រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅកាន់អ្នករិះគន់ការទៅតំបន់ខ្នងផ្សា ដើម្បីមើលសមិទ្ធិផលដែលសម្តេចដាក់ចេញពេលកន្លងមក ពោលមិនដូចជា អ្នករិះគន់លើកឡើងថា សម្ដេចទៅកាន់តំបន់ខ្នងផ្សារ និងទេទឹកពុះ ថា «មិនគិតរឿងជាតិ គិតតែដើរលេងសប្បាយ» ។

ការថ្លែងបែបនេះ របស់សម្ដេចបានធ្វើឡើង នាឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ។
សម្តេចធិបតីបានឆ្លើយតបនឹងមតិចោទប្រកាន់ពីវត្តសម្ដេចទៅកាន់តំបន់ខ្នងផ្សារ និងទេទឹកពុះ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់ទេសចរណ៍បែបសហគមន៍ទាំងពីរ សំដៅបង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាសហគមន៍ មិនមែនជាការដើរកម្សាន្តសប្បាយមួយមុខនោះទេ ។

ក្នុងឱកាសនោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកពីដំណើរទស្សនកិច្ចឆ្នាំមុនរបស់សម្ដេចជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផាល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយ ឯកឧត្តម ជាម ច័ន្ទសោភណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺមកកាន់តំបន់ខ្នងផ្សារនេះ ។

សម្ដេចធិបតី បានជួបជាមួយប្រធានសហគមន៍ និងបានជ្រាបពីតម្រូវការចាំបាច់របស់សហគមន៍ ដើម្បីប្រែក្លាយជាសហគមន៍គំរូនៅមូលដ្ឋាន ។ នាពេលនោះ សម្ដេចនាយករដ្ឋមន្ត្រី បានចាត់លោករដ្ឋមន្ត្រីទាំងពីរ និងលោកអភិបាលខេត្តសហការជាមួយសហគមន៍ រៀបចំផែនការក្នុងការរៀបចំទាំងហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មនានា សំដៅបង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុញ្ញាតឱ្យពួកគាត់ធ្វើជាអ្នកការពារធនធានធម្មជាតិ ជំនួសឱ្យការកាប់ព្រៃឈើដើម្បីរកចំណូល ។
សូមជម្រាបថាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី ក៏បានទៅទស្សនកិច្ចនៅតំបន់ខ្នងផ្សារជាថ្មី ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ និងត្រូវបានប្រជាពលរដ្ឋថតផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ។
ក្នុងនោះមានមតិខ្លះ លើកឡើងថា សម្ដេចមិនគិតពីរឿងប្រទេសជាតិ គិតតែដើរលេងកម្សាន្តឥតប្រយោជន៍ ។ បន្ថែមពីនេះ ការលើកឡើងខ្លះ បានចោទប្រកាន់ថា សម្ដេចទៅដកការអភិវឌ្ឍនៅតំបន់ទេសចរណ៍ទាំងពីរផងដែរ ។ ឆ្លើយតបនឹងមតិខាងលើ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ខ្ញុំទៅថ្ងៃមុន មិនមែនទៅដកពីប្រជាជនទេ តែទៅដើម្បីរៀបចំឱ្យល្អ ហើយបង្កើនសមត្ថភាពរបស់សហគមន៍ ដើម្បីជំរុញការអភិវឌ្ឍ ហើយធ្វើយ៉ាងណាឱ្យតំបន់នោះមានភាពជោគជ័យ ។ កន្លែងដែលមានសក្ដានុពលទេសចរណ៍ ដូចជាទេទឹកពុះ ដូចនៅខ្នងផ្សារ ខ្ញុំបានណែនាំកុំយកវិស័យឯកជនទៅអភិវឌ្ឍនៅកន្លែងដែលអាចប្រើប្រាស់ជាសាធារណៈ ទុកវាជាជាកន្លែងទេសចរណ៍ធម្មជាតិ ។ វិស័យឯកជនចង់វិនិយោគ អាចវិនិយោគចម្ងាយ១គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ ឬ៥គីឡូម៉ែត្រពីទីតាំងនោះទៅ»។
ជាមួយគ្នានេះដែរសម្ដេច ក៏បានណែនាំឱ្យមានការរៀបចំទីធ្លាសម្រាប់ផ្លាស់សម្លៀកបំពាក់ និងកន្លែងងូតទឹកនៅទេទឹកពុះឱ្យបានរៀបរយជាងមុន ដើម្បីសុខមាលភាពអ្នកទេសចរពេលទៅកម្សាន្តនៅទីនោះ ដែលនេះជាការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាសហគមន៍របស់យើង មិនមែនដូចអ្វីដែលមតិទាំងនោះបានចោទប្រកាន់នោះទេ៕
ចែករំលែកព័តមាននេះ