ខេត្តកំពង់ចាម៖ តាមរយៈមេបាទាំងសងខាង បានប្រឹងប្រែងតាមអង្វរសមត្ថកិច្ចតាំងតែពី នៅមូលដ្ឋាន រហូតមកដល់ស្នងការដ្ឋាននគរបាលខេត្ត និងតាមទៅដល់សាលាដំបូងខេត្តទៀត ដើម្បីកុំឱ្យមានការឃុំខ្លួនយុវជនម្នាក់ឈ្មោះឆន សុខលី អាយុ២៧ឆ្នាំ រស់នៅភូមិទី១ឃុំរកាខ្នុរស្រុកក្រូចឆ្មារ ដែលបាននាំនារីជាសង្សារ អាយុ១៩ឆ្នាំ រួមមេត្រី នៅលើខឿនព្រះវិហារ ក្នុងទីអារាមមួយក្នុងភូមិកាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី ១៩ កញ្ញា ដោយក្តីសេ្នហាស្មោះស័្មគ្របំផុត។
ទីបំផុតត្រូវបានលោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងលោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមិនបានចេញដីកាឃុំខ្លួននោះទេ នៅល្ងាចថ្ងៃទី២១ កញ្ញា គឺអនុញ្ញាតឱ្យគូស្នេហ៍ទាំង២នាក់ បានជួបគ្នាកសាងអនាគតជាប្តីប្រពន្ធ ដោយស្របច្បាប់។ ការសម្រេចលើកលែងការប្រកាន់នេះអាស្រ័យដោយនាងជាសង្សារមានអាយុគ្រប់ការអាចសម្រេចវាសនារបស់ខ្លួនបាន ពោលគឺមិនមែនរឿងចាប់បង្ខំរំលោភឡើយ។
តាមការឱ្យដឹងពីលោកវរសេនីយ៍ត្រី ឡាយ ងួន អធិការនគរបាលស្រុកក្រូចឆ្មារប្រាប់កោះសន្តិភាពថា រហូតនៅវេលា ៤និង៣០នាទីរសៀលថ្ងៃ១៩ កញ្ញា កម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំរកាខ្នុរ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីស្រ្តីជាម្តាយរបស់នារីរងគ្រោះ ដោយចោទប្រកាន់ទៅលើឈ្មោះសុខលី ថា បានចាប់កូនស្រីរបស់គាត់រំលោភសេពសន្ថវៈ តែនាងជាសង្សារមិនទាមទារឱ្យចាប់ខ្លួនទេ គឺសុំឱ្យមានការទទួលខុសត្រូវ ដោយជួយនាងឱ្យបានរៀបការជាមួយប្រុសស្នេហ៍ជាប្តី-ប្រពន្ធស្របច្បាប់។
លោកអធិការនគរបាលស្រុកក្រូចឆ្មារ ប្រាប់បន្តថា លោកនាយប៉ុស្ត៍បានរាយការណ៍មកកាន់រូបលោក លុះមកដល់ម៉ោង៧ព្រឹកថ្ងៃទី២០ កញ្ញា ហៅជនសង្ស័យឈ្មោះសុខលីមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារព្រមទាំងបានឆ្លើយសារភាពថា រូបគេបានលួងលោមនាងឈ្មោះ «រ.ស.ណ» សុំថើបនិងរួមភេទដោយមានការព្រមព្រៀងគ្នារហូតដល់បានសម្រេចតាមបំណងនៅក្នុងវត្ត។
តាមនាងឈ្មោះ« រ.ស.ណ» អាយុ១៩ឆ្នាំ រស់នៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារបានបំភ្លឺប្រាប់ថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩កញ្ញា នាងបានឱ្យឈ្មោះធា ភេទប្រុស រស់នៅភូមិទី៥ ឃុំរកាខ្នុរឌុបនាងមកលេងនៅវត្តស្ថិតនៅចុងភូមិតាមការណាត់ជួបតាមទូរស័ព្ទរបស់សង្សារ ឈ្មោះសុខលី មានទីលំនៅភូមិទី១ ឃុំរកាខ្នុរ។ពេលដែលនាងទៅដល់ ឃើញប្រុសស្នេហ៍កំពុងតែអង្គុយហូបផ្លែមៀននៅក្បែរអណ្តូងទឹកនៅក្នុងវត្ត។ បន្ទាប់មកសង្សារបានហៅនាងឱ្យទៅណោះមួយភ្លែត ហើយនាងក៏ព្រមដើរទៅជាមួយ។ក្នុងពេលដែលកំពុងដើរក្នុងបរិវេណវត្ត នាងបានចុចទូរស័ព្ទហៅឈ្មោះធាឱ្យមកយកនាងត្រឡប់ទៅផ្ទះវិញ តែត្រូវបានឈ្មោះធាប្រាប់ថាមិនបានមកឌុបនោះទេព្រោះជាប់រវល់នៅលេងទឹកនៅក្រោយភូមិ។ ក្នុងពេលដែលដើរនិយាយសារសងគ្នាទៅវិញទៅមក ឈ្មោះសុខលីបាននាំនាងឡើងទៅលើព្រះវិហារកន្លែងស្ងាត់មិនមានមនុស្សទេហើយក៏បានរួមរ័កគ្នា។
