ខេត្តកំពង់ធំ ៖ បន្ទាប់ពីសារព័ត៌មានកោះសន្តិភាពចេញផ្សាយថ្ងៃទី១២ តុលា ឆ្នាំ២០១១ នូវអត្ថបទព័ត៌មានមួយក្រោមចំណងជើងថា «ក្មេងស្រីអាយុ១៤ឆ្នាំ ក្រឡាប់ទូកបាត់ខ្លួនអស់៦ថ្ងៃនៅមានជីវិត» ធ្វើឱ្យសប្បុរសជនមួយចំនួនមានក្តីអាណិតអាសូរជាពន់ពេក។ ជាមួយនេះបានផ្តល់ថវិកាមួយចំនួនតាមរយៈទីចាត់ការកោះសន្តិភាពនៅរាជធានីភ្នំពេញបញ្ជូនឱ្យភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ធំនាំយកទៅចែកជូនដោយផ្ទាល់ដៃដល់ក្មេងស្រីរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកាលពីព្រឹកថ្ងៃទី១៣ តុលា ឆ្នាំ២០១១ ដោយមានលោកវេជ្ជបណ្ឌិតង៉ែត បូជុំ ប្រធានមន្ទីរពេទ្យខេត្ត និងឪពុកម្តាយក្មេងស្រីរងគ្រោះធ្វើជាសាក្សីផងដែរ ។ ថវិកាដែលបាននាំយកទៅផ្តល់ជូនក្នុងឱកាសនោះ គឺទទួលបានមកពីលោកស្រីច័ន្ទ សំណាង ព្រមទាំងក្រុមគ្រួសារដែលជាអាណិកជនខ្មែររស់នៅក្រុងស៊ីអេថល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាេមរិក ចំនួន១០០ដុល្លារ។
បន្ទាប់ពីបានទទួលថវិកានេះ ឪពុកម្តាយក្មេងស្រីរងគ្រោះមានសេចក្តីត្រេកអរឥតឧបមា ហើយបានថ្លែងអំណរគុណដល់សប្បុរសជន ព្រមទាំងលើកម្រាមដៃដប់សំពះបួងសួងសុំឱ្យទេវតា ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សាការពារក្រុមគ្រួសាររបស់សប្បុរសជនទាំងអស់ឱ្យជួបតែសេចក្តីសុខចម្រើន ព្រមទាំងសូមជួបតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
លោកប្រធានមន្ទីរពេទ្យខេត្តបានបញ្ជាក់ឱ្យដឹងថា ថវិកាដែលបានទទួលនេះគឺគ្រាន់ឱ្យឪពុកម្តាយក្មេងស្រីរងគ្រោះសម្រាប់ដោះស្រាយទិញអាហារផ្សេងៗយកមកបំប៉ន ព្រោះនាងនាំអត់អាហារអស់រយៈពេល៦ថ្ងៃ កន្លងមកហើយធ្វើឱ្យកម្លាំងនាងចុះខ្សោយខ្លាំងណាស់ ។ ឆ្លៀតក្នុងឱកាសនោះ ឪពុករបស់នាងឈ្មោះឃឿន ឃីម អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះនល់ គឿន អាយុ៣៦ឆ្នាំដែរ រស់នៅភូមិព្រះគន្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដែលនៅមើលថែកូនក្នុងមន្ទីរពេទ្យបានរៀបរាប់ឱ្យដឹងថា ពួកគាត់មានមុខរបរជាអ្នកនេសាទ មានកូន៤នាក់ក្នុងបន្ទុក ។ ចំណែកកូនស្រីរងគ្រោះឈ្មោះឃីម តី អាយុ១៤ឆ្នាំ ជាកូនទី២ ។ បន្ទាប់ពីទឹកជំនន់លិចផ្ទះសម្បែងមក នាងតែងអុំកូនទូកឈើទៅបេះផ្កាស្នោ និងរើសខ្យងជារៀងរាល់ព្រឹក ដើម្បីយកមកលក់ទុកដោះស្រាយជីវភាពដែលកំពុងជួបការលំបាក ។
