រាជធានីភ្នំពេញ ៖ នៅសាលប្រជុំមន្ទីរពេទ្យកាល់ម៉ែតបានរៀបចំពិធីប្រគល់ឧបករណ៍វេជ្ជសាស្រ្ត និងបរិក្ខារពេទ្យដល់មន្ទីរពេទ្យកាល់ម៉ែតកាលពីរសៀលថ្ងៃទី១៧ តុលា ឆ្នាំ២០១១ ក្រោមអធិបតីភាពលោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត តំណាងស្ថានទូតអាមេរិកនៅកម្ពុជា នាយកមូលនិធិក្រុមហ៊ុនGE នាយករង ក្រុមហ៊ុនGE ព្រមទាំងវេជ្ជបណ្ឌិត និងមន្រ្តីរាជការជាច្រើនរូបទៀត ។
លោកឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងក្នុងពិធីនោះថា មន្ទីរពេទ្យកាល់ម៉ែតជាគ្រឹះស្ថានសាធារណៈសុខាភិបាលមានបេសកកម្មបំរើសេវាសាធារណៈលើវិស័យសុខាភិបាលជានីតិបុគ្គលប្រកបដោយស្វ័យហិរញ្ញវត្ថុនិងទទួលពិនិត្យព្យាបាលអ្នកជំងឺគ្រប់ស្រទាប់។ សព្វថ្ងៃមន្ទីរពេទ្យកាល់ម៉ែតមានគ្រែសរុប៣៤០ មានផ្នែកសេវាឯកទេសពិនិត្យព្យាបាលចំនួន៩ គឺផ្នែកសល្យសាស្រ្ត ផ្នែកជំងឺទូទៅ ផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិគ្រោះ ជំងឺក្រៅ ផ្នែកប្រពោធកម្ម ផ្នែកសណ្តំ និងផ្នែកប្រព័ន្ធប្រសាទ ។ បច្ចេកទេសអមវេជ្ជសាស្រ្តមាន៤ផ្នែក គឺផ្នែករូបភាពវេជ្ជសាស្រ្ត ផ្នែកមន្ទីរពិសោធន៍ ផ្នែកឱសថស្ថាន និងសល្យាគារ ។
ដោយកំណើនប្រជាជន និងការជឿទុកចិត្ត មន្ទីរពេទ្យនៅតែជួបការលំបាកមួយចំនួនដោយខ្វះកន្លែងសំរាកព្យាបាល និងឧបករណ៍ពេទ្យមួយចំនួននៅឡើយ។ សព្វថ្ងៃមានអ្នកជំងឺសំរាកព្យាបាលប្រចាំថ្ងៃជាមធ្យមពី៤៥០ ទៅ៥៥០នាក់ អ្នកជំងឺក្រីក្រមានចំនួនប្រមាណ៣០ទៅ៣៥ភាគរយនៃជំងឺសំរាកប្រចាំថ្ងៃ ។ ការងារពិនិត្យព្យាបាលជំងឺ គឺជាភារកិច្ចចម្បងរបស់មន្ទីរពេទ្យ។ដោយឡែកមន្ទីរពេទ្យនៅបានបំពេញភារកិច្ចដ៏សំខាន់បន្ថែមទៀតគឺក្នុងពេលមានគ្រោះអាសន្នកន្លងមកដែលប្រទេសជាតិ ក៏ដូចជាក្រសួងសុខាភិបាលបានជួបនិងជំងឺឆ្លង ដូចជា SARS ជំងឺគ្រុនផ្តាសាយបក្សី ជំងឺគ្រុនផ្តាសាយថ្មី គ្រោះអាសន្ននៅស្ពានពេជ្រ និងថ្មីៗនៅថ្ងៃទី៦ តុលា ២០១១ មន្ទីរពេទ្យបានទទួលអ្នកជំងឺពុលមេតាណុលចំនួន៧០នាក់ដែលបញ្ជូនមកពីខេត្តពោធិ៍សាត់។ ទាំងនេះជាភារកិច្ចដែលមន្ទីរពេទ្យកាល់ម៉ែតបានខិតខំទ្រោលសភាពការណ៍ ដើម្បីស្រោចស្រង់ជីវិតប្រជាពលរដ្ឋក៏ ដូចជាការទ្រទ្រង់គោលនយោបាយរបស់ក្រសួងសុខាភិបាលលើវិស័យសុខាភិបាល ។
