ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិសាច​ក្រហម​ Man Utd ​យក​ក្មេង​​ប្រុស​អាយុ​5​ឆ្នាំ​​ចូល​ហ្វឹក​ហាត់​

14 ឆ្នាំ មុន

ក្លឹប​បិសាច​ក្រហម Man Utd ​ជើង​ឯក​​ក្នុង​ក្រប​ខណ្ឌ​​ប្រឺមីញេ​លីក​១៩​ជំនាន់ ​បាន​ផ្តល់​​ឱកាស​​ដល់​ក្មេង​ប្រុស​ឆាលី ចន​សុន កីឡា​ករ​វ័យ​ក្មេង​​អាយុ​៥​ឆ្នាំ មក​ហ្វឹក​ហ្វឺន​នៅ​ក្នុង​​ក្លឹប ​ក្រោយ​ពី​មាន​ចំណាប​់អារម្មណ៍​​លើ​ទម្រង់​​លេង​កាល​ពី​២​ឆ្នាំ​មុន ប៉ុន្តែ​ខុស​ត្រង់​ថា ក្មេង​​ប្រុស​រូប​នេះជា​អ្នក​គាំទ្រ​ក្លឹប​​ទូក​ក្តោង Man City ជា​គូ​ប្រជែង។

គ្រូ​បង្វឹក​​ក្លឹប Man Utd ​មាន​ក្តី​​រំភើប​នៅ​ពេល​បាន​ឃើញ​ក្មេង​ប្រុស​ឆាលី​លេង​​បាល់​ជា​លើក​ដំបូង​​ក្នុង​កម្មវិធី​ហ្វឹក​ហ្វឺន​​បាល់​​ទាត់​​កុមារ​ក្នុង​ទី​ក្រុង​ម៉េន​ឆេ​ស្ទ័រ​ កាលពី​២​ឆ្នាំ​មុន ខណៈ​ពេល​កុមារ​រូប​នេះ​​មាន​អាយុ​៣​ឆ្នាំ​ លុះ​ឈាន​​មក​ដល់​អាយុ​​គម្រប់​​៥​ឆ្នាំ ទើប​ហៅ​មក​ហ្វឹក​ហ្វឺន​​ក្នុង​មជ្ឈ​​មណ្ឌល​​ហ្វឹក​ហ្វឺន​​របស់​ក្លឹប​។ ​ចំណុច​គួរ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​​មួយ​​ទៀត​ គឺក្រុម​គ្រួសារ​របស់​ឆាលី​ជាអ្នក​​​គាំទ្រ​ដ៏​ស្មោះ​ត្រង់​​របស់​ក្លឹប Man City ​ដោយ​លោក​អេន​ឌី អាយុ​៣៨ឆ្នាំ ​ជា​ឪពុក​​​បង្ហើប​ឱ្យ​ដឹង​ថា គេត្រូវ​ការ​ព្យា​យាម​លួង​លោម​រហូត​ធ្វើ​ឱ្យ​កូន​ប្រុស​យល់​ព្រម​ពាក់​អាវ​របស់​ក្លឹប Man Utd ។

លោក​អេនឌី បាន​និយាយ​ពី​កូន​ប្រុសរបស់​ខ្លួន​ថា «ទឹក​ចិត្ត​​របស់​គេ​គាំទ្រ​លើ​កីឡា​ករ​ចូហាត ​និង​មារីយ៉ូ បាឡូតេ​លី នៅក្នុងក្លឹប Man City ។ ខ្ញុំ​​មានអារម្មណ៍​ខ្មាស​អៀន​ដែល​​កូន​ប្រុសឆាលី​ទៅ​ហ្វឹកហ្វឺន​​ជាមួយ Man Utd ​ប៉ុន្តែ​ចាត់​ទុក​ថា ជារឿង​ល្អ​ដែល​បច្ចុ​ប្បន្ន​​គេ​ស្រឡាញ់​​ការ​ហ្វឹក​ហ្វឺន​​ និង​ឱកា​ស​ដែល Man Utd ​ប្រគល់​ជូន​គឺជា​រឿង​ល្អសម្រាប់​គេ» ៕