ខេត្តប៉ៃលិន ៖ ស្រ្តីវ័យក្មេងម្នាក់ឈ្មោះសារ៉េន ណូក អាយុ១៩ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ បានក្លាយជាម្តាយពពោះកូនដំបូងមានរយៈពេលជាង១០ខែទើបប្រសូត។ នៅពេលពពោះគ្រប់៥ខែ នាងបានទៅគ្លីនិកឆ្លុះអេកូមើលលើកទី១ លោកគ្រូពេទ្យប្រាប់ថា នាងគ្រប់ខែនៅថ្ងៃទី២៧ តុលា ឆ្នាំ២០១១ហើយអាចសម្រាលមុន ឬក្រោយគ្នា១អាទិត្យ។
តាមការរៀបរាប់របស់នាងតាមប្រតិទិនគឺគ្រប់ខែនៅថ្ងៃទី២៦ តុលា ២០១១។ លុះថ្ងៃទី២៧ តុលា នាងបានមកឆ្លុះអេកូមើលជាលើកទី២តែនៅកន្លែងផ្សេងគ្នាហើយលោកគ្រូពេទ្យប្រាប់ថាគ្រប់ខែហើយ តែចម្លែកណាស់នាងមិនឈឺពោះ មិនចុកចាប់ស៊កសៀតកន្លែងណាទាំងអស់។ ការហូបចុកតាមធម្មតា ដេកលក់ស្រួល ដើរហើរមិនមានឈឺពោះឬអ្វីចម្លែកទេ ចំណែកកូននៅក្នុងផ្ទៃពោះបម្រះធម្មតា។ លុះនៅថ្ងៃទី១១ វិច្ឆិកា ដោយសង្ស័យកូនក្រកើតពេកក៏មកឆ្លុះអេកូមើលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តម្តងទៀត។ ក្រោយពីឆ្លុះមើលរួច លោកគ្រូពេទ្យឱ្យធ្វើការវះកាត់យកកូនពីផ្ទៃរបស់នាងនៅម៉ោង៤រសៀលថ្ងៃទី១១ វិចិ្ឆកា ២០១១។
ស្រ្តីឈ្មោះសារ៉េន ណូក និយាយថា នាងបានរៀបការជាង១ឆ្នាំមកហើយ លុះដល់រដូវចុងក្រោយរបស់នាងគឺនៅថ្ងៃទី១៧ មករា ឆ្នាំ២០១១ ដែលតាំងពីមានផ្ទៃពោះមកដល់ពេលសម្រាលនេះជិត១១ខែហើយ គឺរូបនាងរាប់មិនច្រឡំទេ។ ទោះជាពេលខ្លះនាងសង្ស័យថា រាប់ច្រឡំ តែរូបនាងបានទៅពិនិត្យផ្ទៃពោះមើល ដោយឆ្លុះអេកូ២ទៅ៣ដងដែរ ហើយលោកគ្រូពេទ្យប្រាប់ថា នាងពិតជាគ្រប់ខែនៅថ្ងៃទី២៧ តុលា ២០១១។ ចំណែកការរាប់របស់នាងតាមប្រតិទិនគឺគ្រប់ខែនៅថ្ងៃទី២៦ តុលា ២០១១។
ស្រី្តរូបនេះបានបន្តទៀតថា ដោយមិនអស់ចិត្តព្រោះការរាប់របស់នាងប្រហាក់ប្រហែលជាមួយនឹងការឆ្លុះអេកូមើលដែរ ទើបជាលើកទី៣នាងសម្រេចចិត្តមកជួបលោកគ្រូពេទ្យបង្អែកខេត្តដើម្បីពិគ្រោះនិងសុំឆ្លុះអេកូមើលម្តងទៀត។ នៅពេលឆ្លុះមើលទៅលោកគ្រូពេទ្យប្រាប់នាងថា ពិតជាគ្រប់ខែមែនហើយ បើទុកទារកនេះរហូតដល់១២ខែក៏មិនអាចកើតមកបានដែរ ព្រោះឥឡូវនេះនៅក្នុងផ្ទៃពោះគ្មានទឹកភ្លោះ មិនដឹងជាទៅណាអស់ ហើយដុំសុកក៏បានគ្របពីលើក្បាលទារកពេញទៀត។ បើទុកយូរជាងនេះទៀត អាចបង្កឱ្យម្តាយមានការធ្លាក់ឈាម ឬក៏អាចប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃបាន។
ប្រភពដដែលបន្តទៀតថា នៅពេលវះកាត់រួចនៅលើក្បាលទារកមានស្នាមក្រហមជាំ ហើយតាមស្លឹកត្រចៀក និងថ្ងាសក៏ក្រហមដែរ ដែលតាមគ្រូពេទ្យប្រាប់ថា នេះដោយសារតែមានសុកគ្របពីលើ។ទារកមានទម្ងន់៣គីឡូក្រាម ហើយស្រ្តីជាជីដូននិយាយថា ទោះជាបែបណាពេលនេះគាត់បានចៅប្រុសមួយហើយ៕
ចែករំលែកព័តមាននេះ