សមត្ថកិច្ចស្រុកគងពិសីបង្ក្រាបក្នុងផ្ទះសំណាក់ដោយឃាត់ខ្លួនជនបរទេស៩នាក់លួចស្នាក់នៅខុសច្បាប់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជនបរទេសចំនួន៩នាក់ ក្នុងនោះ មានស្រី០៤នាក់ ហើយមានចំនួន០៤សញ្ជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកគងពិសីធ្វើការឃាត់ខ្លួនពីបទលួចស្នាក់នៅខុសច្បាប់ ( ផុតទិដ្ឋាការស្នាក់នៅ ) ក្នុងផ្ទះសំណាក់ ស្ថិតនៅភូមិសាស្ត្រ ភូមិភានស្សា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ការឃាត់ខ្លួនជនបរទេសចំនួន៩នាក់ មាន០៤សញ្ជាតិ បានធ្វើឡើងកាលពីវេលាម៉ោង០៤និង៤០នាទីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានចុះធ្វើរដ្ឋបាលចំហ និងផ្សព្វផ្សាយអនុក្រឹតលេខ០៣អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ក្រុមការងារចម្រុះបានរកឃើញមានវត្តមានជនបរទេសចំនួន៩នាក់ ប្រុសចំនួន ០៥នាក់ និងស្រីចំនួន០៤នាក់ មានចំនួន០៤
សញ្ជាតិ។

នគរបាលស្រុកគងពិសីបាននិយាយដឹងថា ជនបរទេសចំនួន៩នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន គឺមានជនជាតិកាមេរ៉ូនចំនួន០៤នាក់ ស្រី០២នាក់ ជនជាតិអ៊ូហ្គង់ដា ចំនួន០២នាក់ ស្រី០១នាក់ ជនជាតិកេនយ៉ាចំនួន០១នាក់ ស្រី និងជនជាតិនីហ្សេរីយ៉ាចំនួន០២នាក់។

នគរបាលស្រុកគងពិសីបានបញ្ជាក់ឲ្យដឹងថា ក្រោយធ្វើការឃាត់ខ្លួន ជនបរទេសទាំង៩នាក់ ស្រីចំនួន០៤នាក់ រួមជាមួយនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕





ចែករំលែកព័តមាននេះ