រាជធានីភ្នំពេញ ៖ ជនសង្ស័យឆក់ខ្សែ.កម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាព ឆក់ខ្សែ.កប្លាទីន ទម្ងន់២ជី៣ហ៊ុន ពីអ្នកដំណើរកាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី២២ តុលា ទៅតាមផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក។
ជនសង្ស័យត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះអ៊ុយ វិសាល ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្សវិទ្យាល័យឥន្ទ្រទេវី មានទីលំនៅផ្ទះលេខ៧០ ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ចំណែកម្ចាស់ខ្សែ.កឈ្មោះកែវ សុវ័ន្ត ភេទស្រី អាយុ២០ឆ្នាំ ជានិស្សិត មានទីលំនៅផ្ទះលេខ៤៥០ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមចោរឆក់មានបក្សពួកចំនួន២នាក់ ជិះម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់ខ្សែ.កទម្ងន់២ជី៣ហ៊ុន ពីអ្នកដំណើរម្នាក់បានសម្រេច ហើយជិះម៉ូតូគេចខ្លួន តែត្រូវក្រុមគ្រួសាររបស់ម្ចាស់ខ្សែ.ក ជិះម៉ូតូដេញតាម ហើយចាប់ទាញទម្លាក់ពីលើម៉ូតូចាប់បានម្នាក់ ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ឯបក្សពួកម្នាក់ទៀតបើកម៉ូតូគេចខ្លួនបាត់៕
ចែករំលែកព័តមាននេះ