ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​កោះ​ហៅ​តំណាង​អ្នក​ភូមិ​​ស្គន់​​ចំនួន​៤​នាក់​

14 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង៣០០នាក់​មក​ពី​សហគមន៍​ដីធ្លី​ត្បែង និង​ស្គន់ ក្នុង​ស្រុក​បន្ទាយ​ស្រី​ រួម​ទាំង​សហគមន៍​ដីធ្លី​ចំនួន​៤​ផ្សេង​ទៀត កាលពី​ព្រឹក​ថ្ងៃ​ទី​​៦ តុលា ២០១១ បាន​លើកគ្នា​ទៅ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ដ​សៀម​រាប ដើម្បី​ចាំ​លើ​ទឹកចិត្ដ​ដល់​​តំណាង​អ្នក​ភូមិ​​ស្គន់​ចំនួន​៤​រូប ដែល​ត្រូវ​​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ក្រោម​បទចោទ​ ប្រកាន់​

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង៣០០នាក់​មក​ពី​សហគមន៍​ដីធ្លី​ត្បែង និង​ស្គន់ ក្នុង​ស្រុក​បន្ទាយ​ស្រី​ រួម​ទាំង​សហគមន៍​ដីធ្លី​ចំនួន​៤​ផ្សេង​ទៀត កាលពី​ព្រឹក​ថ្ងៃ​ទី​​៦ តុលា ២០១១  បាន​លើកគ្នា​ទៅ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ដ​សៀម​រាប ដើម្បី​ចាំ​លើ​ទឹកចិត្ដ​ដល់​​តំណាង​អ្នក​ភូមិ​​ស្គន់​ចំនួន​៤​រូប ដែល​ត្រូវ​​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ក្រោម​បទចោទ​ប្រកាន់​ «​កាន់កាប់​ថ្មី​លើ​អ​ចលន​វត្ថុ​របស់​បុគ្គល​ឯក​ជន​គ្មាន​ប​័ណ្ណ» ​ប្រព្រឹត្ត​នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ដសៀមរាប កាលពី​ថ្ងៃ​ទី​១៥ ក​ក្កដា ឆ្នាំ​២០០៨​។

នេះ​ជា​ការ​លើកគ្នា​ទៅកាន់​តុលាការ​ជា​លើក​ទី៣ ​ហើយ​សម្រាប់​អ្នក​ភូមិក្នុង​រឿង​ជម្លោះដីធ្លី​នៅ​ភូមិស្គន់ ប៉ុន្ដែ​ពេល​នេះ​គេ​មិនសូវ​ឃើញ​មាន​អានុភាព​ដូច​គ្រា​មុន​ៗ​ទេ ហើយ​​សមត្ថ​កិច្ច​ក៏​មិន​បញ្ជូនទៅ​កាន់​កន្លែង​កើតហេតុ​ច្រើន​ដូច​មុន​ដែរ លើកលែងតែ​មន្ដ្រី​សង្គម​ស៊ី​វិល​ដែល​ចាំ​ឃ្លាំមើល​ការ​អនុវត្ដ​ច្បាប់។

ស្ដ្រី​ឈ្មោះ​ចិ សំបូរ មក​ពី​ភូមិ​ស្គន់ ដែល​​​រូប​គាត់​ត្រូវ​តុលាការ​ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រយៈ​ពេល​មួយ​ខែ​កន្លះ​រួច​មក​​ហើយ​ក្នុង​រឿង​ជម្លោះ​នោះ ​ពេល​នេះ​បាន​មក​កាន់​បរិវេណ​មុខ​សាលា​ដំបូង​​ខេត្ដ​ ដើម្បី​លើកទឹកចិត្ដ​តំណាង​របស់​ពួក​គាត់​ទាំង​បួន​រូប​ដែល​ត្រូវ​​ដីកា​បង្គាប់​​ឱ្យ​ចូលខ្លួន​នោះ។ គាត់​​​រៀបរាប់​ប្រាប់​ថា ប្រជា​ពលរដ្ឋ​ដែល​លើកគ្នា​មក​កាន់​សាលាដំបូង​ខេត្ដ​នេះ​មាន​ចំនួន​៣៥០​នាក់​មក​ពី​សហគមន៍​​ចំនួន​៦ រួម​មាន​សហ​គមន៍​ស្គន់ សហគមន៍​ត្បែ​ង ក្នុងស្រុក​បន្ទាយស្រី រួម​ទាំង​សហគម​ន៍​ចំនួន​៤​ផ្សេង​ទៀ​តដែល​​សុទ្ធ​សឹង​តែ​ជា​អ្នក​រង​គ្រោះ ដោយ​សារ​ការ​រំលោភ​ដីធ្លី​ដូច​គ្នា​។

