ខេត្តក្រចេះ ៖ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានជាពិសេសផ្នែករដ្ឋបាលព្រៃឈើក្រចេះរៀបចំបង្កើតសួនអាពាហ៍ពិពាហ៍រួចមក រហូតមកទល់ពេលនេះមានគូស្វាមី-ភរិយាដែលរៀបការនាំគ្នាដាំកូនឈើគ្រប់ប្រភេទបានជាច្រើនដើម ។ អនុវត្តតាមមាត្រានៃច្បាប់ស្តីពីព្រៃឈើ និងដើម្បីជំរុញឱ្យប្រជាពលរដ្ឋមានចិត្តស្រលាញ់ថែរក្សាការពារព្រៃឈើទាំងអស់គ្នា អាជ្ញាធរខេត្តរៀបចំដោយខណ្ឌ និងផ្នែករដ្ឋបាលព្រៃឈើក្រចេះ និងមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋានបង្កើតជាសួនអាពាហ៍ពិពាហ៍សម្រាប់គូស្រករកូនកំលោះ-ក្រមុំដាំកូនឈើទុកជាអនុស្សារីយ៍ក្នុងថ្ងៃរៀបការដែលមានផ្ទៃដីទំហំ៦ហិកតានៅក្នុងបរិវេណដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ជាប់ផ្លូវជាតិលេខ៧ (អាស៊ាន)។
មន្រី្តផ្នែករដ្ឋបាលព្រៃឈើក្រចេះនិយាយថា ការបង្កើតសួនអាពាហ៍ពិពាហ៍នេះសម្រាប់កូនកំលោះ-ក្រមុំដាំកូនឈើគ្រប់ប្រភេទទុកជាអនុស្សារីយ៍ក្នុងថ្ងៃរៀបការ និងជាការចូលរួមចំណែកដ៏ធំមួយទៅលើការអភិរក្សាថែរក្សា ស្រឡាញ់ធនធានធម្មជាតិ។
ការបង្កើតសួនអនុស្សារីយ៍នេះគេចាត់ទុកថា ជាការបង្កើតលើកទីមួយ ហើយសម្រាប់មន្ត្រីរដ្ឋបាលព្រៃឈើខេត្តក្រចេះដែលធ្វើឱ្យមហាជនគ្រាំទ្រ ព្រោះជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសកូនកំលោះ-ក្រមុំចូលរួមដាំកូនឈើៃជាសក្ខីភាពនៃការចូលរួមថែរក្សាព្រៃឈើ និងទុកជាអនុស្សារីយ៍សម្រាប់កូនៗរបស់ពួកគេឱ្យចូលរួមថែរក្សាទាំងអស់គ្នា ។
លោកព្រាប សុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះថ្លែងថា តបទៅតាមមាត្រាទី៦០នៃច្បាប់ស្តីពីព្រៃឈើដែលចែងថា «ប្រជាពលរដ្ឋទាំងពីរភេទដែលជាគូស្រករថ្មីត្រូវបានលើកទឹកចិត្តដាំដើមឈើពីរដើម ក្រោមកិច្ចសម្របសម្រួល និងផ្តល់កូនឈើ ដោយមន្ត្រីរដ្ឋបាលព្រៃឈើមានសមត្ថកិច្ច» ។
មានកូនកំលោះ-ក្រមុំចំនួនពីរគូទៀត បានចូលរួមចំណែកដាំកូនឈើក្នុងសួនអាពាហ៍ ពិពាហ៍កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកា ដោយមានការអញ្ជើញចូលរួមជាសក្ខីភាព និងជួយលើកទឹកចិត្តពីលោកសួន ញ៉ាក អភិបាលស្រុកចិត្របុរី លោកព្រាប សុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ រួមទាំងមន្ត្រីរដ្ឋបាលព្រៃឈើក្រោមឱវាទ និងលោកមេឃុំ ។
លោកសួន ញ៉ាក អភិបាលស្រុកចិត្របុរី មានប្រសាសន៍ថា គូស្រករទាំងពីរគូដែលមានចិត្តស្រឡាញ់ធនធានធម្មជាតិចូលរួមដាំកូនឈើទុកជាអនុស្សារីយ៍នេះ គឺកូនប្រុសនាមព្រាប រដ្ឋា និងកូនក្រមុំប្រាក់ សុខដាវីន និងមួយគូទៀត កូនប្រុសនាម ឃុន វាសនា និងកូនក្រមុំនាម ព្រាប រតនៈ ។ គូស្វាមីទាំងពីរគូនេះមកពីរាជធានីភ្នំពេញ និងបានដាំកូនឈើគ្រញូងចំនួនដើម៤ដើម។
លោកនាយផ្នែកថ្លែងថា ការបង្កើតសួនអាពាហ៍ពិពាហ៍សម្រាប់ឱ្យកូនកំលោះ-ក្រមុំចូលរួមដាំកូនឈើទុកជាអនុស្សារីយ៍នេះ គឺជំរុញឱ្យប្រជាពលរដ្ឋទាំងពីរភេទស្រលាញ់ និងថែរក្សាដើមឈើព្រៃទាំងអស់គ្នា និងសម្រាប់បង្ហាញជូនកូនចៅឱ្យបានឃើញការចូលរួមអភិរក្សថែរក្សាព្រៃឈើរបស់ឪពុកម្តាយពួកគេ ។ មន្ត្រីរដ្ឋបាលព្រៃឈើនឹងអភិរក្សដើមឈើដែល គូអាពាហ៍ពីពាហ៍បានដាំរួមគ្នានេះ ដោយឆ្លាក់ឈ្មោះកូនកំលោះ កូនក្រមុំទាំងពីរនៅជាប់ដើមឈើនេះតែម្តង ៕


ចែករំលែកព័តមាននេះ