អាមេរិក-ម៉ិកស៊ិក ៖ ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន អាជ្ញាធរអាមេរិកបានរកឃើញផ្លូវរូងក្រោមដីលួចលាក់មួយមានប្រវែង៦០០ម៉ែត្រ ភ្ជាប់ក្រុងTIJUANA ម៉ិកស៊ិកទៅក្រុងសាន់ឌីយេហ្គោរដ្ឋកាលីហ្វួ័រនីញ៉ា។ កូកាអ៊ីនជាង១តោន ត្រូវបានចាប់រឹបអូស ហើយជនសង្ស័យ៤នាក់ត្រូវចាប់ខ្លួន។

ក្រសួងយុត្តិធម៌អាមេរិកប្រកាសនាថ្ងៃទី១ មិថុនា ពីការកម្ទេចផ្លូវរូងក្រោមដីឆ្លងកាត់ព្រំដែនមួយភ្ជាប់រវាងក្រុងTIJUANA ម៉ិកស៊ិកទៅឃ្លាំងមួយស្ថិតក្នុងសង្កាត់OTAY MESA ។ ការសស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើកាលពីខែធ្នូកន្លងទៅនេះ ដោយភ្នាក់ងារសហព័ន្ធអាមេរិក បាននាំទៅដល់ការចាប់បានកូកាអ៊ីនជាង១តោន ដែលមានតមៃ្លប្រមាណជាជាង៤៥លានដុល្លារ ព្រមទាំងការចាប់ខ្លួនមនុស្ស៤នាក់។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមព្រំដែនជាមួយម៉ិកស៊ិកមានឃ្លាំងមួយស្ថិតនៅខាងក្រោយហាងមួយដែលស្ទើរគ្មានមនុស្សចេញចូល ដោយនៅទីនោះគេបានរកឃើញរបស់រត់ពន្ធជាច្រើន។

ផ្លូវរូងក្រោមដីដែលរកឃើញនោះមានប្រវែង៦០០ម៉ែត្រជីកក្នុងជម្រៅ១៧ម៉ែត្រ មានបំពាក់គ្រឿងឧបករណ៍ដ៏កម្រសម្រាប់ត្រួតពិនិត្យ។ តាមកាសែតឡូសអេនចឺឡេសថែមថា ពួកអ្នកស៊ើបអង្កេតបានរកឃើញក្នុងផ្លូវរូងក្រោមដីនេះ ប្រព័ន្ធអគ្គិសនីមួយកង្ហា និងផ្លូវដែកសម្រាប់ដឹករបស់របរ ៕

ចែករំលែកព័តមាននេះ