ស្ដ្រី​រូប​នោះ​​បញ្ជា​ក់​ពី​គោលបំណង​របស់​​អ្នក​ភូមិ​ថា ការ​លើកគ្នា​មក​កាន់​សាលា​ដំបូង​នេះ ​គឺ​ដើម្បី​​លើកទឹកចិត្ដ​ដល់​តំណាង​​អ្នក​ភូមិ​ទាំងបួន​រូប ក្នុង​នោះ​ក៏​មាន​ប្ដី​គាត់​ម្នាក់​ដែរ ដែល​ត្រូវ​​ចៅ​ក្រម​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន។

យោងតាម​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ចំនួន​៤ ចុះ​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០១១ របស់​ចៅក្រម​ស៊ើប​សួរ កូយ សៅ ​បង្ហាញ​ថា តំណាង​អ្នក​ភូមិ​​ដែល​ត្រូវ​ឱ្យចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​មាន១-ឈ្មោះវ៉ិ​ច វី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ២-ឈ្មោះណៃ ខ្លិ​ក ភេទ​ប្រុស អាយុ៤៦​ឆ្នាំ ៣-ឈ្មោះអិុន ស៊ិ​នភេទ​ប្រុស អាយុ​៦១​ឆ្នាំ និង​៤-ឈ្មោះប៉ក់ រិ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ។ អ្នក​ទាំង​បួន​រូប​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «កាន់​កាប់​ថ្មី​លើ​អចលនវត្ថុ​របស់​បុគ្គល​ឯកជន​គ្មាន​ប័​ណ្ណ» ប្រព្រឹត្ត​នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ដសៀមរាប កាលពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ២០០៨ បទល្មើស​​មាន​ចែង​ឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិមាត្រា៣៤ និង​មាត្រា​២៥៩ នៃ​ច្បាប់​ភូមិបាល​ចុះ​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០០១ ។

ប្រជាពលរដ្ឋ​​អះ​អាង​​ថា ​ដី​ដែល​​កើត​មាន​ជម្លោះ​ដ៏​រាំ​ុរ៉ៃ​នោះ​ជា​ដី​កាន់កាប់​ដោយ​ស្រប​ច្បាប់​របស់​ពួក​គាត់​ដែល​​មាន​ទំហំ​សរុប​១៧០​ហិ​កតា ស្មើ​នឹង​២២២គ្រួសារ ក្នុង​នោះ​ភូមិ​ស្គន់ ១១៧​គ្រួសារ និង​ភូមិ​ត្បែង​១០៥​គ្រួសារ ដែល​ត្រូវ​​លោក​មេ​ភូមិ​ស្គន់ ឈ្មោះ​កែវ រឿ​ន ​បែងចែក​ឱ្យ​ពួក​គាត់​ត្រឹមត្រូវ​តាំងពី​អំឡុង​ឆ្នាំ​១៩៩៧ មក នៅ​គ្រា​ពួក​គាត់​ធ្វើ​សមា​ហរណកម្ម​ ដោយ​មួយ​គ្រួសារ​បាន​​ចំណែក​រៀង​ៗ​ខ្លួន​ទំហំ​ដី​ក្បាល​៥០​ម៉ែត្រ បណ្ដោយ​២០០​ម៉ែត្រ។ ​អ្នក​ភូមិ​បាន​បង្ក​បង្កើន​​ផល​លើ​ដី​នោះ​រហូត​មក​មិន​ដែល​ខាន​ទេ  ប៉ុន្ដែ​​ធ្វើ​បាន​តែ​ចំការ​ព្រោះ​រដូវប្រាំង​អត់​ទឹក ។ នៅ​អំឡុង​ឆ្នាំ​២០០៨ ស្រាប់តែ​ពួក​គាត់​ឃើញ​បង្គោល​បេតុង​ជា​ច្រើន​បោះ​ឡោម​ព​័ទ្ធ​លើ​ដី​ទាំង​នោះ ហើយរក​ម្ចាស់​បង្គោល​ទាំង​នោះ​​មិនឃើញ​ទេ ។

មន្ដ្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិ​​មនុស្ស​អា​ដ​​ហុ​ក​ប្រចាំ​ខេត្ដសៀមរាប ​ដែល​​ស្ថិត​នៅ​មុខ​អគាររដ្ឋបាល​បំរើ​ការ​សាលាដំបូង​ខេត្ដ​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​៦ តុលា ​បាន​ថ្លែង​ថា ការ​ចេញ​ដីកា​​បង្គាប់​ឱ្យ​តំ​ណាង​អ្នក​ភូមិ​ស្គន់ ទាំង​៤​នាក់ ចូល​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ កូយ សៅ នេះ​វា​ជា​ករណី​ថ្មី​ទាក់ទិន​រឿង​ជម្លោះដីធ្លី​ដែល​មាន​អាយុ​កាល​តាំងពី​អំឡុង​ឆ្នាំ​២០០៨ មក​ម៉្លេះ ធ្វើ​ឱ្យ​ក្រុម​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារម្ភ ព្រោះ​ពួក​គាត់​ធ្លាប់​មានបទពិសោធន៍​កន្លង​មក ឱ្យ​តែ​តុលាការ​បង្គាប់​ឱ្យ​ចូលខ្លួន​ច្រើន​តែ​ចាប់​ដាក់​គុក។

