ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក វ៉ី សំណាង ៖ បើមានមន្រ្តីណាឃុបឃិតឲ្យមានការ ជួលដីស្រែឲ្យជនបរទេស គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

3 ម៉ោង មុន

ខេត្តតាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​ណែនាំ និង​ហាម​ដាច់ខាត​មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ដី​ស្រី​ជាប់​ព្រំដែន​ជាមួយ​វៀតណាម ជួល​ដីស្រែ​ឱ្យ​ជនជាតិ​វៀតណាម​ចូល​មក​ធ្វើ​នោះ​ទេ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា​នេះ ។

ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ស្រុក សមត្ថកិច្ច​ឈរជើង​តាម​បណ្ដោយ​ព្រំដែន ត្រូវ​ពិនិត្យ និង​តាមដាន​មើល​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ ។ នេះ​បើ​យោង​តាម​សារ​សំឡេង​របស់ ឯកឧត្តម​អភិបាល នា​រសៀល​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៦ ។

អភិបាល​ខេត្តតាកែវ បាន​ថ្លែង​បន្ត​ថា កន្លង​មក​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា រាជរដ្ឋាភិបាល បាន​ចេញ​លិខិត​ណែនាំ​ដល់​ខេត្ត​ជាប់​ព្រំដែន​រួចរាល់​ហើយ ពី​ការ​ហាមឃាត់​ការ​ជួល​ដីស្រែ តាម​បណ្ដោយ​ព្រំដែន​ឱ្យ​ជនបរទេស ដូច្នោះ​អាជ្ញាធ​ពាក់ព័ន្ធ​រួម​ទាំង​សមត្ថកិច្ច​ឈរជើង​តាម​បណ្ដោយ​ព្រំដែន ត្រូវ​ទប់ស្កាត់ និង​ពិនិត្យ​មើល​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​ច្រើន កុំឱ្យ​ជួល​ឱ្យ​ជនជាតិ​វៀតណាម​ចូល​មក​ធ្វើ ព្រោះ​វា​បង្ក​ផល​លំបាក និង​បង្ក​ភាព​ស្មុគស្មាញ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួល​ដីស្រែ​នេះ ។

អភិបាល​ខេត្តតាកែវ បាន​បន្ថែម​ថា «​ពាក់ព័ន្ធ​រឿង​ជួល​ដីស្រែ​ឲ្យ​ជនបរទេស​នេះ បើ​មាន​មន្ត្រី​ណា​ឃុបឃិត​ឲ្យ​មានការ​ជួល​ដីស្រែ​ឲ្យ​ជនបរទេស​ចូល​មក​ធ្វើ គឺ​ត្រូវ​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់ ដោយ​គ្មាន​ការ​អនុគ្រោះ​នោះ​ទេ​» ។

ឯកឧត្តម វ៉ី សំណាង ក៏​បាន​លើក​ឡើង​ពី​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ព្រំដែន ជា​ពិសេស​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ៕