រាជធានីភ្នំពេញ ៖ មាតា បិតា អាណាព្យាបាលសិស្សនៅអនុវិទ្យាល័យហ៊ុន សែន ពោធិចិនតុង បានសម្តែងនូវការកើតទុក្ខមិនសុខចិត្តចំពោះលោកនាយករងសាលា ដែលដាក់វិន័យដ៏អមនុស្សធម៌ទៅលើកូនៗរបស់ពួកគាត់ ដោយឱ្យពួកគេប្រើមាត់ខាំរើសពាំសំរាមដូចសត្វធាតុ និងឈរនៅកណ្តាលថ្ងៃរយៈពេលជាង១ម៉ោងសម្រាប់ការដាក់ទណ្ឌកម្មនៃកំហុសរបស់ពួកគេ ។
សកម្មភាពដ៏អមនុស្សធម៌ខាងលើនេះបានកើតឡើងកាលពីវេលារសៀលថ្ងៃទី៤ មេសា ក្នុងទីធ្លាសាលាអនុវិទ្យាល័យខាងលើដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌដង្កោ ។ ក្រុមអាណាព្យាបាល មាតា បិតា សិស្សជាង៦០នាក់ក្នុងចំណោមរាប់រយនាក់បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ទីរអប់រំរាជធានីភ្នំពេញ និងក្រសួងអប់រំ មេត្តាជួយពិនិត្យមើលនាយក នាយករងនៅអនុវិទ្យាល័យនោះ និងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុតផង ។ មាតា បិតាសិស្សខាងលើបាននិយាយថា លោកនាយករងសាលាដែលប្រើវិន័យបែបក្រៅតម្រាលើកូនៗរបស់ពួកគាត់នោះ ឈ្មោះហេង ស៊ុនលី ។
ប្រភពព័ត៌មានឱ្យដឹងថា ដំបូងឡើយ សិស្សានុសិស្សនៅក្នុងអនុវិទ្យាល័យនោះបាននាំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗ ហើយខ្លះក៏មានការគប់ទឹកថង់ដាក់គ្នាផងដែរ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ដែលជិតឈានចូលមកដល់ ។ ខណៈនោះបានធ្វើឱ្យមានសំរាម ជាពិសេសថង់ប្លាស្ទិកដែលសិស្សលេងគប់ទឹកគ្នានោះ រាយប៉ាយពាសពេញទីធ្លាសាលា ធ្វើឱ្យលោកហេង ស៊ុនលី ខឹងសម្បាក៏ដាក់វិន័យដល់សិស្សដែលលេងគប់ទឹកនោះជាង៦០នាក់ឈរតម្រង់ជួរហាលក្តៅ ។ បន្ទាប់មកឱ្យពួកគេប្រើមាត់ឱនខាំរើសសំរាម ថង់ទឹក យកទៅបោះចោល ៕
ចែករំលែកព័តមាននេះ