លោក​បន្ដ​ថា ​ប្រជាពលរដ្ឋ​​ព្រួយបារម្ភ​ជា​រឿង​ត្រឹមត្រូវ​បំផុត​ ប៉ុន្ដែ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ដែល​លោក​​បាន​ទទួល​​ព្រឹក​នេះ​គឺ​ពុំ​មាន​ការ​ឃុំខ្លួន​តំណាង​ពល​រដ្ឋ​ទាំង​៤​នាក់​នោះទេ ។ ​ប្រជាពលរដ្ឋ​មក​លើកទឹកចិត្ដ ក៏ដូច​ជា​សង្គម​ស៊ី​វិល​មានការ​ពេញ​ចិត្ដ​​ណាស់​ ព្រមទាំង​រំពឹងថា​តុលា​​ការ​នឹង​ប្រឹងប្រែង​ស្វែ​ង​រក​យុ​ត្ដិ​ធ​ម៌នៅ​ក្នុង​រឿង​ក្ដី​ដ៏​ចម្រូង​ចម្រាសនេះ​។
លោក​​បញ្ជា​ក់​ទាក់ទិន​ទៅ​នឹង​ប្រវត្ដិ​នៃ​ជម្លោះដីធ្លី​នៅ​ភូមិ​ស្គន់​​ថា ជម្លោះ​ដីធ្លី​ដ៏​រាំុរ៉ៃរវាង​អ្នក​សហគមន៍​ស្គន់ ជាមួយ​ក្រុម​អ្នកមាន​អំណាច​បុ​ណ្យ​ស័​ក្ដិ និង​មាន​លុយ​ដែល​មាន​គ្នា​ប្រមាណ​បួន​ទៅ​ប្រាំ​នាក់​នោះ វា​ចាប់​ផ្ដើ​ង​តាំងពី​អំឡុង​ឆ្នាំ​២០០៨ ​មក។ ​​ក្នុង​ចន្លោះ​ពេល​នោះ​ប្រជា​ពលរដ្ឋ​បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​តុលាការ​ចំនួន​៣​លើក​រួច​មក​ហើយ ​ខណៈ​ដែល​តំណាង​អ្នក​ភូមិ​ចំនួន​ពីរ​នាក់ ប្ដី​ប្រពន្ធ ឈ្មោះ​ចិ សំបូរ និង​ប្ដី​ឈ្មោះ​វ៉ិ​ច វី ត្រូវ​​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ។

មន្ត្រី​អាដ​ហុក​រូប​នោះ​និយាយថា ​ចំពោះ​រឿង​​វិវាទ​ដីធ្លី​នេះ​​ក្នុង​​នាម​សង្គម​ស៊ី​វិល​​សំណូមពរ​យ៉ាង​​ទទូច​ដល់​តុលាការធ្វើ​យ៉ាងណា​ស្រាវជ្រាវ​អង្គហេតុ​នៃ​រឿង​ដីធ្លី​ឱ្យ​បាន​ច្បាស់​មុន​នឹង​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​ទៅ​លើ​ពួក​អ្នក​ភូមិ ព្រោះ​បើ​តាម​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ថា «​មិន​ឱ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ដោយ​សារ​​រឿង​ជម្លោះដីធ្លី​នោះ​ទេ» ដូច្នេះ​យើង​​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ដ​ទៅ​លើ​ប្រព័​ន្ធច្បាប់​របស់​យើង​។

នា​រសៀល​ថ្ងៃ​ដដែល​គេ​មិន​អាច​ស្វែងរក​ភាគី​ជម្លោះ​ម្ខាង​ទៀត ​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​កាន់​កាប់​ដី​ដែល​កំពុង​កើត​មានរឿង​ក្ដីក្ដាំ​ជាមួយ​អ្នក​ភូមិ​ស្គន់ និង​ភូមិ​ត្បែង​នោះ​បានទេ ​ដោយ​​គេ​មិន​​​បង្ហើប​ប្រាប់ភាគី​ដើមបណ្ដឹង​ឱ្យ​បាន​ដឹង​​ជា​ចំហ។

ចំណែក​លោ​ក​កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលា​​ដំ​បូ​ង​ខេត្ដសៀមរាប​ដែល​កាន់​សំណុំ​រឿង​ក្ដី​នោះ ក៏​មិន​អាច​ទាក់ទង​សំ​ុការ​ពន្យល់​បន្ថែម​ជុំ​វិញ​រឿង​នោះ​ដែរ​ ដោយ​លោក​ទើប​តែ​កាន់​តំណែង​​​ថ្មី​គ្មាន​អ្នក​ស្គាល់​លេខ​ទូរ​ស័ព្ទរបស់​លោកទេ៕