រាជធានីភ្នំពេញ ៖ កម្ពុជាបន្តរងឥទ្ធិពលខ្យល់មូសុង ធ្វើឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ផ្ទររន្ទះ ៣ថ្ងៃជាប់គ្នា ដែលបណ្តាលមកពីព្យុះទី៦ ឈ្មោះ «ចាងមី» ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនាព្រឹកថ្ងៃទី០៣ ខែមិថុនានេះថា ៖ សម្ពាធទាបដែលកើតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី៦ ឈ្មោះ ចាងមី (Jangmi) T2606 ។ ទោះបីជាព្រះរាជាណាចក្រកម្ពុជា មិនស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះ ចាងមី នេះដោយផ្ទាល់ក៏ដោយ ប៉ុន្តែឥទ្ធិពលប្រព័ន្ធខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គោល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានលក្ខណៈដូចខាងក្រោម ៖
១. តំបន់វាលទំនាបៈ សីតុណ្ហភាព មធ្យមអប្បបរមា ២៥°C និងមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៣ ម៉ែត្រ/វិនាទី ។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២៥% ។ បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ស្វាយរៀង, ព្រៃវែង, តាកែវ, កណ្តាល និងរាជធានីភ្នំពេញ ។

២. តំបន់ខ្ពង់រាបៈ សីតុណ្ហភាព មធ្យមអប្បបរមា ២៦°C និងមធ្យមអតិបរមា ៣៦°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី ។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១០% ។ កំពង់ស្ពឺ, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, តំបន់ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ។

៣. តំបន់មាត់សមុទ្រៈ សីតុណ្ហភាព មធ្យមអប្បបរមា ២៥°C និងមធ្យមអតិបរមា ៣៥°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៤០% (មានកម្រិតខ្ពស់ជាងគេ) ។ កោះកុង, ព្រះសីហនុ, កំពត, កែវ និងជួរភ្នំបូកគោ ៕

ចែករំលែកព័តមាននេះ