ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជីក​ត្បូង​នៅប៉ៃលិន​រក​អង្ករ​ច្រក​​ឆ្នាំង​ស្ទើរ​តែ​មិន​បាន

13 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ សព្វថ្ងៃនេះ មានត្បូង​នៅ​សេស​សល់តិចតួចណាស់ក្រោយពីសង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​ ក្នុងស្រុកបានបញ្ចប់ទៅ។ កាលពីមុន ខេត្ត​ប៉ៃលិន គឺជាទឹកដីដែលមានជនជាតិ ជ្វា កូឡា និង​ប្រជាជនខ្មែរតែងតែមក​រស់នៅ​រក​ស៊ីជីកដី រែងត្បូង ហើយនៅទូទាំងប្រទេស​ក៏​ល្បី​តៗគ្នាថា ទឹកដីខេត្តប៉ៃលិនសម្បូរទៅដោយត្បូង​ដ៏​មាន​តម្លៃ ដូចជាត្បូង​កណ្តៀង ត្បូង​ទទឹម ត្បូង​ខៀវ ក្រហម

ខេត្តប៉ៃលិន ៖ សព្វថ្ងៃនេះ មានត្បូង​នៅ​សេស​សល់តិចតួចណាស់ក្រោយពីសង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុងស្រុកបានបញ្ចប់ទៅ។ កាលពីមុន ខេត្ត​ប៉ៃលិន គឺជាទឹកដីដែលមានជនជាតិ ជ្វា កូឡា និង​ប្រជាជនខ្មែរតែងតែមក​រស់នៅ​រក​ស៊ីជីកដី រែងត្បូង ហើយនៅទូទាំងប្រទេស​ក៏​ល្បី​តៗគ្នាថា ទឹកដីខេត្តប៉ៃលិនសម្បូរទៅដោយត្បូង​ដ៏​មាន​តម្លៃ ដូចជាត្បូង​កណ្តៀង ត្បូង​ទទឹម ត្បូង​ខៀវ ក្រហម និង​ពេជ្រ​ជាដើម។ ​ការ​ហិន​ហោច​នូវ​សម្បត្តិ​​ធម្ម​ជាតិ​ដ៏​មហា​សាល​នេះ ត្រូវ​បាន​មើល​ឃើញថា ឆ្លៀតក្នុងឱកាសខ្មែរ​កំពុងមាន​សង្រ្គាម​ក្នុងស្រុកជនជាតិបរទេសបានឆក់​ឱកាស​ធ្វើ​អាជីវ​កម្ម​​រ៉ែ​ត្បូង​យ៉ាង​គគ្រឹក​គគ្រេង ​យក​​គ្រឿង​ម៉ាស៊ីនមក​ជីកដីរែ៉​រែងយកត្បូងគ្រប់កន្លែង​នៅ​ក្នុងខេត្តនេះ រហូត​ធ្វើ​ឱ្យ​ល្បាប់​ដីរ៉ែ​​ហូរ​ចាក់​​ចូល​ស្ទឹង​សង្កែ​ ​បណ្តាល​ឱ្យទឹក​ឡើង​ក្រហម និង​ល្អក់​ផង​ដែរ។

អ្នកជីកត្បូងម្នាក់​ឈ្មោះ​វ៉ាន់ រដ្ឋ ភេទប្រុស អាយុ៤៦ឆ្នាំ មានកូន​នៅ​ក្នុងបន្ទុកចំនួន៨នាក់ រស់នៅភូមិខ្លុង សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន ដែល​កំពុងអង្គុយ​រែង​ដី​អាចម៍រ៉ែរក​ត្បូង​នៅ​ក្នុងវាល ភូមិឡឥដ្ឋ សង្កាត់​អូរតាវ៉ៅ និយាយ​ថា ​មាន​តែ​អ្នក​ក្រីក្រ​​ដូចជា​​​​រូប​គាត់​​ទេ ដែល​​ផ្សង​ព្រេង​​លើ​អតីត​​ដី​រ៉ែ​នេះ ។

