ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆេះ​ព្រៃ​ក្បែរ​អាស្រម​គិរី​រម្យ​លើ​ខ្នងភ្នំ​សំពៅ​ផ្អើល​សមត្ថកិច្ច​និង​ព្រះសង្ឃ​ទាំង​យប់

8 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​ដែល​គេ​រក​មិនឃើញ​មូលហេតុ បាន​ឆេះ​រាលដាល​ព្រៃ​នៅ​ក្បែរផ្លូវ​ឡើង​ទៅ​កាន់ អាស្រម​គិរី​រម្យ លើ​ខ្នងភ្នំ​សំពៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​សមត្ថកិច្ច​ទាំង​ព្រះសង្ឃ​នៅ​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​០៦ កុម្ភ​: ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​រមណីយដ្ឋាន​ភ្នំ​សំពៅ ស្ថិត​នៅ​ឃុំ​ភ្នំ​សំពៅ…

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​ដែល​គេ​រក​មិនឃើញ​មូលហេតុ បាន​ឆេះ​រាលដាល​ព្រៃ​នៅ​ក្បែរផ្លូវ​ឡើង​ទៅ​កាន់ អាស្រម​គិរី​រម្យ លើ​ខ្នងភ្នំ​សំពៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​សមត្ថកិច្ច​ទាំង​ព្រះសង្ឃ​នៅ​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​០៦ កុម្ភ​: ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​រមណីយដ្ឋាន​ភ្នំ​សំពៅ ស្ថិត​នៅ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ តែ​ត្រូវ​កម្លាំង​ចម្រុះ​មាន​ព្រះសង្ឃ​ផង​ចូល​វាយ​ពន្លត់ និង​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល​បន្ត​បាន​នា​ប៉ុន្មាន​ម៉ោង​ក្រោយ ។

សេចក្ដីរាយការណ៍​ពី​ទីតាំង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​ឆេះ​០២​កន្លែង​ក្នុង​ពេល​តែ​មួយ នៅ​ជុំវិញ «​អាស្រម​គិរី​រម្យ​» ។ កម្លាំង​សមត្ថកិច្ច កម្លាំង​ប្រជា​ការពារ​ក្នុង​មូលដ្ឋាន និង​ប្រជា​ពលរដ្ឋ រួម​ទាំង​ព្រះសង្ឃ​ដែល​គង់នៅ​អាស្រម​គិរី​រម្យ​ផង​ប្រមាណ​ជិត​២០​នាក់​/​អង្គ បាន​ព្រួត​គ្នា​ប្រើ​កម្លាំងបាយ​វាយ​ពន្លត់​ដោយ​មេ​ក​ឈើ ខណ​:​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​មិន​អាច​បើក​ឡើង​លើ​ភ្នំ ដើម្បី​ជួយ​អន្តរាគមន៍​បាន ។ បើ​តាម​ក្រុម​ចូល​ប្រយុទ្ធ​ជាមួយ​ភ្លើងព្រៃ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អគ្គិភ័យ​ឆេះ​ព្រៃ​លើ​ភ្នំ​ទាំង​០២​កន្លែង​ខាងលើ​នេះ មួយ​កន្លែង​ត្រូវ​វាយ​ពន្លត់​បាន​ភ្លាម​ៗ តែ​មួយ​កន្លែង​ទៀត ហាក់​ពិបាក​បន្តិច​ក្នុង​ការ​ចូល​វាយ​ពន្លត់​។

ប៉ុន្តែ​បើ​តាម​លោក រឿ​ម រាំង អធិការរង​ទ​ទូល​បន្ទុក​ផ្នែក​អគ្គី​ភ័យ​បាន​ប្រាប់​ថា អគ្គិភ័យ​នោះ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ប្រើ​កម្លាំងបាយ​វាយ​ពន្លត់ និង​គ្រប់គ្រង​បាន​ទាំងស្រុង​នា​ប៉ុន្មាន​ម៉ោង​ក្រោយមក ។ លោក រឿ​ម រាំង បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កុម្ភ​: នេះ លោក​មិន​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ទេ តែ​មន្ត្រី​មូលដ្ឋាន​បាន​ពិនិត្យ ក្រែង​មាន​អគ្គី​ភ័យ​នៅ​សេសសល់ ។ ប៉ុន្តែ​លោក​ថា រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​នៅ​ក្បែរ​«​អាស្រម​គិរី​រម្យ​» ដែល​ជា​តំបន់«​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ភ្នំ​សំពៅ​» ដ៏​ល្បីល្បាញ​នោះ​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ភ្លើងព្រៃ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​បាន​ឆេះ​ព្រៃ​លើ​កំពូលភ្នំ​ចំនួន​០៣​លើក​ជា​បន្តបន្ទាប់​នៅ​ក្នុងស្រុក​បាណ​ន់ តែ​សមត្ថកិច្ច​នៅ​តែ​រក​មូលហេតុ​មិន​ទាន់​ឃើញ​នៅឡើយ​។ លើក​ទី​១ ឆេះ​រាលដាល​ព្រៃ​នៅ​លើ​កំពូលភ្នំ​ក្ដោង ស្ថិត​នៅ​ប៉ែក​ខាងត្បូង​ភ្នំ​សំពៅ លើក​ទី​២ ឆេះ​រាលដាល​ព្រៃ​នៅ​លើ​ភ្នំ​ជី​ហង្ស ដែល​ស្ថិត​នៅ​ប៉ែក​ខាងលិច​ភ្នំ​ប្រាសាទ​បាណ​ន់ និង លើក​ទី​៣​នេះ ភ្លើង​បាន​រាលដាល​ព្រៃ​នៅ​ក្បែរ អាស្រម​គិរី​រម្យ ស្ថិត​នៅ​ជាប់​រមណីយដ្ឋាន​ភ្នំ​សំពៅ ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ប៉ុន្តែ​ត្រូវ​បាន​កន្លង​សមត្ថកិច្ច និង ប្រជាពលរដ្ឋ ជួយ​អន្តរា​គម​ន៏​ទប់ស្កាត់ និង គ្រប់គ្រង​បាន​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