សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ «អត់មានការកាត់បន្ថយ ដកលុយពីវិស័យអប់រំ និងសុខាភិបាលយកទៅកើនកងទ័ពនោះទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដើម្បីឱ្យអស់ចម្ងល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានករណីកាត់បន្ថយការចំណាយថវិកាក្នុងវិស័យអប់រំ និងសុខាភិបាល ដើម្បីបង្កើនថវិកាក្នុងវិស័យការពារនោះទេ ខណៈថវិកាក្នុងវិស័យអប់រំ និងសុខាភិបាលនឹងកើនឡើងដល់ឆ្នាំ២០២៩ ។

ថ្លែងក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា មានសារព័ត៌មានមួយចំនួន ធ្វើការផ្សព្វផ្សាយខុសបានដោយបានលើកឡើងថា «រាជរដ្ឋាភិបាល នឹងធ្វើការកាត់ចំណាយទៅលើវិស័យអាទិភាពមួយចំនួនដូចជា វិស័យអប់រំ និងវិស័យសុខាភិបាល» ។
ទាក់ទិននិងករណីនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖«ខ្ញុំសូមបញ្ជាក់ដោយខ្លីថា ទីមួយ គឺរាជរដ្ឋាភិបាលមិនមានការកាត់ចំណាយវិស័យអប់រំ និងវិស័យអប់រំទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ ទោះបីវិស័យការពារជាតិកើនក៏ដោយនេះជាចម្លើយខ្លី» ។
សម្ដេចធិបតីបានបន្ដថា «ទីពីរ វិស័យសង្គមកិច្ច និងអប់រំសុខាភិបាល បន្ដកើនឡើង ជាក់ស្ដែងនៅឆ្នាំ២០២៦នេះ ទោះបីជាយើងផ្ទុះសង្គ្រាម ឆ្នាំ២០២៥ ក៏ដោយចំណាយលើវិស័យការពារជាតិកើតក៏ដោយ ប៉ុន្ដែចំណាយលើវិស័យអប់រំ និងសុខាភិបាលអត់ថយទេ មានតែកើននៅឆ្នាំ២០២៦នេះ ហើយនឹងកើននៅឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ បន្ដទៀតនេះជាការពិត អត់មានការកាត់បន្ថយ ដកលុយពីអប់រំពីសុខាភិបាលយកទៅកើនកងទ័ពនោះទេ» ។
ជាមួយគ្នានោះដែរ សម្ដេចនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា វិស័យការពាររាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ សម្រាប់បង្កើនដែលវិស័យសំខាន់ រួមទាំងវិស័យការពារជាតិ សន្ដិសុខជាតិ វិស័យអប់រំ និងសុខាភិបាល និងសង្គមកិច្ចនេះឯង ។ សម្ដេចធិបតី ក៏បានអំពាវនាវដល់ពលរដ្ឋកុំព្រួយបារម្ភ ខណៈរាជរដ្ឋាភិបាល នៅ តែគិតគូរអាទិភាពធំបំផុតចំពោះវិស័យសង្គមកិច្ចអប់រំ និងសុខាភិបាលផងដែរ ៕
ចែករំលែកព័តមាននេះ