ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាយថ្នាំ​​​កណ្តុរ​ជាមួយ​​បាយទុក​បំពុល​កណ្តុរ​​ ពេលស្រវឹង​​​ច្រឡំ​ហូប​ខ្លួនឯង​​ពុល​ស្លាប់​

14 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​​​​​ ៖ ​យុវជនម្នាក់​បាន​​​​យកថ្នាំ​​បំពុល​​សត្វ​កណ្តុរប្រឡាក់​លាយ​ជាមួយ​​​បាយ​​ទុក​បំពុល​​កណ្តុរ​ពេលយប់ លុះ​ពេល​​ត្រឡប់​មក​​ពី​ផឹក​​ស្រវឹង​​​ភ្លេចខ្លួន ​​ច្រឡំ​​ហូប​ក៏ពុល​​​​ស្លាប់ខ្លួន​ឯង​តែម្តង​។ ​ហេតុការណ៍​​នេះបានកើត​ឡើង​​កាល​ពី​​​វេលាម៉ោង​​​​៦ល្ងាច ​​​ថ្ងៃទី​​​១០ តុលា ​២០១១ ​នៅ​ភូមិ​​​​មាន់ចែ ​សង្កាត់ព្រៃញី។​ ​​​​ជន​រង​គ្រោះ​​​​ឈ្មោះ​ស្រី ​ឃុនរី ​​ភេទប្រុស អាយុ​​២២​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​​​​-សង្កាត់​​​​​ខាងលើ​។

បើ​តាម​​​ស្ត្រី​​ម្នាក់​​​ដែលមាន​លំនៅឋាន​​​ក្បែរ​គ្នា​​បាន​ប្រាប់កោះសន្តិភាព​​​ថា ជនរងគ្រោះ​​រស់​នៅ​​​ពីរនាក់​​ជាមួ​យ​ជីដូន​ចាស់ជរា​​​ មានម​ុខរបរ​​ជា​អ្នក​បើកបរ​​​​រថយន្ត និងជា​កម្មករ​សំណង់​ ។ កន្លង​មក ​​ដោយ​សារ​​នៅក្នុងផ្ទះ​​សំបូរ​កណ្តុរ​​​​​ច្រើនពេក ទើប​នៅ​រសៀលថ្ងៃកើតហេតុ ​​​ជនរងគ្រោះ​​​បាន​យក​ថ្នាំ​​បំពុល​កណ្តុរ​​​ប្រឡាក់​លាយ​​ជាមួយ​​នឹង​បាយ​​ដាក់​ចាន​​ទុក​សម្រាប់​បំពុល​​កណ្តុរពេល​យប់ រួច​ហើយ​ក៏​​​ដើរ​ទៅចូល​រួម​ផឹកស៊ីយ៉ាង​គគ្រឹកគគ្រេង ក្នុង​កម្មវិធី​​របស់​​​​​អ្នកភូមិ​​​​​​ក្បែរនោះ ​រហូត​ដល់​វេលា​ម៉ោង​​​​​៥​ល្ងាច​ទើបត្រឡប់​​​មក​វិញ ។

ស្ត្រី​រូប​នោះ​បន្ត​ទៀត​ថានៅវេលា​ម៉ោង​ជិត​៦​ល្ងាច ​អ្នកភូមិ​ឃើញជនរងគ្រោះដួល​ប្រកាច់​បែក​ពពុះមាត់ ក្រោមផ្ទះតែ​ម្នាក់ឯង ក៏នាំគ្នាទៅ​មើល​ស្រាប់តែ ឃើញចានបាយដែលលាយ​ថ្នាំ​កណ្ដុរ​ជិត​អស់​ទៅ​ហើយ ទើបដឹងថា ជនរង​គ្រោះ​ច្រឡំហូប​បាយ​លាយ​ថ្នាំកណ្ដុរនោះ បណ្ដាល​ឱ្យពុលខ្លួនឯង។

ភ្លាមៗនោះក៏នាំគ្នាចិត​ក្រូច​ឆ្មារច្របាច់យក​ទឹក​ឱ្យ​ផឹកដើម្បី​បន្សាប​ស្រាប់តែក្អួត​មក​ខ្មៅ​សុទ្ធ​តែថ្នាំកណ្ដុរ។ ដោយឃើញជនរងគ្រោះកាន់​តែ​ធ្ងន់ធ្ងរនោះក៏លើក ដាក់​លើម៉ូតូយកទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ប៉ុន្តែ​ដោយសារ​តែ​​ឥទ្ធិ​ពល​​ថ្នាំ​ពុល​ជ្រួតជ្រាបពេញ​ខ្លួន​ខ្លាំង​ទៅហើយ​ក៏ស្លាប់​នៅ​មន្ទីរ​​ពេទ្យ​តែម្ដង​៕