ជិះទូកម៉ាស៊ីនចម្ងាយ៤០គីឡូមកមណ្ឌលសុខភាព តែមិនទាន់ដល់ផងក៏សម្រាលលើទូក
- ក្រចេះ
ខេត្តក្រចេះ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ឈ្មោះ អ៊ឹម ស្រីណេង រស់នៅភូមិបឹងចារ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ…
ខេត្តក្រចេះ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ឈ្មោះ អ៊ឹម ស្រីណេង រស់នៅភូមិបឹងចារ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ…
ខេត្តក្រចេះ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ឈ្មោះ អ៊ឹម ស្រីណេង រស់នៅភូមិបឹងចារ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានប្ដីដឹកតាមទូកម៉ាស៊ីនមួយគ្រឿងតាមបណ្ដោយទឹកទន្លេមេគង្គ ដើម្បីមកសម្រាលកូននៅមណ្ឌលសុខភាពកំពង់ចាម ក្នុងស្រុកសំបូរ ខេត្តក្រចេះ ។ តែពុំទាន់ដល់គោលដៅផង ក៏ឈឺពោះសម្រាលកូននៅលើទូកមាត់ច្រាំងតែម្ដង ដោយមានក្រុមគ្រូពេទ្យជាអ្នកជួយបង្កើតបានទាន់ពេលវវេលា ។
លោកវ៉ា កាទីយ៉ា ប្រធានមណ្ឌលសុខភាពកំពង់ចាម បានឲ្យដឹងនារសៀលថ្ងៃទី៧កុម្ភៈថា គ្រួសារស្ត្រីខាងលើប្រកបរបរកសិករដូចគេឯងនៅក្នុងភូមិ តែដោយសារគាត់មានផ្ទៃពោះគ្រប់ខែក៏ត្រូវបានប្ដីឲ្យជិះទូកម៉ាស៊ីនចេញពីភូមិរបស់ខ្លួនឆ្ពោះមកកាន់មណ្ឌលសុខភាពកំពង់ចាម។ ស្ថិតនៅលើផ្លូវចម្ងាយប្រមាណ៤០គីឡូម៉ែត្រតាមផ្លូវទឹកស្របពេលដែលបើកមកដល់មាត់ចរាំងទន្លេមេគង្គ នៅក្រោយមណ្ឌលសុខភាពវេលាម៉ោង១១និង ៣០នាទីព្រឹកថ្ងៃទី៦កុម្ភៈឆ្នាំ២០២៥ ឈឺពោះក៏សម្រាលបានកូនប្រុសមានទម្ងន់៣,៤០គីឡូក្រាម។
លោកប្រធានមណ្ឌលសុខភាពបន្តឲ្យដឹងទៀតថា ដំបូងដោយឃើញស្ត្រីមានផ្ទៃពោះគ្រប់ខែនេះមិនអាចនាំឡើងមកមណ្ឌលសុខភាពបានក៏ត្រូវបានក្រុមគ្រូពេទ្យជាច្រើននាក់ប្រញាប់ចុះទៅជួយបង្កើតតាមលក្ខណៈបច្ចេកទេសនៅលើទូកតែម្ដង។ ក្រោយពីសម្រាលរួចក៏បាននាំគ្នាសែងមកដាក់សម្រាកនៅមណ្ឌលសុខភាពកំពង់ចាម រហូតមកដល់រសៀលថ្ងៃ៧កុម្ភៈ ស្ត្រីរូបនេះព្រមទាំងទារកមានសុខភាពល្អធម្មតា។
ជាមួយនោះ លោកវេជ្ជបណ្ឌិតងីប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះវិញបានឲ្យក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពខិតខំជួយសង្គ្រោះស្ត្រីមានផ្ទៃពោះ ផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ សូមបញ្ជាក់ថានៅឃុំបឹងចាមណ្ឌលសុខភាពកំពុងដំណើរការសាងសង់បានប្រមាណ៥០% ហើយ។
ដូច្នេះពេលខាងមុខដ៏ឆាប់មណ្ឌលសុខភាពនោះនិងទទួលបម្រើសេវាព្យាបាលជំងឺព្រមទាំងជួយដល់ស្ត្រីមានផ្ទៃពោះឆ្លងទន្លេបានស្រួលមិនបាច់ធ្វើដំណើរមកកាន់មនុស្សសុខភាពកំពង់ចាមទៀតឡើយ។ជាមួយនោះក្រុមគ្រួសាររបស់ស្ត្រីនេះក៏បាននាំគ្នាត្រេកអរចំពោះក្រុមគ្រូពេទ្យដែលបានជួយសង្គ្រោះឲ្យគាត់ផុតពីគ្រោះថ្នាក់ទាំងម្ដាយនិងកូននៅក្នុងផ្ទៃ។
ចែករំលែកព័តមាននេះ