រាជធានីភ្នំពេញ ៖ នៅសាលប្រជុំមន្ទីរពេទ្យកាល់ម៉ែតកាលពីព្រឹកថ្ងៃទី២៧ ខែតុលា បានបើកសិក្ខាសាលាស្តីពីជំងឺអេដស៍និងសុខភាពបន្តពូជរយៈពេលពីរថ្ងៃ ក្រោមអធិបតីភាពលោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិតគ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតគង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត និងមានការចូលរួមពីសិក្ខាកាមចំនួន៥០នាក់មកពីមន្ទីរពេទ្យកាល់ម៉ែត មិត្តភាពខ្មែរ-សូវៀត ព្រះកេតុមាលា ព្រះកុសុមៈ មន្ទីរពេទ្យហូប មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រះសីហនុ តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គ្លីនិកសង្គម និងសមាជិកសមាគមកម្ពុជាប្រឆាំងជំងឺអេដស៍ ។
សិក្ខាសាលានេះផ្តល់ជូនដល់សិក្ខាកាមនូវចំណេះដឹងទាក់ទងទៅនឹងស្រ្តីដែលផ្ទុកមេរោគអេដស៍ ហើយចង់បានកូន និងកាន់តែយល់ដឹងពីមេរោគមហារីកមាត់ស្បូនបន្ថែមទៀត ។
ក្នុងពិធីបើកសិក្ខាសាលាលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតគង់ សន្យា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបាននិងកំពុងតែយកចិត្តទុកដាក់ថែទាំ និងព្យាបាលទៅលើអ្នកជម្ងឺដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ និងព្យាយាមធ្វើយ៉ាងណាកាត់បន្ថយអត្រាឆ្លងនៃជំងឺនេះ ជាពិសេសគឺអត្រាឆ្លងពីម្តាយទៅកូនចាប់ផ្តើមពីចំណុចនេះមានបណ្តាអង្គការនានាបានចូលរួមសហការយ៉ាងសកម្មជាមួយថ្នាក់ជាតិក្នុងការសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបច្ចុប្បន្នអត្រាចម្លងត្រឹមតែ០,៨ភាគរយបុ៉ណ្ណោះចំពោះមនុស្សពេញវ័យចាប់ពីអាយុ១៥ឆ្នាំដល់៤៩ឆ្នាំ។ អេស្ទែរជាកម្មវិធីមួយក្នុងចំណោមកម្មវិធីនានាដែលធ្វើការជុំវិញបញ្ហាជំងឺអេដស៍ដោយមានការសហការយ៉ាងស្អិតរមួតពីមន្ទីរពេទ្យកាល់ម៉ែត សហគមន៍កម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងដៃគូនានានៅប្រទេសបារាំង។ កម្មវិធីអេស្ទែរបានចាប់ផ្តើមការងាររបស់ខ្លួននៅក្នុងមន្ទីរពេទ្យកាល់ម៉ែតចាប់ពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន និងបានទទួលអ្នកជំងឺចំនួន១.៩០០នាក់ដែល ក្នុងនោះមាន១.៥៤៩នាក់បានប្រើប្រាស់ថ្នាំពន្យារដែលស្មើនឹង៧៨ភាគរយនៃអ្នកជំងឺសរុប ។
សេវាពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យកាល់ម៉ែតចាប់ពីឆ្នាំ២០០៣ រហូតដល់ខែកក្កដា ឆ្នាំ២០១១ ចំនួនស្រ្តីដែលមកធ្វើ Consultation prenatale ចំនួនប្រហែល១៨.៧៥២នាក់ដែលក្នុងនោះមានស្រ្តីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍ចំនួន៦៥៧នាក់ដែលស្មើនឹង៣,៥ភាគរយ។ ចំនួនស្រ្តីមានផ្ទៃពោះដែលផ្ទុកមេរោគ ហើយមកពិគ្រោះ និងទទួលការព្យាបាលនៅក្នុងកម្មវិធីអេស្ទែរមាន២២០នាក់ដែលស្មើនឹងប្រហែល៣៤ភាគរយនៃចំនួនស្រ្តីដែលផ្ទុកមរោគសរុប។ ដើម្បីបន្តខិតខំលើកកម្ពស់សុខុមាលភាពរបស់អ្នករស់នៅជាមួយមេរោគអេដស៍ សមាគមកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍បានសហការជាមួយអេស្ទែរ និងក្រោមការជួយជ្រោមជ្រែងរបស់មន្ទីរពេទ្យកាល់ម៉ែតបានរៀបចំជា SEMINAIRE DE FORMATION VIH SANTE REPRODUCTIVE ឡើងដោយមានបទបង្ហាញថ្មីៗពីអ្នកឯកទេសក្នុងស្រុក និងក្រៅស្រុកក្នុងគោលបំណងឲ្យសិក្ខាកាមទាំងអស់អាចយកចំណេះដឹងថ្មីៗទាំងនេះមកអនុវត្តក្នុងការងាររបស់ពួកគេឲ្យបានកាន់តែជោគជ័យ និងមានលទ្ធផលកាន់តែល្អប្រសើរជាងមុន៕
ចែករំលែកព័តមាននេះ