ដោយឡែកនៅថ្ងៃទី៣ តុលា ឆ្នាំ២០១១ វេលាម៉ោង៨ព្រឹក នាងក៏អុំទូកទៅបេះផ្កាស្នោ និងរើសខ្យងដូចសព្វដងដែលឃ្លាតឆ្ងាយពីផ្ទះប្រហែល៣០០ម៉ែត្រ ស្រាប់តែមានខ្យល់ព្យុះនិងភ្លៀងបោកបក់មកបណ្តាលឱ្យទូកនាងលិច ។ បន្ទាប់ពីស្ងប់ខ្យល់ព្យុះគាត់ ឪពុកបានបើកទូកម៉ាស៊ីនទៅរកតែមិនឃើញ ក៏មកប្រកូកប្រកាសឱ្យអ្នកភូមិ ខ្លះមានទូកអុំ ខ្លះមានទូកម៉ាស៊ីនចំនួនសរុបប្រហែល១០គ្រឿង នាំគ្នាស្វែងរកលើលំហទឹកដ៏ល្វឹងល្វើយ ប៉ុន្តែនៅតែរកមិនឃើញដោយសារតែអ្នកភូមិនាំគ្នារកនៅតំបន់ក្បែរភូមិ និងតំបន់ខាងក្រោមភូមិ ។ ចំណែកកូនស្រីបានខំតោងទូកលិចអណ្តែតៗមកតំបន់ខាងលើវិញ ដោយសារតែទឹកទន្លេរុញ និងខ្យល់បក់រសាត់អណ្តែតមកដល់តំបន់បឹងខ្យងនៅចុងអូរឡោ ក្នុងភូមិកំពង់គោក្រោម ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ។
បុរសជាឪពុករៀបរាប់ទៀតថា ពេលនោះមានអ្នកភូមិម្នាក់អាយុជាង៤០ឆ្នាំ ទៅដាក់មងនៅតំបន់នោះឮសំឡេងមនុស្សដែលតោងទូកអណ្តែតទឹកស្រែកឮខ្សាវៗឱ្យជួយផង ក៏អុំទូក ទៅមើលឃើញនាងនៅមានដង្ហើមនៅឡើយ ទើបលើកដាក់ទូករបស់ខ្លួន ហើយធ្វើដំណើរសំដៅផ្ទះមេភូមិឱ្យជួយអន្តរាគមន៍ ។ ពេលទៅដល់ផ្ទះមេភូមិ ទោះសួរ អ្វី ក៏នាងមិនអាចនិយាយរួចដែរ ដោយសារការហត់ហេវអត់បាយ៦ថ្ងៃមកហើយ ។
ភ្លាមនោះ លោកមេភូមិក៏ទូរស័ព្ទហៅពេទ្យក្នុងភូមិឱ្យមកដាក់សេរ៉ូម និងទូរស័ព្ទទៅប្រាប់ឪពុកម្តាយ លុះរយៈពេលប្រហែល១ម៉ោងក្រោយមក ពួកគាត់ក៏បានទៅដល់ ហើយទាំងមេឃុំប៉ូលិសប៉ុសិ៍្ត និងអ្នកភូមិបានមកចោមរោមមើលនៅផ្ទះមេភូមិ ។ ពេលនោះដែរ លោកមេឃុំដែលជាអនុសាខាកាកបាទក្រហម ក៏បានទូរស័ព្ទទៅប្រាប់លោកជា ជាតិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនូវហេតុការណ៍ដូចខាងលើ ទើបលោកទៅសហការជាមួយប្រធានមន្ទីរពេទ្យខេត្តយករថយន្តសាមុយទៅដឹកកូនស្រីគាត់ពីចំណុចអូរវ៉ាយ ក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែនជាកន្លែងដែលឪពុកម្តាយក្មេងស្រីរង និងមេភូមិកំពង់គោក្រោមដឹកយកមកចាំនៅទីនោះ ។
ប្រភពព័តមានឱ្យដឹងទៀតថា ក្មេងស្រីត្រូវបាននាំមកដល់មន្ទីរពេទ្យខេត្តវេលាម៉ោង៨យប់ថ្ងៃទី៨ តុលា ឆ្នាំ២០១១ ហើយត្រូវគ្រូពេទ្យយកចិត្តទុកដាក់ធ្វើការសង្គ្រោះបន្ទាន់ដោយបញ្ចូលខ្យល់អុកស៊ីហ្សែន និងដាក់សេរ៉ូមជួយជាកម្លាំង ព្រមទាំងបូមទឹកចេញពីក្នុងពោះលាងក្រពះដែលគេឃើញតែផ្កាស្នោ និងកំប្លោកហូរចេញមក ព្រមទាំងដាក់ម៉ាស៊ីនកំដៅផង ។ ចំណែកនៅលើខ្លួនប្រាណឃើញតែស្នាមជាំខ្មៅ ដោយសារមូសខាំ ត្រីចឹក ព្រោះត្រាំទឹកយូរពេកអស់រយៈពេល៦ថ្ងៃ៥យប់មកហើយ។ បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់៣ថ្ងៃកន្លងមកនេះ ក្មេងស្រីរងគ្រោះអាចនិយាយបានខ្លះៗហើយ ចំណែកស្នាមជាំលើស្បែក ក៏របកចេញខ្លះៗហើយដែរ ។ លោកប្រធានមន្ទីរពេទ្យខេត្តបានប្រាប់ថា ក្មេងស្រីរងគ្រោះត្រូវសម្រាកនៅមន្ទីរពេទ្យក្នុងរយៈពេល៥ទៅ៦ថ្ងៃទៀត ទើបអាចមានកម្លាំងវិលត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