ការរំលូតកូន ជាសកម្មភាពដ៏ព្រៃផ្សៃមួយដើម្បីកម្ទេច ឬបំផ្លាញទារកចោល នៅមុនពេលទារកកើតគ្រប់ខែ ដោយប្រើវិធីសាស្ត្រផ្សេងៗដូចជា ការលេបថ្នាំទម្លាក់កូនចេញ ឬការវះកាត់យកកូនចេញជាដើម។
លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យអ៊ូច ឌីណា ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ឱ្យដឹងថា ជាការពិតណាស់ ស្ត្រីមួយចំនួនដែលធ្វើការរំលូត ដោយមិនមានការយល់ព្រមពីឪពុកម្តាយ អាណាព្យាបាល ឬប្តី និងមិនមានការណែនាំពីវេជ្ជបណ្ឌិតដែលមានជំនាញទេនោះ អាចប្រឈមមុខទៅនឹងបញ្ហាជាច្រើនដែលកើតឡើងជាយថាហេតុដូចជា ៖
១-អាចបណ្តាលឱ្យទារកស្លាប់នៅក្នុងផ្ទៃមុនពេលធ្វើការរំលូត
២-បណ្តាលឱ្យមានធ្លាក់ឈាមច្រើន ដោយសារទារកមានអាយុច្រើនសប្តាហ៍ពេក ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាពម្តាយយ៉ាងធ្ងន់ធ្ងរ
៣-ប្រឈមមុខទៅនឹងការឆ្លងរោគ ៈ ស្ត្រីដែលធ្វើការរំលូតកូននៅកន្លែងដែលមិនមានសុវត្ថិភាព សម្ភាររំលូត មិនបានសម្លាប់មេរោគត្រឹមត្រូវ ជាហេតុដែលអាចធ្វើឱ្យមេរោគពីខាងក្រៅចូលទៅក្នុងស្បូន បណ្តាលឱ្យស្ត្រីមានគ្រោះថ្នាក់ដល់អាយុុជីវិត។
៤-ស្ទះសរសៃឈាម ៈ នៅពេលដែលស្ត្រីទៅធ្វើការរំលូតជាមួយគ្រូពេទ្យដែលមិនមានជំនាញអាចបណ្តាលដាច់សរសៃឈាមមួយដុំ ហើយឈាមនេះអាចរត់ចូលទៅក្នុងសរសៃផ្សេងទៀតបណ្តាលឱ្យស្ទះនៅកន្លែងដែលចង្អៀត ជាហេតុដែលអាចបង្កឱ្យស្ត្រីមានគ្រោះថ្នាក់ដល់ជីវិត។
៥-អាចបណ្តាលឱ្យធ្លាយស្បូន
៦-អាចបណ្តាលឱ្យរបួសមាត់ស្បូន
៧-ស្ត្រីដែលធ្វើការរំលូនកូនញឹកញាប់ អាចបណ្តាលឱ្យទារកកើតមិនគ្រប់ខែ ដែលអាចមានរហូតទៅដល់៣ភាគរយ
៨-កូនក្រៅស្បូន ៈ នៅពេលដែលធ្វើការរំលូតកូនអាច បណ្តាលឱ្យរលាកដៃស្បូន ហើយធ្វើឱ្យស្បូនមានបញ្ហាទៅថ្ងៃក្រោយដូចជាកូន
ក្រៅស្បូន។
៩-ស្ត្រីដែលធ្វើការរំលូតកូននេះអាចប្រឈមទៅនឹងការគ្មានកូនអស់មួយជីវិត ដោយសារសាច់ស្បូនដំបៅ ឬក៏ដៃស្បូនបិទជិតដោយមិនអាចមានទំនាក់ទំនងជាមួយនឹងេមជីវិតឈ្មោលបាន។
១០-អាចបណ្តាលឱ្យស្ត្រីកើតមានជំងឺមហារីកដោះទៅថ្ងៃក្រោយ ដោយសារតែបញ្ហា
ផ្សេងៗដែលបង្កឡើងដោយការរំលូតកូន។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា សព្វថ្ងៃនេះប្រទេសកម្ពុជាយើងបានបង្កើតច្បាប់មួយគឺជាច្បាប់រំលូតកូនដោយសុវត្ថិភាព ដើម្បីការពារអាត្រាមរណភាពរបស់មាតា ដូច្នេះប្រសិនបើស្ត្រីចង់ធ្វើការរំលូតកូនគឺត្រូវតែទៅជួបពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ជាមុនសិន មិនត្រូវទៅធ្វើការរំលូតកូនដោយលួចលាក់ ឬដោយចិត្តឯងនោះទេ ព្រោះវាអាចប្រឈមមុខនឹងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ ជាពិសេសគ្រោះថ្នាក់ដែលបានរៀបរាប់ខាងលើនេះ ៕
ចែករំលែកព័តមាននេះ