ ក៏មានការផ្អើលឆោឡោថា មានជនបរទេសម្នាក់លង់ទឹកស្លាប់ បើទោះបីមានការជួយសង្គ្រោះពីអ្នកជិតខាងក៏ដោយ។ ប្រភពដដែលបន្តទៀតថា បើតាមការសន្និដ្ឋានមានការសង្ស័យថា ការស្លាប់នេះមិនមែនដោយសារការស្រវឹងស្រាទេ គឺប្រហែលមកពីជនបរទេសរូបនេះសេពគ្រឿងញៀនលើសកំណត់ធ្វើឱ្យវង្វេងស្មារតី ចុះងូតទឹកទាំងយប់ក៏បណ្តាលឱ្យលង់ស្លាប់។
ដោយឡែក តាមអ្នករត់តុម្នាក់ទៀតបានលួចខ្សឹបប្រាប់ថា នៅវេលាម៉ោងកើតហេតុគេឃើញជនបរទេសម្នាក់នេះអង្គុយផឹកស្រានៅក្បែរអាងហែលទឹកក្នុងរង្គសាល ហើយបានជ្រុះវ៉ែនតា។ ខណៈពេលវែ៉នតាជ្រុះជនបរទេសនោះអោនរើសវែ៉នតាក៏ជ្រុលធ្លាក់ទៅក្នុងទឹក បណ្តាលឱ្យឈ្លក់ហើយត្រូវបានដឹកតាមម៉ូតូ កង់៣យកទៅសង្គ្រោះនៅមន្ទីរពេទ្យលុះដល់ពាក់កណ្តាលផ្លូវក៏ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរសម្រាកព្យាបាលរស្មីកំពង់សោមមកទទួលបន្ត។ ប៉ុន្តែដោយមើលឃើញថាពុំមានលទ្ឋភាពសង្គ្រោះក៏ដឹកចូលមន្ទីរពេទ្យបង្អែកចំការចេកតែម្តង ឯខាងមន្ទីរពេទ្យមិនទទួល ព្រោះជនរងគ្រោះបានស្លាប់ទៅហើយ បន្ទាប់មកក៏ដឹកត្រឡប់មកកាន់កន្លែងកើតហេតុវិញ។
ទាក់ទិនទៅនឹងពាក្យចចាមអារ៉ាមថា រថយន្តរបស់គ្លីនិករស្មីកំពង់សោមត្រូវបានប៉ូលិសចាប់ឃាត់នោះ លោកកែវ ច័ន្ទតារា អ្នកទទួលការខុសត្រូវគ្លីនិកនេះបានឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងថាមានមនុស្សលង់ទឹករថយន្តសង្គ្រោះរបស់គ្លីនិកលោកក៏ចេញទៅដឹក ដើម្បីយកមកព្យាបាល។នៅពេលទៅជិតដល់កន្លែងកើតហេតុ ក៏ត្រូវមិត្តភក្តិជនរងគ្រោះកាក់រថយន្តដឹកមកកាន់មន្ទីរពេទ្យចំការចេក ប៉ុន្តែពេលមកដល់ត្រូវបានខាងមន្ទីរពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់ទៅហើយថែមទាំងឱ្យរថយន្តដឹកសពមកកន្លែងដើមវិញ ដើម្បីឱ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ។ លុះពេលមកដល់កន្លែងកើតហេតុម្ចាស់ហាងមិនអនុញ្ញាតឱ្យដាក់សពចុះពីរថយន្តទេ និងបានរកវាយអ្នកបើកបររថយន្តថែមទៀតផងហើយដោយឃើញស្ថានភាពមិនចុះសម្រុងនឹងគ្នាសមត្ថកិច្ចក៏ទុកសពលើរថយន្តរហូតសមត្ថកិច្ចជំនាញមកដល់ទើបដាក់ចុះយកទៅទុកកន្លែងដើមវិញ។
គួររំលឹកថា រង្គសាលយូតូភៀនិងទីតាំងអាងនេះមានជនបរទេសចំនួន២នាក់ ហើយបានស្លាប់គិតរួមទាំងលើកនេះផង ប៉ុន្តែសមត្ថកិច្ចហាក់បីដូចជាគ្មានចំណាត់ការណាមួយទប់ស្កាត់ទាល់តែសោះជាហេតុធ្វើអោយម្ចាស់ហាងមួយនេះមានចរិតក្រអឺតក្រទម។
យោងតាមលោកវេជ្ជបណ្ឌិតសែ សុរិទ្ធិ ជោតិ៍ អនុប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងថា យោងតាមការសន្និដ្ឋានជំហានដំបូងបុរសអង់គ្លេសម្នាក់នេះស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្នសពត្រូវបានយកមករក្សាទុកនៅវត្តក្រោម ខេត្តព្រះសីហនុ រង់ចាំស្ថានទូតមកទទួលយក៕
ចែករំលែកព័តមាននេះ