នាងឈ្មោះ «រ.ស.ណ» បានរលឹកថា មានពេលមួយនៅក្រោយឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំ២០១១កន្លងទៅ ត្រូវមិត្តភក្តិបានណែនាំឱ្យស្គាល់ឈ្មោះសុខលី រស់នៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។ ក្រោយៗមកទៀតបានទាក់ទងគ្នាតាមទូរស័ព្ទផ្តោះផ្តងនូវពាក្យផ្អែមល្ហែមរហូតបានស្គាល់ចិត្តស្គាល់ថ្លើមគ្នាទៅវិញទៅមក និងបានក្លាយទៅជាគូសង្សារ នឹងគ្នាទៀតផង។
ជាញឹកញាប់ សុខលី តែងតែមកលេងនៅផ្ទះរបស់នាង និងមានពេលខ្លះបានទទួលទានអាហារជាមួយនឹងគ្នានិងធ្លាប់បានជិះម៉ូតូដើរលេងជាមួយគ្នាបានម្តង តែមិនដែលប្រព្រឹត្តខុសគន្លងប្រពៃណីទេ ទើបតែលើកដំបូងនេះ ដោយបានព្រមព្រៀងគ្នា។ ក្រោយពីបានយករឿងនេះទៅប្រាប់ដល់ម្តាយរបស់នាងឱ្យបានដឹងនោះ ក៏ត្រូវបានម្តាយនាងប្តឹងទៅសមត្ថកិច្ចចាប់ខ្លួនសង្សារបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ បន្ទាប់ពីប៉ូលិសចាប់ខ្លួននាងមិនអស់ចិត្តនោះទេបានធ្វើដំណើរចេញមកជាមួយម្តាយនាងនិងបងស្រីខាងប្រុស តាមអង្វរសូមឱ្យសមត្ថកិច្ចមេត្តាដោះលែងនៅក្រៅឃុំវិញ ព្រោះនាងមិនប្តឹងប្តល់ឱ្យចាប់អ្វីឡើយ និងសូមឱ្យពួកគេបានរៀបការយកគ្នាជាប្តីប្រពន្ធ។
ជនសង្ស័យដែលក្លាយជាអ្នកទោសស្នេហាឈ្មោះឆន សុខលី បាននិយាយថា ប្រសិនណាបើសាលាដំបូងខេត្តមិនបានឃុំខ្លួនរូបគេនោះ គឺខ្លួនសុខចិត្តយកនាងធ្វើជាប្រពន្ធដោយមិនមានចិត្តងាករេឡើយេ។
តាមស្រ្តីជាម្តាយរបស់នាងរងគ្រោះបានប្រាប់ឱ្យដឹងដែរថា តាមពិតឈ្មោះសុខលី បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទមកកូនស្រីរបស់គាត់តាំងតែពីក្រោយថ្ងៃចូលឆ្នាំខ្មែរម៉្លេះ ព្រមទាំងបានមកលេងផ្ទះរបស់គាត់ទៀតផង។ដោយឃើញទាំង២នាក់បានស្រឡាញ់គ្នាបែបនេះ គាត់ក៏ប្រាប់ថា «បើស្រលាញ់កូនស្រីគាត់ សូមឱ្យឪពុកម្តាយមកចូលស្តីដណ្តឹងតាមប្រពៃណីទៅ» ក្នុងពេលនោះឈ្មោះសុខ លី បានឆ្លើយតបថា គេចង់ចូលឆាប់ៗដែរ តែមិនទាន់មានលុយគ្រប់គ្រាន់នោះទេ។
ជាក់ស្តែងចំពោះរឿងដែលបានកើតឡើងនៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១១ គាត់ប្តឹងសមត្ថកិច្ចមូលដ្ឋានគ្រាន់តែឱ្យចាប់ឈ្មោះ សុខលី មិនឱ្យរត់ទៅណា ដើម្បីឱ្យបានរៀបការជាមួយនឹងកូនស្រីរបស់គាត់តែប៉ុណ្ណោះមិននឹកស្មានគេបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តនិងទៅសាលាដំបូងខេត្តបែបនេះសោះ។ ទោះជាបែបណាក្តីរូបគាត់ជាម្តាយបានអង្វរយ៉ាងទទូចសូមឱ្យសាលាដំបូងខេត្ត មេត្តាដោះលែងឈ្មោះសុខលីបាននៅក្រៅឃុំ គាត់នឹងរៀបការឱ្យកូនទាំង២នាក់ទៅតាមកាលវេលាសមគួរណាមួយ។
លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមានប្រសាសន៍តាមទូរស័ព្ទឱ្យដឹងដែរថា រឿងហេតុខាងលើដែលបានកើតឡើងនេះ រូបលោកបានដឹងតាំងតែពីដំបូងម៉្លេះ។ ក្នុងពេលដែលកម្លាំងនគរបាលបញ្ជូនជនសង្ស័យមកដល់តុលាការ រូបលោកបានពិនិត្យមើលឃើញមានឯកសារគ្រប់គ្រាន់។ ដោយឈ្មោះសុខលីនិងនាងរងគ្រោះបានចុះកិច្ចសន្យារៀបអាពាហ៍ពិពាហ៍ និងភាគីទាំងសងខាងបានព្រមព្រៀងគ្នាទៀតទើបរូបលោកមិនសម្រេចចាត់ការនោះទេ ដោយលើកលែងការចោទប្រកាន់ឱ្យវិលត្រឡប់ទៅផ្ទះវិញ។ រីឯពេលវេលាមង្គលការនោះ គឺអាស្រ័យមេបាទាំងសងខាងជាអ្នកកំណត់។
អ្នកភូមិនិយាយថា ការសម្រេចរបស់សាលាដំបូងខេត្តកំពង់ចាម ក្នុងរឿងនេះ ពិតជា«យុត្តិធម៌» ឥតខ្ចោះ។ ចំណែកគូស្នេហ៍ទាំងទ្វេ បានដឹកដៃគ្នាធ្វើដំណើរទៅស្រុកវិញ ដោយក្តីរីករាយក្រៃលែង៕
ចែករំលែកព័តមាននេះ