ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ឆក់​ត្រី និង​ដកហូត​ឧប​ករណ៍​​​នេសាទ​ខុសច្បាប់​ជា​បន្តបន្ទាប់ ក្នុង​រដូវ​បិទ​នេ​សាទ​​ត្រី​ពង​កូន

2 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ក្នុង​រដូវ​បិទ​នេសាទ និង​ការពារ​រដូវ​ត្រី​ពង​កូន ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង បាន​សហការ​ជាមួយ​គណៈកម្មការ​សហគមន៍​នេសាទ​អូរ​ម្រះ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ល្បាត​យ៉ាង​សស្រាក់សស្រាំ​ពេញ​២៤​ម៉ោង លើ ២៤​ម៉ោង ដោយ​បាន​បង្ក្រាប និង​ដកហូត​វត្ថុ​តាង​បទល្មើស​ជលផល​ជា​បន្តបន្ទាប់ កាលពី​យប់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៦ ត្រង់​ចំណុច​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ក្រចេះ។

ក្នុង​ប្រតិបត្តិការ​នោះ ក្រុមការងារ​បាន​បង្ក្រាប​ករណី​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់​ចំនួន ០១​ករណី​។ នៅ​ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច ជនសង្ស័យ​បាន​បើកទូក​បុក​ច្រាំង រួច​រត់គេច​ខ្លួន​ឡើងគោក​បាត់​ស្រមោល ដោយ​បន្សល់​ទុក​នូវ​វត្ថុ​តាង​រួម​មាន​៖ ទូក​ភ្ជាប់​ម៉ាស៊ីន​ចំនួន ០១ គ្រឿង​ក្បាល​ឆក់ (​អាំង​វែ​រ​ទ័​រ​) ចំនួន​០១​គ្រឿង អា​គុយ​ចំនួន​០២​គ្រឿង ថ្នង​ដងត្រី ចំនួន​០១​គ្រឿង ។

បច្ចុប្បន្ន ក្រុមការងារ​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​អត្តសញ្ញាណ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ។ ដោយឡែក ក្រុមការងារ​ទី​២ ក៏​បាន​ចុះ​ល្បាត​ក្នុង​តំបន់​គ្រប់គ្រង និង​ការពារ​សត្វ​ផ្សោត «​តំបន់​ត្បូង​ខ្លា​» ស្រុក​សៀម​បូក ដោយ​បាន​រក​ឃើញ និង​ដកហូត​សន្ទូចរនង​ខុសច្បាប់​ចំនួន​០១​ខ្សែ ប្រវែង​១៥០​ម៉ែត្រ (​ស្មើនឹង​៦៥​ផ្លែ​) ផង​ដែរ​។

ជាមួយ​គ្នា​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ខណ្ឌ​រដ្ឋបាល​ជលផល​តែង​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​មិន​ថា ក្នុង​រដូវ​បិទ​នេសាទ ឬ​បើក​នេសាទ​អំពី​ផល​ប៉ះពាល់​ទាំងឡាយ​ណា ដែល​បង្ក​មហន្តរាយ​ដល់​ធនធាន​ជលផល ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ដែល​ជាក​ក្តា​នាំ​អោយ​អន្តរាយ​ដល់​ត្រី​។

ការ​ប្រើប្រាស់​ឧបករណ៍​នេះ ទោះបី​ត្រី​នៅ​គម្លៀត​ពី​ចរន្តអគ្គិសនី​ដែល​មិន​អាច​ធ្វើ​អោយ​ងាប់​ក្តី តែ​វា​បាន​រង​ផល​ប៉ះពាល់​ដល់​ការ​បន្ត​ពូជ ដោយសារ​ចរន្តអគ្គិសនី​ធ្វើ​ស្វិត​ពង​លែង​ញាស់ ឬ​លែង​បន្ត​ពូជ​បាន​រៀង​រហូត ។ និយាយ​ជា​រួមការ​ប្រើប្រាស់​ឧបករណ៍​ឆក់ គឺជា​ទ​ង្វើ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ ដែល​មិន​ត្រឹមតែ​សម្លាប់​ត្រី​មេ​ពូជ និង​កូន​ត្រី​តូច​ៗ​នៅ​ក្នុង​តំបន់​នោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​បំផ្លាញ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ជម្រក បង្ក​ហានិភ័យ​ដល់​សត្វ​ផ្សោត​ទន្លេមេគង្គ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ថែម​ទៀត​ផង​។

យោង​តាម​ច្បាប់​ស្តី​ពី​ជលផល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ការ​ប្រើប្រាស់​ចរន្តអគ្គិសនី ឬ​ឧបករណ៍​ឆក់​គ្រប់​ប្រភេទ​ក្នុង​សកម្មភាព​នេសាទ ត្រូវ​ចាត់ទុកជា «​បទល្មើស​ជលផល​ថ្នាក់​ទី​១»​។ យោង​តាម​មាត្រា​៩៨​នៃ​ច្បាប់​នេះ ជន​ប្រព្រឹត្ត​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ០៣ (​បី​)​ឆ្នាំ ដល់​០៥ (​ប្រាំ​) ឆ្នាំ ហើយ​វត្ថុ​តាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ភូមិសាស្ត្រ​ខេត្ត​ស្ទឹ​ង៊​ត្រែង រដូវ​បិទ​នេសាទ ឬ​រដូវ​ត្រី​ពង​កូន បាន​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​០១ ខែឧសភា រហូត​ដល់​ខែ​បើក​នេសាទ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ។ នេះ​គឺជា​ដំណាក់កាល​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​អនុញ្ញាត​ឱ្យ​ត្រី​មេ​ពូជ​អាច​ពង​កូន និង​បន្ត​ពូជ​បង្កើន​ផល​ស្តុក​ត្រី​ឡើង​វិញ​។
ខណ្ឌ​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​ខេត្តស្ទឹងត្រែង នៅ​តែ​បន្ត​អំពាវនាវ​យ៉ាង​ទទូច​ដល់​បងប្អូន​ប្រជា​នេសាទ​ទាំងអស់ ៖ ១-​បញ្ឈប់​ជា​បន្ទាន់ រាល់​ការ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ជា​ពិសេស​ឧបករណ៍​ឆក់ និង​មង​ក្រឡា​ធំ​ៗ​ក្នុង​តំបន់​អភិរក្ស ។ ២-​ចូលរួម​គោរព​ច្បាប់ ជលផល​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រក្សា​ប្រភព​ស្បៀងអាហារ និង​ធនធាន​ជលផល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។ ៣-​រាយការណ៍​ជា​បន្ទាន់ ជូន​សមត្ថកិច្ច​ក្នុង​ករណី​ជួប​ប្រទះ​សកម្មភាព​លួចលាក់​នេសាទ​ខុសច្បាប់ ។

ពាក់ព័ន្ធ នឹង​ជំនាញ​រដ្ឋបាល​ជលផល​សមត្ថកិច្ច​ជំនាញ​នៃ​ខេត្តស្ទឹងត្រែង និង​ក្រចេះ នឹង​បន្ត​កិច្ចសហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត ដើម្បី​ចុះ​ល្បាត និង​ចាត់វិធានការ​ច្បាប់ ២៤ ម៉ោង​លើ ២៤ ម៉ោង ដោយ​គ្មាន​ការ​លើកលែង​ឡើយ ចំពោះ​បុគ្គល​ណា​ដែល​ហ៊ាន​បំពាន​ច្បាប់ បំផ្លាញ​អនាគត​មច្ឆជាតិ​ខ្មែរ ៕