លោកម៉មប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ថ្ងៃនេះមន្ទីរពេទ្យកាល់ម៉ែតក៏ដូចជាមន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេសមានការខ្វះខាត និងត្រូវការឧបករណ៍វេជ្ជសាស្រ្តនិងបរិក្ខារពេទ្យយ៉ាងខ្លាំង ដូច្នេះចំពោះការប្រគល់អំណោយទាំងនេះដល់មន្ទីរពេទ្យកាល់ម៉ែតក៏ចាត់ទុកជាអំពើមនុស្សធម៌មួយក្នុងការលើកទឹកចិត្តដ៏សំខាន់ ដើម្បីជួយឱ្យមន្ទីរពេទ្យមានការរីកចម្រើនផ្នែកវិស័យសំភារបរិក្ខារពេទ្យ។ កន្លងមកក្រុម GE បានប្រគល់អំណោយឧបករណ៍វេជ្ជសាស្រ្ត និងបរិក្ខារពេទ្យជូនដល់មន្ទីរពេទ្យចំនួន៣១ក្នុង២៤ខេត្ត រាជធានី ព្រមទាំងមន្ទីរពេទ្យជាតិដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិនិងមន្ទីរពេទ្យព្រះកុសុម។ អំណោយដ៏ថ្លៃថ្លារបស់ក្រុមហុ៊ន GE ទាំងអស់នេះជាការរួមចំណែកក្នុងការទ្រទ្រង់គោលនយោបាយសុខាភិបាលដែលពីមួយថ្ងៃទៅមួយថ្ងៃរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែគិតគូរជានិច្ចចំពោះសុខុមាលភាពរបស់ប្រជាជន។ សម្ភារដែលក្រុមហុ៊ន GE ប្រគល់ជូនមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃនេះមាន ១-Ultrasound: ២គ្រឿង (black &White ១គ្រឿងនិងLogice ១គ្រឿង) ២-Moblile x-ray: ១គ្រឿង ៣-Patient Monitor: ៤គ្រឿង បើគិតជាទឹកប្រាក់ចំនួនដប់ពីរម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលបានផ្តាំផ្ញើដល់មន្រ្តីរាជការ បុគ្គលិកទាំងអស់ដែលជាអ្នកប្រើប្រាស់ឧបករណ៍វេជ្ជសាស្រ្ត និងបរិក្ខារពេទ្យសម្រាប់ព្យាបាលអ្នកជំងឺសូមឱ្យយកចិត្តទុកដាក់ថែទាំឧបករណ៍ និងបរិក្ខារពេទ្យឱ្យបានល្អដើម្បីគុណភាពប្រើប្រាស់ឲ្យបានយូរអង្វែងដែលនេះ ជាភារកិច្ចនិងតួនាទីដ៏សំខាន់របស់បុគ្គលិកសុខាភិបាល ។
តាងនាមឱ្យក្រសួងសុខាភិបាលនិង ប្រជាពលរដ្ឋទូទាំងប្រទេស និងរូបលោកផ្ទាល់សូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះស្ថានទូតសហរដ្ឋអាមេរិកនិងក្រុមហ៊ុនGE ដែលបានផ្តល់អំណោយឧបករណ៍វេជ្ជសាស្រ្តនិងបរិក្ខារពេទ្យដល់មន្ទីរពេទ្យកាល់ម៉ែតដែលអំណោយទាំងនោះបានជួយរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់គុណភាព និង ប្រសិទ្ធភាពនៃការព្យាបាលជំងឺជូនប្រជាជនបានកាន់តែប្រសើរ ៕
ចែករំលែកព័តមាននេះ