ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខលំបាកជាង៤ទសវត្សរ៍៖ ពលរដ្ឋស្រុកសៀមបូក រៃអង្គាសប្រាក់សង់ស្ពានឈើបណ្ដោះ​អាសន្នឆ្លងអូរ ខណៈ​រង់ចាំកញ្ចប់ថវិការដ្ឋ

3 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​សៀម​បូក ស្រុក​សៀម​បូក នៅ​តែ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ជីវភាព​រស់នៅ បន្ទាប់​ពី​តំបន់​នោះ​ប្រឈម​នឹង​ការ​ខ្វះខាត​ស្ពាន​ឆ្លងកាត់​អូរ​ធម្មជាតិ​សំខាន់​ៗ​ចំនួន​៣​មក​អស់​រយៈពេល​ជាង​៤ទសវត្សរ៍ ។

ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ នា​ដើមខែ​មិថុនា ឆ្នាំ​២០២៦ នេះ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​អូរ​ក្រាក់ និង​ភូមិ​អូរ​ឡង់ បាន​សម្រេចចិត្ត​រួម​គ្នា​រៃ​អង្គាស​ថវិកា និង​ប្រមូល​ឈើ​មក​សាង​សង់ស្ពាន​បណ្តោះអាសន្ន​មួយ​ឆ្លងកាត់​ចំណុច​អូរ​ឈ្លីក ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រចាំ​ថ្ងៃ ។ លោកស្រី សែ​ម ពាង ពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ឡង់ បាន​រៀបរាប់​ពី​ការ​លំបាក​ថា ទោះបីជា​រដូវប្រាំង​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ខ្លះ​មែនពិត ប៉ុន្តែ​នៅ​រដូវវស្សា អូរ​នេះ មានទឹក​ហូរ​ខ្លាំង​គួរ​ឱ្យ​ខ្លាច ដែល​បង្ខំ​ឱ្យ​ពលរដ្ឋ​ត្រូវ​ប្រើប្រាស់​ទូកដ​ចម្លង ដោយ​ត្រូវ​ចំណាយ​ប្រាក់​២,០០០​រៀល​ក្នុង​ម្នាក់​ៗ (​រួម​ទាំង​ម៉ូតូ​)​។

ពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ សំណូមពរ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ជួយ​សិក្សា និង​ផ្តល់​ជា​ស្ពានដែក ឬ​ស្ពានបេតុង​រឹង​មាំ ដើម្បី​បញ្ចប់​ទុក្ខ​លំបាក​ដែល​អូស​បន្លាយ​ច្រើន​ទសវត្សរ៍​មក​ហើយ​។ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សួង ហ៊ី អភិបាលស្រុក​សៀម​បូក​បាន​ទទួលស្គាល់​ថា ផ្លូវ​កាត់​អូរ​នេះ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​ត​ភ្ជាប់​ទំនាក់ទំនង​រវាង​ភូមិ និង​ភូមិ រហូត​ទៅ​ដល់​ទីរួមខេត្ត ។

លោក​បាន​កោតសរសើរ​ចំពោះ​ស្មារតី​សាមគ្គីភាព​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​បាន​បញ្ជាក់​ថា គម្រោង​សាងសង់​ស្ពាន​ស្តង់ដារ​នៅ​ចំណុច​នេះ ត្រូវការ​កញ្ចប់​ថវិកា​ធំធេង ដែល​លើស​ពី​លទ្ធភាព​របស់​រដ្ឋបាល​ឃុំ ។បច្ចុប្បន្ន អាជ្ញាធរ​ស្រុក​បាន​ដាក់​សំណើ និង​សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រួចរាល់​ហើយ ដើម្បី​ចុះ​សិក្សា​ស្វែងរក​ដំណោះ​ស្រាយ តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ត្រឡប់​មក​វិញ​នៅឡើយ ។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​សៀម​បូក មាន​អូរ​ធំ​ៗ​ចំនួន​៣ ដែល​កំពុង​រាំងស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ រួម​មាន​៖ អូរ​ឈ្លីក​, អូរ​រនាម​, អូ​ឡង់​, អូរ​ទាំង​បី​នេះ មិន​ទាន់​មាន​ស្ពាន​ត្រឹមត្រូវ​ឡើយ ដែល​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ផលដំណាំ​កសិកម្ម​របស់​ប្រជាក​សិករ​មានការ​កកស្ទះ និង​ជួប​ការ​លំបាក​ខ្លាំង​នៅ​រដូវវស្សា ។