ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ព្រួយបារម្ភ​ខ្លាំង​​រឿងស្ទះ​ផ្លូវទឹក​​ក្នុង​​ខណៈ​​ឃើញ​សង់​អគារ​ខ្ពស់​​រំលោ.ភ​លើ​ចំណី​អូរ​ធម្មជាតិ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ (​កម្ពុជា​ថៃ​)

1 ថ្ងៃ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៥ ​ថា ពួក​គាត់​ពិតជា​ការ​ព្រួយបារម្ភ​ខ្លាំង​ពី​សុវត្ថិភាព…

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៥ ​ថា ពួក​គាត់​ពិតជា​ការ​ព្រួយបារម្ភ​ខ្លាំង​ពី​សុវត្ថិភាព ចំពោះ​បញ្ហា​គ្រោះ​ធម្មជាតិ​ ដែល​នឹង​កើតឡើង​ដោយសារ​ទឹកជំនន់​លិចលង់​លំនៅ​ឋាន ដែល​បណ្តាល​មក​ពី​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា ខណៈ​ពេល​ដែល​សង្កេត​ឃើញ​អ្នកមាន​លុយ​ម្នាក់ បាន​សាងសង់​អគារ​ដ៏​ខ្ពស់ត្រដែត ​កំពុង​រំលោភ​លើ​ចំណី​អូរ​ធម្មជាតិ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​កាសែត​កោះសន្តិភាព​ដឹង​ថា ​ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​មាន​គេ​យក​គ្រឿងសំណង់​ទៅ​សង់​អគារ​រំលោភ​លើ​ចំណី​អូរ​ធម្មជាតិ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ កម្ពុជា​ថៃ ដោយ​មិន​គិត​ខ្វល់​ដល់​បញ្ហា​កកស្ទះ​ប្រព័ន្ធ​ផ្លូវទឹក​ហូរ​នា​រដូវភ្លៀង​ធ្លាក់​ខ្លាំង ខណៈ​ដែល​កាលពី​ចុងឆ្នាំ​២០២៤​កន្លង​ទៅ បញ្ហា​កកស្ទះ​ប្រព័ន្ធ​ផ្លូវទឹក​ត្រង់​ចំណុច​អូរ​ខាងលើ បាន​បណ្តាល​ឱ្យ​លិចលង់​ផ្ទះសម្បែង​របស់​ពួក​គាត់ បណ្តាល​ឱ្យ​អណ្តែត​អស់​សម្ភារៈ​ផ្ទះបាយ សម្លៀក​បំពាក់ ឆ្នាំង​ចាន ធ្វើ​ឱ្យ​ខូចខាត​គ្រឿង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ ជាដើម ហើយ​ប៊ិះ​តែ​នឹង​រង​គ្រោះ​បាត់បង់​អាយុជីវិត​មនុស្ស​ក្មេង​ចាស់​ថែម​ទៀត​ផង ធ្វើ​ឱ្យ​ម្នាក់​ៗ​ព្រលឹង​ចុង​សក់ លុះ​ក្រោយមក​ទឹកជំនន់​ក៏​ស្រក​ទៅ​វិញ​។

ពួក​គាត់​បន្ត​ទៀត​ថា ចាប់តាំងពី​បុក​គ្រឹះ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ចុះ​ទៅ​ធ្វើការ​ណែនាំ ឬ​ហាមឃាត់​កុំឱ្យ​បន្ត​ការ​សាងសង់​នោះ​ឡើយ ដោយ​ឃើញ​ទៅ​មើល​ហើយ​ត្រឡប់​មក​វិញ ពោល​គឺ​ពួក​គេ​ដាក់​កម្មករ​ឱ្យ​សាងសង់​យ៉ាង​រលូន ដោយ​មិន​គិត​ពី​ហា​នី​ភ័យ​ខ្ពស់​នា​ខែវស្សា ខណៈ​ដែល​មាន​ភ្លៀង​ផ្គរ​បង្ក​ជា​ទឹកជំនន់​លិចលង់​ផ្ទះ​ពួក​គាត់​នោះ​ឡើយ​។

ពួក​គាត់​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន មេត្តា​ចុះ​ទៅ​ពិនិត្យ វាស់វែង​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស នៃ​ការ​រក្សា​ចំណី​អូរ ឬ​ស្ទឹង​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​ផ្លូវទឹក​ហូរ​ឱ្យ​បាន​លឿន ឆាប់រហ័ស និង​ទាន់​ពេលវេលា​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក គឹ​ម សុខា អភិបាលរង​ស្រុក​សាលា​ក្រៅបានឱ្យ​ដឹង​ថា អ្នក​សាងសង់​អគារ​ខាងលើ ​ជា​ជនជាតិ​ខ្មែរ ដោយ​គេ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​អស់ហើយ​។ លោក​បន្ត​ទៀត​ថា ការ​ដែល​គេ​សង់​អគារ​នេះ មិន​ទាន់​ដឹង​ថា ចេញ​ឬ​ចូល​ចំណី​អូរ​នោះ​ទេ បើ​ចង់​ដឹង​ច្បាស់​ទាល់តែ​ខាង​មន្ត្រី​ជំនាញ​យក​ម៉ាស៊ីន​ទៅ​វាស់វែង​ផ្ទៀងផ្ទាត់ ទើបបាន​ដឹង​ពិតប្រាកដ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុ​និ​ម​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ខាង​លោក និង​លោក​អភិបាលស្រុក​សាលា​ក្រៅ ព្រមទាំង​លោក​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប៉ៃលិន កំពុង​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​ក្នុង​អគារ​ខាងលើ ដើម្បី​វាស់វែង​នៅ​ថ្ងៃ​បន្ទាប់ រួច​ដាក់​របាយការណ៍​នេះ ជូន​លោក​ជំទាវ​អភិ បាល​ខេត្ត​ពិនិត្យ​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា កាលពីមុន ខាង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​រួចរាល់​ម្តង​ហើយ ដោយ​វាស់វែង និង​អនុញ្ញាត​ឱ្យ​កាយ​ចេញ និង​វាស់​ចំណី​រួចរាល់​។ តែ​កាលពី​ព្រឹក​មិ​ញ​នេះ មាន​គេ​រាយ​ការណ៍​ជូន​ខាង​លោក ពាក់ព័ន្ធ​នឹង​បញ្ហា​នេះថា ​គេ​សាងសង់​រំលោភ​ចំណី​អូរ ដូច្នេះ​ខាង​លោក​នឹង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពិនិត្យ​មើល​ម្តងទៀត​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