រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គម បានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញតារាកំប្លែងនាយ កុយ បង្ហោះរូបភាពដេកនៅលើគ្រែ ដោយសារបញ្ហាសុខភាពហើយក្រុមគ្រូពេទ្យតម្រូវអោយមានការវះកាត់ភ្លាម ។

ដោយសារស្ថានភាពបែបនេះ នាយ កុយ ក៏បានសម្រេចលុបចោលការងារសម្តែងៗ និងសុំការអភ័យទោសចំពោះម្ចាស់កម្មវិធីដែលបានជួលលោកផងដែរ ។ យ៉ាងណា នាយ កុយ មិនបានបញ្ជាក់ពីប្រភេទជំងឺដែលកើតមានចំពោះលោកនាពេលនេះឡើយ ដោយគ្រាន់តែបង្ហោះសំណេរលើបណ្តាញសង្គមថា សូមអធ្យាស្រ័យទៅដល់បងប្អូនដែលជួលខ្ញុំបាទ ដោយសារតែខ្ញុំមានបញ្ហាសុខភាពត្រូវធ្វើការវះកាត់ជាបន្ទាន់ ។

ដោយឡែក បើយោងតាមសំណេរនៃការឆ្លើយតបដោយខំមិនរបស់តារាកំប្លែងអ្នកនាង លាភ ជាមួយមហាជនដែលបានសាកសួរនោះបានបញ្ជាក់ថា តារាកំប្លែងនាយ កុយ មានជំងឺដុះសាច់ក្នុងក្រពះ ដែលគ្រូពេទ្យតម្រូវអោយវះកាត់ជាបន្ទាន់ ។

ពាក់ព័ន្ធស្ថានភាពរបស់ នាយ កុយ នាពេលនេះ កោះសន្តិភាពនៅមិនទាន់អាចរកការបញ្ជាក់បន្ថែមពីក្រុមគ្រួសាររបស់តារាកំប្លែងជើងចាស់រូបនេះបាននៅឡើយទេ ខណះពេលការសាកសួរមិនមានការឆ្លើយតប ។

ទោះជាយ៉ាងណា បន្ទាប់ពីនាយ កុយ បានបង្ហោះស្ថានភាពរបស់ខ្លួននៅលើបណ្តាញសង្គមនាពេលនេះ គេឃើញមហាជន ជាពិសេសបណ្តាអ្នកសិល្បះជាច្រើនបានចូលទៅធ្វើការខំមិន ដោយម្នាក់ៗបានជូនពរអោយលោកឆាប់បានជាសះស្បើយ ។

ក្នុងនោះដៃគូកំប្លែងចាស់វស្សា និងដ៏សាកសមជាមួយនាយ កុយ គឺនាយ ក្រឹម បានបង្ហោះសំណេរលើបណ្តាញសង្គមថា ជូនពរសំលាញ់កុយឆាប់ជាសះស្បើយ នឹងវិលមកជួបគ្នាលើឆាកបាយ័ន្ត តន្ត្រី ស្រុកស្រែ ដើម្បីកំដរអារម្មណ៍សប្បាយៗជូនបងប្អូនប្រជាពលរដ្ឋយើង អោយលោក
សប្បាយៗ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