រាជធានីភ្នំពេញ ៖ លោកហេង ឈាង និងភរិយា ព្រមទាំងសាច់ញាតិបានប្រកាសតាមរយៈ «កោះសន្តិភាព» ម្សិលមិញនេះថា ពិតមែន លោកហេង ឈាង និងភរិយា ស្ថិតនៅក្នុងមន្ទីរឃុំឃាំងដោយសារបណ្តឹងរបស់លោកឧកញ៉ាកុក អាន យ៉ាងនេះក្តី ក៏២នាក់ប្តីប្រពន្ធនេះព្រមទាំងក្នុងរង្វង់គ្រួសារទាំងមូល ពុំមានអ្នកណាម្នាក់ទៅពឹងពាក់ឱ្យសមាជិកសភារបស់គណបក្សសម រង្ស៊ី ចូលមកលូកដៃយកករណីពាក់ព័ន្ធនេះទៅប្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកឱម យ៉ិនទៀង ឡើយ ។
គួរកត់សម្គាល់ថា ក្នុងថ្ងៃទី១៩ វិច្ឆិកា នេះ មានបណ្តាញព័ត៌មានខ្លះបានផ្សព្វផ្សាយព័ត៌មានថា សមាជិកសភា៦រូបរបស់គណបក្ស សម រង្ស៊ី បានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើ ពុករលួយ ដើម្បីឱ្យពិនិត្យមើលទៅលើចំណាត់ការរបស់ចៅក្រម លោកតែ សំអាង ដោយភ្ជាប់យកករណីលោកឧកញ៉ា កុក អាន ប្តឹងលោកហេង ឈាង និងលោកស្រីទេព កូលាប ជាភរិយា មកធ្វើជាដើមចមនៃបណ្តឹងនេះ ។
ស្ថិតក្នុងករណីខាងលើនេះហើយ ទើបលោកហេង ឈាង និងភរិយា រួមជាមួយសាច់ញាតិក្នុងរង្វង់គ្រួសារទាំងអស់បានបដិសេធ និងសូមអំពាវនាវឱ្យសមាជិកសភាគណបក្ស សម រង្ស៊ី ទាំង៦រូបបញ្ឈប់ការយកបណ្តឹងនេះធ្វើអាជីវកម្ម ដើម្បីយកចំណេញផ្នែកនយោបាយ ។
ពួកគេបានអះអាងថា ព្រោះពួកយើងមានមេធាវីការពារតាមច្បាប់ និងចេញមុខតតាំងការពារក្តី នៅគ្រប់ដំណាក់កាលរបស់តុលាការរួចអស់ហើយ ហើយយើងក៏ពុំបានពឹងពាក់លើអស់លោកដែរ ព្រោះពួកយើងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន តែមួយគត់ ដែលអាចរកយុត្តិធម៌ក្នុងរឿងក្តីនេះបាន។
មិនតែប៉ុណ្ណោះទេ លោកហេង ឈាង និងភរិយា ព្រមទាំងក្រុមគ្រួសារទាំងមូលសំណូមពរជាសាធារណៈ កុំឱ្យសាធារណជនយល់ច្រឡំថា ពួកគេរត់ទៅពឹងពាក់គណបក្សសម រង្ស៊ី ឱ្យ
ជួយ ព្រមទាំងសំណូមពរផងដែរចំពោះប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាយោគយល់ឈប់ផ្សព្វផ្សាយព័ត៌មាននេះបន្តទៀត ដើម្បីចៀសវាងការយល់ច្រឡំពីចំណាត់ការរបស់តុលាការទៅនឹងរឿងនយោបាយ ។
ដោយមិនធ្វើអត្ថាធិប្បាយណាមួយបន្ថែម ការិយាល័យនិពន្ធ «កោះសន្តិភាព» បានសម្រេចថតចម្លងលិខិតបដិសេធន៍ទាំងស្រុងដូចខាងក្រោមនេះ ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លិខិតបដិសេធ
ខ្ញុំបាទ ហេង ឈាង និងភរិយា ទេព កុលាប ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមធ្វើការបដិសេធយ៉ាងដាច់អហង្កការ ចំពោះការចេញមុខរបស់សមាជិកសភាចំនួន៦រូបរបស់គណបក្សសមរង្សី ដែលបានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យលើចំណាត់ការរបស់លោកចៅក្រម តែ សំអាង ដោយភ្ជាប់មកករណីលោកឧកញ៉ា កុក អាន ប្តឹងរូបខ្ញុំបាទ និងភរិយា (ហេង ឈាង និង ទេព កុលាប) ជាដើមចមក្នុងបណ្តឹងនេះ។
ចំពោះករណីនេះ ខ្ញុំបាទ ហេង ឈាន និងភរិយា ទេព កុលាប ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមអំពាវនាវឱ្យសមាជិកសភាគណបក្សសមរង្សីទាំង៦រូប បញ្ឈប់ការយកពាក្យបណ្តឹងនេះធ្វើជាអាជីវកម្ម ដើម្បីកេងចំណេញផ្នែកនយោបាយបន្តទៀត ព្រោះពួកយើងខ្ញុំមានមេធាវីការពារឱ្យរូបខ្ញុំតាមច្បាប់ នៅតាមតុលាការគ្រប់ជាន់ថ្នាក់រួចហើយ ហើយពួកខ្ញុំក៏ពុំបានពឹងពាក់អស់លោកដែរ ព្រោះយើងខ្ញុំជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន តែមួយគត់ដែលអាចរកយុត្តិធម៌ក្នុងរឿងក្តីនេះ ៕
ភ្នំពេញ- ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១១
ចែករំលែកព័តមាននេះ