ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវប្រវត្តិ​នាំមកនូវ​​ឧត្តម​​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ​​របស់ព្រះ​មហាវីរក្សត្រ​​​​ព្រះបាទ​នរោត្តម ​សីហនុ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូត្រ​នៅ​ថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ​១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណា​ចក្រ​កម្ពុជា។ ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះ​អង្គ​បាន​ចូលសិក្សា នៅសាលាបឋមសិក្សា François Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ​​​​ ៖ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូត្រ​នៅ​ថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ​១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណា​ចក្រ​កម្ពុជា។ ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះ​អង្គ​បាន​ចូលសិក្សា នៅសាលាបឋមសិក្សា François Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះ​អង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាស​​លូឡូបា (Lycée Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។

នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្ត​ការសិក្សាជាន់ខ្ពស់​នៅសាលាអនុវត្តទ័ពសេះ និង​កងទ័ពរថពាសដែកនៅសូមៀរ (Saumur) ប្រទេសបារាំង។ នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក បានជ្រើសតាំង និង​ថ្វាយព្រះរាជឋានៈព្រះអង្គជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែ​តុលា ឆ្នាំ១៩៤១។ បន្ទាប់ពីប្រទេសកម្ពុជាបាន ទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបាន​ដាក់​រាជ្យថ្វាយព្រះបិតានៅថ្ងៃទី​២ ខែមីនា ឆ្នាំ១៩៥៥។ ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជា លើកទី២ នៅថ្ងៃទី២៤ កញ្ញា ១៩៩៣ ហើយ​ទ្រង់បានដាក់រាជ្យវិញនៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវ​បានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ ។

ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការ​ទាម​ទារឱ្យ​រាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជ​អាណាចក្រកម្ពុជាវិញជាដាច់ខាត នូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសាកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ​គឺខេត្តបាត់​ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង។ ឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឱ្យ​ប្រទេសបារាំងបញ្ឈប់​នូវ​សន្ធិ​សញ្ញាអាណាព្យាបាល ដែលបានចុះហត្ថ​លេខា​​នៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ​១៩៤៩​ដដែល​ព្រះអង្គបានឡាយព្រះហស្ត​លេខា​លើ​សន្ធិ​សញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រម​ទទួល​ស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រ​ះរាជាអាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ​១៩៤៩​នេះ លុបចោលនូវសន្ធិសញ្ញាអាណា​ព្យា​បាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ ពីឆ្នាំ១៩៥២ ដល់​​១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជ​បូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ១០០ភាគ​រយជូនជាតិមាតុភូមិ។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នា​ព្រះហស្ត​ដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជ​អាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពី សាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជា​ទូទាំង​ប្រទេស សូមថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះ​មហាវីរបុរសជាតិ-​ព្រះបិតាឯករាជ្យជាតិ»។ ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​១៩៥២ ព្រះបាទនរោត្តម​សីហនុ ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គ​នឹង​ខិតខំស្វែងរកឯករាជ្យបរិបូណ៍​ជូនជាតិ មាតុ​ភូមិ​ឱ្យ​​បានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុង​ពេល​នោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គ​ទ្រង់​យាងទៅកាន់ប្រទេសបារាំងក្នុងខែកុម្ភៈ ឆ្នាំ​១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើសារ​លិខិត​ជូនលោក​វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃ​សាធា​រណរដ្ឋបារាំង​ចំនួន៣លើក៖
-លើកទី១ ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​១៩៥៣ ពីទី​ក្រុងណាពូល
-លើកទី២ ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៥៣ ពីទី​ក្រុងណាពូល
-លើកទី៣ ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​១៩៥៣ ពីទី​ក្រុងផុងតែណឺប្លូ។
ដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹង
សំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យ យាង​ទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុង
ប្រទេសកាណាដា និងសហរដ្ឋអាមេរិកទៀត។
នៅប្រទេសកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយ
សង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹងរាជាណាចក្រ
កម្ពុជា និងប្រទេសបារាំង ដែលជាតំណាង​ប្រទេស​លោកសេរី ក្នុងឥណ្ឌូចិន៖
-​ទី១ គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួក​កុម្មុយ​នីស្ត
-ទី២ គឺបញ្ហាឯករាជ្យបរិបូណ៍​សម្រាប់ព្រះ​រាជាណាចក្រកម្ពុជា។
យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុម្មុយនីស្ត​ទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗ សុទ្ធតែមាន​ដី​ធ្លី​ជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះ គឺ​ឯករាជ្យបរិបូណ៍​សម្រាប់ប្រទេសជាតិ។ ចំណែកពួកកុម្មុយ​នីស្ត​ គេ​មើលឃើញថាប្រទេសកម្ពុជា ជាទីតាំងមួយ​ប្រសើរ​សម្រាប់ពួកគេ។ នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវ បានសារព័ត៌មានដ៏ធំមួយឈ្មោះ​ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី ១៩ ខែ​មេសា  ឆ្នាំ​១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំង​មូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ ​បើបារាំង​មិនយល់ព្រមប្រគល់ឯករាជ្យឱ្យ​កម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថា​ប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹង បារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនីស្ត”។ ក្នុង​ករណី​មានការគំរាមកំហែង​ប្រជាពលរដ្ឋប្ដេជ្ញាថា «ពួក​បារាំងទាំងអស់ ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយ​របស់​ពួកគេនឹងមកដល់»។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឱ្យ​មតិ​សាកល​លោក ពិសេសលោកខាងលិច តម្រូវឱ្យ​រដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជា
មួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូណ៍​នៃ​រាជា​ណាចក្រកម្ពុជា៕