ខេត្តកំពត ៖ រទេះសេះដឹកអុសចំនួន២គ្រឿងដែលបរចេញពីតំបន់ភ្នំវល្លិត្រូវបានលោកចាន់ សម្បត្តិ មេឃុំស្រែជាខាងត្បូង ស្រុកដងទង់ចាប់ទុកកាលពីរសៀលថ្ងៃទី៧ តុលា ។ បុរសម្ចាស់រទេះសេះឈ្មោះហ៊ួន ស្រីអាយុ៤៧ឆ្នាំ នៅភូមិឈ្លីតក្រោម ឃុំខ្ជាយខាងត្បូង ស្រុកដងទង់បាននិយាយថា គាត់មិនបានកាប់អុសនៅក្នុងសហគមន៍ព្រៃឈើរបស់ឃុំស្រែជា ទេ គឺកាប់នៅក្នុងដីចម្ការគេមួយនៅខាងជើង
ភ្នំវល្លិ ។ ពេលពួកគាត់ទាំង២នាក់បររទេះសេះឆ្លងកាត់ភូមិសាស្ត្រឃុំស្រែជា ស្រាប់តែលោកមេឃុំឃាត់ ហើយចោទប្រកាន់ថា លួចកាប់អុសក្នុងព្រៃរបស់សហគមន៍ ។ លោកមេឃុំចាន់ សម្បត្តិ បានទារប្រាក់ចំនួន៤០ម៉ឺនរៀល ប៉ុន្តែពួកគាត់ទាំង២នាក់ គ្មានលុយឱ្យទេ ព្រោះរកលុយទិញអង្ករដាំបាយឱ្យកូនៗស្ទើរតែមិនបានផង ។ ចំពោះអុសមួយរទេះសេះលក់បានតែ១ម៉ឺន ទៅ២ម៉ឺនរៀលប៉ុណ្ណោះ តែលោក មេឃុំទារមួយរទេះ២០ម៉ឺនរៀល តើទៅរកលុយឯណោះមកបង់ឱ្យ? ដោយគ្មានប្រាក់បង់ លោកមេឃុំឱ្យដឹកសេះយកទៅផ្ទះ តែទុករទេះនៅប៉ុសិ៍្តនគរបាលឃុំស្រែជា ។
ចំណែកឯម្ចាស់រទេះសេះម្នាក់ទៀតឈ្មោះទេព ធូ អាយុ៣៨ឆ្នាំនៅភូមិឈ្លីតក្រោមនិយាយថា ពួកគាត់កាប់អុសជាប្រចាំថ្ងៃ ប៉ុន្តែមិនមែនចូលកាប់នៅក្នុងព្រៃសហគមន៍ទេ ព្រោះមានអ្នកការពារនៅទីនោះ ។ ពេលពួកគាត់ដឹកអុសឆ្លងកាត់ភូមិសាស្ត្រឃុំស្រែជា ស្រាប់តែមេឃុំបញ្ជាឱ្យចាប់ ហើយទារលុយមួយរទេះ២០ម៉ឺនរៀល ។ គាត់អង្វរ និងបង្ហាញហេតុផលផ្សេងៗប្រាប់លោកមេឃុំ តែគ្មានក្តីករុណាទេ ។
បុរសរូបនោះប្រាប់អ្នកយកព័ត៌មានថា គាត់ជាបុរសពោះម៉ាយ ព្រោះប្រពន្ធឈ្មោះសូរ ហឿន បានស្លាប់ចោលរយៈពេល១០ខែមកហើយបន្សល់ទុកកូនប្រុសស្រី៦នាក់ ក្នុងនោះកូនច្បងស្រីអាយុ១៤ឆ្នាំ និងកូនពៅប្រុសអាយុទើបតែ១ឆ្នាំប៉ុណ្ណោះ ។ ការចាប់ឃុំទុករទេះសេះគាត់នៅប៉ុស្តិ៍នគរបាលធ្វើឱ្យគ្រួសារគាត់ដាច់បាយមិនខាន ។ កូនៗរបស់គាត់ហូបបបរមួយអាទិត្យទៅហើយដោយសារតែគ្មានប្រាក់ទិញអង្ករ ។ ដោយពិបាកពេកគាត់សម្រេចចិត្តឱ្យកូនស្រីអាយុ១៤ឆ្នាំទៅរកការងារនៅភ្នំពេញទុកប្អូនៗឱ្យនៅផ្ទះ ។
អ្នកភូមិជាច្រើននាក់បង្ហាញការអាណិតអាសូរបុរសពោះម៉ាយនេះ ។ ដោយក្តីអាណិតប៉ូលិសឃុំខ្ជាយខាងត្បូងបានរំលែកអង្កររបស់អង្គភាព១០កំប៉ុងឱ្យបុរសពោះម៉ាយនេះដាំបាយឱ្យកូនហូប ។
លោកចាន់ សម្បត្តិ មេឃុំស្រែជាប្រាប់អ្នកយកព័ត៌មានថា ពួកគេទាំង២នាក់លួចកាប់ឈើក្នុងសហគមន៍ទើបលោកចាប់រទេះទុក ។ ទាក់ ទិនការចោទថា លោកទារឱ្យម្ចាស់រទេះបង់ប្រាក់ក្នុងមួយរទេះ២០ម៉ឺនរៀល លោកបញ្ជាក់ថា ដើម្បីព្រមានដល់អ្នកលួចកាប់ឈើ ។
លោកវង្ស សុផល មន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំខេត្តកំពត និងខេត្តកែប ប្រាប់ឱ្យដឹងថា ការចាប់រទេះសេះដឹកអុសនេះពាក់ព័ន្ធនឹងការកាប់អុសក្នុងព្រៃសហគមន៍ ដូច្នេះត្រូវតពិន័យជាប្រាក់ បើមិនធ្វើអ៊ីចឹងទេ ព្រៃឈើក្នុងសហគមន៍ពិតជារលាយអស់មិនខាន ។
ប្រជាពលរដ្ឋនៅភូមិឈ្លីតក្រោមនិយាយថា «ខ្លាស៊ីគោគ្មានអ្នកណាហ៊ានសម្លាប់ទេ តែបើឆ្មាស៊ីត្រីអាំងក្រុមមន្ត្រីជើង១០នាំគ្នាដេញចាប់ផ្អើលអស់អ្នកស្រុក» ដូច្នេះហើយវាមិនខុសពីអ្នកដឹកឈើតាមរថយន្តធំៗគ្មានអ្នកចាប់ តែអ្នកដឹកតាមរទេះសេះនាំគ្នាចាប់យកទៅដាក់ប៉ុស្តិ៍ ។
បុរសម្ចាស់រទេះនិយាយថា ទាំងលោកមេឃុំ ទាំងមន្ត្រីរដ្ឋបាលព្រៃឈើមិនបានទៅពិនិត្យ កន្លែងកាប់អុសទេ ពួកគេបានត្រឹមតែបញ្ជាខាងក្រៅឱ្យឃាត់ទុករទេះសេះ តើធ្វើបែបនេះមានប្រយោជន៍អ្វីដល់សង្គម បានត្រឹមតែពលរដ្ឋរិះគន់ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