ចំណែកបុរសចំណាស់ម្នាក់ឈ្មោះសេង គឹម​ហុង អាយុ​៥៥ឆ្នាំ ជាឈ្មួញរកទិញត្បូង​និយាយ​ថា មុនសង្រ្គាមក្នុងស្រុក ត្បូងនៅខេត្តប៉ៃលិន មាន​​ច្រើនណាស់ ទោះបីប្រជាជនកម្ពុជាទាំង​មូល​​មក​ជីក​​ដោយដៃផ្ទាល់ប៉ុន្មានឆ្នាំក៏​មិន​អស់​ផង។ ប៉ុន្តែ​ឥឡូវនេះ អ្នកជីកដីរែងត្បូងស្ទើរតែ​ដាច់បាយទៅ​ហើយ ដោយអ្នកខ្លះចំណាយពេល​អស់១អាទិត្យ​សន្សំបានកម្ទេចត្បូងយកទៅ​លក់​បាន​ប្រាក់ត្រឹម​តែ២ទៅ៣ម៉ឺនរៀលប៉ុណ្ណោះ ព្រោះ​ត្បូង​ហោច​អស់ទៅហើយ។ លោកសេង គឹម​ហុង បាន​បន្តទៀតថា នៅមុនសង្គ្រាមគ្រាន់​តែ​ជីកមួយ​ថ្ងៃជួនកាលអាចរកប្រាក់បានពី១០​ម៉ឺន​រៀល​ឡើងទៅ បើប៉ះកន្លែងហេង​វិញអាចរក​បាន​រាប់លានរៀលថែមទៀតផង។ ពួក​កម្ម​ករ​​ជីក​ត្បូង​ឥឡូវនេះគ្មានកន្លែងជីកទៀតទេ ព្រោះ​ប៉ះពាល់​លើដីឯកជនរបស់គេ ហើយត្រូវ​បាន​​ម្ចាស់​គេព្រមានជាញឹកញាប់ថា​ បើក​កម្ម​ករ​ទាំងនេះ នៅតែបន្តជីកលើដីរបស់គេទៀត ពេល​ចាប់​បានដាក់​​ពន្ធនាគារ​រយៈពេល៥ឆ្នាំ និង​ត្រូវ​បង់ផាកពិន័យជាប្រាក់​ចំនួន១លានរៀល ព្រោះ​ធ្វើឲ្យខូចដីគេ។ សព្វថ្ងៃ​នេះ ប្រជាពលរដ្ឋភាគ​ច្រើន​បានបោះបង់ចោល​មុខរបរនេះអស់ទៅ​ហើយ ប៉ុន្តែមានអ្នកក្រីក្រ​មួយចំនួន មិន​ដឹង​ជា​ទៅប្រកប​មុខរបរអ្វី ក៏​ទ្រាំផ្សងសំណាងជីក​រុក​រក​តាមដុបតាមព្រៃគ្រាន់​បានលក់យកលុយទិញ​អង្ករ។

រីឯលោកវ៉ាន់ រដ្ឋ ជាអ្នកជីកត្បូង​​និយាយ​ទៀត​​ថា មានពលរដ្ឋជាច្រើនដែលសុទ្ធសឹងជា​អ្នក​ក្រីក្រ​ដូច​ជារូបគាត់រស់នៅ​ភូមិខ្លុង សង្កាត់​អូរ​តាវ៉ៅ ដែរ បាននាំគ្នាមកជីកដីរែងត្បូងនៅក្នុង​វាល​ភូមិ​ឡឥដ្ឋ នេះ ដើម្បីសន្សំលក់ឲ្យឈ្មួញ​គ្រាន់បាន​ប្រាក់​កាស​ទិញ​អង្ករ ព្រោះពួកយើង​គ្មាន​ការងារ​អ្វីធ្វើទេ ណា​មួយ​គ្មានចំណេះ ហើយ​ពួក​យើង​ម្នាក់ៗ​សុទ្ធ​តែ​មាន​កូនច្រើនទៀត។ លោក​វ៉ាន់ រដ្ឋ បានបន្តទៀត​ថា គាត់​មានកូន​ក្នុង​បន្ទុ​កចំនួន​៨​នាក់ ហើយកូន​បង​អាយុ១៩ឆ្នាំ កូន​ពៅ​អាយុ​២​ឆ្នាំ កូនចំនួន៤​នាក់​ បានបោះ​បង់​ការ​សិក្សា គឺ​ចាប់​ពី​អាយុ៧ដល់១០ឆ្នាំ។ មូលហេតុ គឺដោយ​សារ​ខ្វះខាតលុយទិញ​សម្លៀក​បំពាក់ និងសម្ភារ​សិក្សា​ឲ្យកូន ​ណាមួយ​ខ្វះ​ខាត​អាហារ។ បើ​សិន​ជាមានមុខរបរអ្វីផ្សេង​ទៀត ​ពួកយើង​នឹង​មិន​បន្តជីកត្បូងដូច្នេះទេ ព្រោះ​ត្បូងឥឡូវនេះ​នៅ​សល់​តែកម្ទេចកម្ទីតាមដី​របស់គេ ហើយជីក​ជួន​កាល​ក្នុងរយៈពេល​យូរ​ថ្ងៃ ទើបអាចសន្សំលក់​បាន​ប្រាក់១​មឺុន​ទៅ​២​មឺុន​រៀល។ ឥឡូវនេះ ពួក​អ្នក​ជីកត្បូងមិនហ៊ានជីក​នៅ​ក្នុងដីរបស់គេទេ គឺ​ពួក​គាត់ទៅជីករែងនៅក្នុងកូន​អូរតូចៗគ្មានទឹក ឬតាមមាត់ព្រៃវិញ​ តែជីកមិន​សូវ​បានទេ ។

អ្វី​មួយ​ដែល​ជា​ការ​សោក​ស្តាយ​នោះ គឺ​​ដោយ​​សារ​ភ្លើង​សង្គ្រាម​​ដែល​បាន​ឆាប​ឆេះ​នៅ​ក្នុង​ប្រទេស​ ពិសេស​ក្នុង​ទស​វត្ស​ឆ្នាំ៨០ ​ដែល​តំបន់​​រ៉ៃ​​ត្បូង​មាន​តម្លៃនៅ​ប៉ៃលិន​ត្រូវ​បាន​បំផ្លាញ​ដោយ​ឈ្មួញ​​ថៃ​ដែល​​ជា​ប្រភព​ហិរញ្ញ​វត្ថុ​​របស់​ក្រុម​​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​កាន់​កាប់​​តំបន់​នោះ។ ​ការ​ធ្វើ​អាជីវ​កម្ម​នេះ​បាន​​បំផ្លាញ​​គ្មាន​សល់​​ទេ នូវ​ប្រភព​ធនធាន​​រ៉ែ​ត្បូង​​ដ៏​មាន​តម្លៃ​នេះ៕